កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា ផ្អាក​កិច្ច​សហការ​ជាមួយ​ទ័ព អាមេរិក

Wednesday, 14 August 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

130814_01

លោក ណឹម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ នយោបាយ​ និងកិច្ច​ការ​បរទេស​របស់​ក្រសួង​ការពារ​ជាតិ​ ថ្លែងនៅ​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃ​ម្សិលមិញ​។ រូបថត ផា លីណា

ភ្នំពេញៈ ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​ដែល​ថា កិច្ច​សហការ​ផ្នែក​យោធា​មួយ​ចំនួន រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ផ្អាក ដោយ​សារ​តែ​ស្ថានការណ៍​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។

លោក ឧត្ដម សេនីយ៍ ណឹម សុវត្ថិ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​របស់​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​ឯ​ក្រសួង​នេះ​កាល​ពី​ម្សិលមិញ​ថា វា​ជា​រឿង​មិន​ពិត​ដែល​ថា កិច្ច​សហ​ប្រតិបត្តិការ​រវាង​យោធា​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ផ្អាក​ដោយ​សារ​តែ​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា​បន្ទាប់​ពី​ការ​បោះឆ្នោត​នោះ។ ប៉ុន្តែ​លោក ណឹម សុវត្ថិ បាន​គូស​បញ្ជាក់​ថា​៖ «យើង​បាន​ពន្យារ​ពេល​កម្មវិធី​មួយ​ចំនួន​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​គ្រាន់​តែ​ផ្អាក​ប៉ុណ្ណោះ​មិន​មែន​លុប​ចោល​ទេ​ព្រោះ​លទ្ធភាព និង​ធនធាន​របស់​យើង​នៅ​មាន​កម្រិត ដូច្នេះ​យើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ដើម្បី​រៀបចំ​ខ្លួន សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ»។

លោក​បន្ត​ថា វា​ជា​ធម្មតា​ទេ ដែល​ភាគី​ណា​មួយ អាច​ស្នើ​សុំ​ពន្យារ​ពេល​កម្មវិធី​សហ​ប្រតិបត្តិការ​យោធា ដោយ​វា​អាស្រ័យ​លើ​កិច្ច​ពិភាក្សា និង​ការ​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក។

លោក សុវត្ថិ បាន​លើក​ឡើង​ថា៖ « ជំនួយ​ឧបករណ៍​យោធា​ជាច្រើន​ប្រភេទ មក​ពី​អាមេរិក បាន​មក​ដល់​យឺត ហើយ​សន្និសីទ គ្រោង​ទុក​ជា​លើក​ដំបូង ស្ដីពី​សន្តិសុខ​ដែន​សមុទ្រ​មិន​ទាន់​ត្រៀម​រៀបចំ​ទីតាំង និង​ក្រុម​ជំនាញ​ធនធាន​មនុស្ស​នៅ​ទីនោះ​នៅ​ឡើយ​ទេ ដូច្នេះ​យើង​ត្រូវ​ការ​ពេល​វេលា​សមរម្យ​ដែល​មិន​ប៉ះពាល់​ដល់​កម្មវិធី សហ​ប្រតិបត្តិ​ការ​យោធា ដែល​មាន​ស្រាប់​រួច​ហើយ»។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​អាមេរិក កម្ពុជា នៅ​មាន​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ទ្វេ​ភាគី ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដូចជា អូស្ត្រាលី ចិន វៀតណាម ថៃ ម៉ាឡេស៊ី និង​ប្រទេស​ជា​ដៃ​គូ​អន្តរជាតិ​ជាច្រើន​ទៀត​ដែល​កំពុង​មាន​ដំណើរការ​យ៉ាង​សកម្ម ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព​របស់​កម្ពុជា​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ។

ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​អាមេរិក បាន​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា កម្ពុជា​បាន​ផ្អាក​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​អន្តរជាតិ ជាមួយ​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត ក្រោយ​ពី​មាន​បញ្ហា​ការ​បោះឆ្នោត នៅ​ក្នុង​ប្រទេស​នេះ​។ ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ចន្ទ​ថា កម្ពុជា​បាន​ផ្អាក​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​អន្តរជាតិ ជាមួយ​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត​ក្រោយ​ពី​មាន​ជម្លោះ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ពេល​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ស្រី Marie Harf បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ដោយ​គ្រាន់​តែ​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ពន្យារ​ពេល ឬ​ក៏​លុប​ចោល​កម្មវិធី​មួយ​ចំនួន។ ប៉ុន្តែ​លោក​ស្រី មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ទេ​។

លោក​ស្រី​បន្ត​ថា គេ​អាច​មាន​វិធានការ​ទប់​ស្កាត់​ជា​មុន បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់ បន្ថយ​ជំនួយ​ផ្ទាល់​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើ​សិន​ការ​បោះឆ្នោត​មិន​សេរី និង​យុត្តិធម៌។ ប៉ុន្តែ​លោក​ស្រី Harf ថ្លែង​ថា អាមេរិក មិន​បាន​ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​ផ្អាក​ទំនាក់​ទំនង​យោធា​ទាំង​ស្រុង​នោះ​ទេ។ «យើង​មិន​បាន​បង្ហាញ​ថា នោះ​ជា​អ្វី​មួយ​ដែល​យើង​ចង់​បាន​នោះ​ទេ។ យើង​កំពុង​តែ​បន្ត​ចាំ​មើល​ដំណើរការ​នេះ ខណៈ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តើ​នៅ​ពេល​នេះ​វា​មក​ពី​កន្លែង​ណា?»។

លោក សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ថ្លែង​ថា វា​ជា​រឿង​ចម្លែក ប្រសិន​បើ​កម្ពុជា បាន​ផ្អាក​កម្មវិធី​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក ខណៈ​កម្ពុជា​កំពុង​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ជំនួយ​បរទេស​។

លោក សុខ ទូច បាន​បញ្ជាក់​ថា៖ «ជា​ធម្មតា នៅ​ពេល​មាន​ការ​ផ្អាក​កម្មវិធី​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក វា​ជា​បញ្ហា​មួយ ហើយ​វា​ពិបាក ចំពោះ​ខ្ញុំ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា បើ​សិន​កម្ពុជា​ពិត​ជា​ផ្អាក​ពិត​មែន វា​គឺ​ជា​រឿង​បញ្ហា​ទំនាក់​ទំនង​នយោបាយ»៕ PN

 

What Next?

Recent Articles