អង្គការ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​ផ្ទុះ​វិវាទ​ដីធ្លី

Thursday, 15 August 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

130815_08

ពលរដ្ឋ​មក​ពីខេត្ត កោះកុង ឡើង​មក​តវ៉ា​​រកដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដល់​​ក្រសួង​នៅ​ភ្នំពេញ​។ រូបថត ​ហេង ជីវ័ន

ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​សិទ្ធិ ដីធ្លី នៅ​ក្រោយ​ការ​បោះឆ្នោត និង​បាន​ដាក់​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​ថ្មី​នឹង​អនុវត្ត​តាម​ការ​សន្យា​នូវ​ការ​ដោះស្រាយ រាល់​ទំនាស់​ទាំង​នោះ​ឬ​យ៉ាង​ណា?

បើ​តាម​ការ​កត់​ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​គ្រាន់​តែ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ ២៨ ខែ កក្កដា ភ្លាម មាន​ករណី​ចំនួន ៤ ផ្សេង​គ្នា​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រំលោភ​យក​ដីធ្លី​ពី​អ្នក​មាន​អំណាច បុណ្យ​ស័ក្តិ និង​មាន​លុយ ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង និង​បំផ្លាញ​ដំណាំ និង​បោះ​បង់​ចម្ការ​ពួក​គេ។

ជាក់ស្តែង​អង្គការ​នេះ​បាន​បង្ហាញ​ក្នុង សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី១៤ ខែ សីហា ថា នៅ​ខេត្ត ឧត្តរ​មាន​ជ័យ មាន​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដំណាំ​ដំឡូង​មី​កសិករ​ពី​មន្ត្រី យោធា​ខេត្ត ដោយ​អះអាង​ថា ជា​ដី​សម្រាប់ «មូលដ្ឋាន​យោធា»។ ចំពោះ​ខេត្ត កោះកុង អាជ្ញាធរ​គ្រោង​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​មិន​ហួស​ពី​ថ្ងៃ​ទី២០ ខែ សីហា បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ យូញៀន ឌីវេឡុបមិន អភិវឌ្ឍន៍។

រីឯ​ខេត្ត ព្រះវិហារ ប្រជា​ពលរដ្ឋ ៤០ គ្រួសារ​បាន​រង​ការ​គំរាម​ថា​ឲ្យ​ចេញ​ពី​ភូមិ និង​ដក​ហូត​កម្មសិទ្ធិ​ពី​ពួក​គាត់​ដែល​ជា «ទណ្ឌកម្ម» ចំពោះ​ការ​បោះឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​របស់​ពួក​គាត់។

ចំណែក​នៅ​រាជធានី​ភ្នំពេញ កាល​នៅ​ដើម​ខែ សីហា នេះ​សន្តិសុខ​ក្រុមហ៊ុន ឃុន សៀ អ៊ិមផត អិចផត បាន​វាយ​កម្ទេច​សម្ភារ​លក់​បាយ​របស់​ស្ត្រី​ម្នាក់ ដោយ​សារ​តែ​គាត់​បដិសេធ​មិន​ទទួល​យក​សំណង ១៥ ០០០ ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន ដើម្បី​ឲ្យ​គ្រួសារ​គាត់​ចាក​ចេញ​ពី​ផ្ទះ​និង ដី នៅ​ក្នុង​សង្កាត់ បឹងកក់ ១ ក្នុង​ខណ្ឌ ទួលគោក។

ការ​ព្រួយ​បារម្ភ ខាង​លើ​នេះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អំពាវនាវ​រដ្ឋាភិបាល​បច្ចុប្បន្ន​ឲ្យ «ចាត់​វិធានការ ឲ្យ​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​អំពើ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រក្សា​សន្តិភាព និង​ប្រកាន់​ខ្ជាប់​នូវ​សន្យា​ទាំង​ឡាយ​មុន​ពេល​បោះឆ្នោត ថា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​ដីធ្លី»។

លោក លី ស្រ៊ាខេង អាយុ ៦៨ ឆ្នាំ ជា​ប្តី​ស្ត្រី​លក់​បាយ​ត្រូវ​ក្រុមហ៊ុន​ឯកជន ប្រើ​កម្មករ​វាយ​កម្ទេច​របស់​របរ ចាន​ឆ្នាំង​លក់​បាយ​គាត់ កាល​ពី​ដើម​ខែ​នេះ​នៅ​ភ្នំពេញ​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក​រស់​នៅ​ទី​នេះ​តាំង​ពី​ឆ្នាំ ១៩៨២ និង​មាន​លិខិត​ស្នាម បង្កាន់​ដៃ លិខិត​អនុញ្ញាត​សាង​សង់​ចេញ​ដោយ​អាជ្ញាធរ តែ​ត្រូវ​បាន​ក្រុមហ៊ុន ដែល​អះអាង​ថា​ទទួល​បាន​ដី​សាលា​សង្កាត់ ពី​រដ្ឋាភិបាល​នៅ​ជាប់​ដី​គាត់ គេ​ចង់​រំលោភ​យក​ថែម​។ លោក​ថា ក្នុង​ជម្លោះ​ដីធ្លី​នេះ គាត់​និង​កូន​ប្រុស ក៏​ត្រូវ​គេ​វាយ​ធ្វើ​បាប រហូត​ដល់​របួស​ក្បាល​ទៀត​ផង​ដែរ។

លោក​និយាយ​ថា៖ «ខ្ញុំ​មាន ស.ជ.ណ ពី​គណៈ​រដ្ឋ​មន្ត្រី តាម​ពិត​ដី​ខ្ញុំ​មិន​មាន​ក្នុង​ប្លង់​របស់​គេ​ទេ។ ដី​យើង​នេះ​ស្ថិត​ក្នុង​តំបន់​វិនិច្ឆយ ដែល​នឹង​ទទួល​ប្លង់​ពេល​ក្រោយ​។ យើង​មិន​ត្រូវ​ការ​លុយ​ទេ ខ្ញុំ​ត្រូវ​ការ​រស់​នៅ​ទី​នេះ​បន្ត»។

លោក វណ្ណ សូផាត អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដី​ធ្លី​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ មនុស្ស​កម្ពុជា​ថ្លែង​ថា អង្គការ​នេះ​នឹង​ផ្តើម​រាប់​ជា​ថ្មី​ក្រោយ​បោះឆ្នោត​នូវ​ជម្លោះ​ដីធ្លី ដែល​មាន​រ៉ាំរ៉ៃ និង​បន្ត​ដោះស្រាយ​ថា​តើ​បក្ស​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល​ថ្មី​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី នេះ​ប៉ុនណា។ លោក​បាន​បន្ត​ថា៖ «គ្រាន់​តែ​បោះឆ្នោត​ហើយ​ភ្លាម មាន​រឿង​កើត​បន្ត​បន្ទាប់ នេះ​ហាក់​ដូច​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់ មិន​ដូច​អ្វី​ដែល​សន្យា​ពេល​បោះឆ្នោត​។ យើង​បារម្ភ ក្រោយ​រដ្ឋាភិបាល​ថ្មី​បង្កើត អាច​មាន​វិវាទ​ដីធ្លី​ជា​បន្ត​បន្ទាប់​ទៀត តែ​ពួកគេ​ត្រូវ​ជំរុញ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នេះ ជា​រឿង «អត់​ប្រយោជន៍​ទេ គ្រាន់​តែ​បង្កើត​រឿង​ធ្វើ​ឲ្យ​គេ​វង្វេង​គ្រប់​គ្នា» តែ​ពួក​គេ​គួរ​ផ្តល់​យោបល់​វិញ​សម្រាប់​ធ្វើ​ការ​ដោះស្រាយ​ដើម្បី​ជា​ប្រយោជន៍ ពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ច្បាប់​មាន​ស្រាប់​យើង​ត្រូវ​តែ​អនុវត្ត​បន្ត អ្នក​ណា​រំលោភ​គេ​គឺ​មាន​តុលាការ​(កាត់​ក្តី) ។ ការ​ដោះស្រាយ​ដីធ្លី​គឺ​យើង​ដោះស្រាយ​តាម​ផល​ប្រយោជន៍​មហាជន ទោះ​ឥឡូវ​នេះ​រដ្ឋាភិបាល​មិន​ទាន់​ធ្វើ​អ្វី​ជា​គោលការណ៍​ធំ​ដុំ តែ​គោលការណ៍​ចាស់​នៅ​តែ​បន្ត​។ អ្នក​ណា​មាន​អារម្មណ៍​ថា​ខ្លួន ជា​ជន​រងគ្រោះ សូម​អញ្ជើញ​ទៅ​តុលាការ»៕

 

What Next?

Recent Articles