Friday, 16 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈក្រោយពីបរាជ័យស្នេហ៍ដំបូងក្រោមដំបូលអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៩ជាមួយកូនកំលោះអាណិកជនអូស្រ្តាលីតារាសម្តែងដែលទើបក្រសោបបាននាទីជាពិធីការិនីនៅទូរទស្សន៍បាយ័នអ្នកនាង កែវ ពេជ្រពិសីបានប្រតិកម្មយ៉ាងខ្លាំងទៅនឹងសារព័ត៌មានមួយដែលបានលើកឡើងថា នាងបានទទួលស្គាល់មានស្នេហ៍ថ្មីជាមួយមន្រ្តីយោធាជាយដែន។
មិនមែនទើបតែចុងក្រោយថ្មីៗនេះទេ ដែលលេចឮពីចំណងស្នេហាថ្មីរបស់អ្នកមេម៉ាយក្តៅស្រួយចាយសម្រស់នាង កែវ ពេជ្រពិសីជាមួយបុរសមានអំណាចម្នាក់ដែលមានតួនាទីធំនៅក្នុងជួរកងទ័ពឈរជើងនៅព្រំដែនព្រះវិហារនោះពោលគឺតាំងពីទៅថតរឿងពន្លកស្នេហ៍ជាយដែនកាលពីចុងឆ្នាំ២០១១ម្ល៉េះ។ តែព័ត៌មាននោះក៏ស្ងប់រលត់ទៅវិញក្រោយពេលពិសីចេញមុខបដិសេធភ្លាមៗ។ អ្នកមេម៉ាយចាយសម្រស់រូបនេះបានជំពប់នឹងរឿងដដែលនេះម្តងទៀតកាលពីដើមឆ្នាំ២០១៣ក្រោយពីនាងវិលត្រឡប់ទៅថតនៅតំបន់នោះសាជាថ្មីជាមួយក្រុមការងារទូរទស្សន៍បាយ័នដែលពេលនោះ នាងត្រូវឈប់សម្រាកជាច្រើនសប្តាហ៍នៅទីនោះដើម្បីថតរឿងភាគថ្មី។
ជាមួយនឹងវត្តមាននៃបេសកកម្មនៅតំបន់ជាយដែនលើកទី២របស់អ្នកមេម៉ាយចាយសម្រស់រូបនេះ ត្រូវបានក្រុមការងារដែលរួមដំណើរលួចខ្សឹបប្រាប់សារព័ត៌មានថា គ្រាដែលពិសី ទៅថតនៅតំបន់ព្រះវិហារលើកទី២នោះ មហាជនបានឃើញនាងបណ្តើរមន្ត្រីយោធាម្នាក់ដែលគេល្បីថាជាគូស្នេហ៍នោះចូលទៅក្នុងទឹកដីថៃនិងមានភាពស្និទ្ធស្នាលដូចគូស្នេហ៍។
ប៉ុន្តែយ៉ាងណារាល់ការលើកឡើងជាសំណួរពីការជួបស្នេហ៍ថ្មីជាមន្ត្រីយោធាក្រោយបរាជ័យស្នេហាក្រោមដំបូលអាពាហ៍ពិពាហ៍ជាមួយបុរសអាណិកជនរបស់ កែវ ពេជ្រពិសី មិនត្រូវនាងលាតត្រដាង និងមិនដូចប្រភពទាំងនោះបាននិយាយប្រាប់នោះឡើយ ដោយនាងបានបញ្ជាក់យ៉ាងច្បាស់ថា ស្នេហាមិនសំខាន់ទេនិងមិនដែលគិតដល់ដែរ។
ប៉ុន្តែដោយឡែកថ្មីៗនេះមានព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា អ្នកមេម៉ាយចាយសម្រស់នាងកែវ ពេជ្រពិសីបានទទួលស្គាល់ថា នាងពិតជាមានចំណងស្នេហ៍ជាមួយមន្រ្តីយោធានៅព្រំដែននោះមែន ដែលបណ្តាញសារព័ត៌មាននោះ ថែមទាំងអះអាងទៀតថា នាងបានសារភាពពីចំណងស្នេហ៍ដែលព្យាយាមលាក់បាំងជិតមួយឆ្នាំនោះ គ្រាដែលជួបនាងកែវ ពេជ្រពិសីក្នុងជំនួបចៃដន្យក្នុងស្ទូឌីយូបាយ័ននៅស្ទឹងមានជ័យ។
ក្នុងការរៀបរាប់នោះ គេបានបញ្ជាក់ទៀតថា តារាសម្តែងកែវពេជ្រពិសីព្រមទទួលស្គាល់ចំណងស្នេហ៍ដែលលេចធ្លាយនោះថាជាការពិតប៉ុន្តែនាងបានប្រាប់ថា ពន្លកស្នេហ៍ថ្មីនោះ នៅត្រឹមជាដំណាក់កាលសម្លឹងមើលគ្នាទៅវិញទៅមកទេ នៅមិនទាន់ឈានដល់ការយល់ចិត្តយល់ថ្លើមគ្នា ឆ្ពោះទៅរកត្រើយអាពាហ៍ពិពាហ៍នៅឡើយទេ។ នាងក៏បានឲ្យដឹងទៀតថា នៅពេលនេះ នៅមិនទាន់មានសញ្ញាវិជ្ជមានមួយបង្ហាញថា ដើមស្នេហ៍មួយនេះអាចនឹងដុះមែកធាងរីកលូតលាស់ នាពេលអនាគតដ៏ខ្លីឡើយ។
តាមព័ត៌មានចេញផ្សាយមុននោះបានសរសេរថា កែវ ពេជ្រពិសីបានប្រាប់ថា៖«បើខ្ញុំថាអត់តើមានអ្នកណាគេជឿខ្ញុំទេ?(សើច)រឿងស្នេហានោះមានចេះតែមានហើយបង។ ប៉ុន្តែពួកខ្ញុំនៅសម្លឹងមើលគ្នាឲ្យច្បាស់សិនព្រោះកន្លងមកធ្លាប់មានរបួសបេះដូងម្តងហើយតាមពិតទៅខ្ញុំមិនចង់លាក់បាំងទស្សនិកជនទេតែបើវាមិនទាន់ច្បាស់លាស់ផងឲ្យខ្ញុំប្រាប់យ៉ាងម៉េចទៅ?ខ្ញុំពិតជាមិនចង់ឲ្យមានព័ត៌មានដែលមិនទាន់ពិតកើតឡើងទេទើបចេះតែបដិសេធទៅព្រោះយើងមិនអាចដឹងរឿងកើតឡើងពេលខាងមុខបានឡើយតែបើក្លាយជាប្តីប្រពន្ធស្របច្បាប់ទោះមានរឿងអីក៏វាធម្មតាដែរ»។
ការទម្លាយចេញរបស់ពិសីនៅពេលនោះ ច្បាស់ណាស់ថាស្នេហារបស់នាងកំពុងលេចចេញសញ្ញាល្អគ្រាន់តែនាងមិនហ៊ានបញ្ជាក់ឲ្យច្បាស់ព្រោះមិនទាន់ចូលរោងការនៅឡើយប៉ុន្តែទស្សនិកជនអាចទស្សន៍ទាយថាកែវពេជ្រពិសីកំពុងមានសង្ឃឹមចំពោះស្នេហ៍ថ្មីនេះទើបនាងញញឹមបិទមាត់មិនជិតនិងមានអារម្មណ៍ល្អឡើងវិញក្រោយពីទទួលរងបរាជ័យស្នេហាដំបូងកាលពីអំឡុងឆ្នាំ២០០៩កន្លងទៅនេះ។ ជាមួយសារព័ត៌មាននោះ ពិសីប្រាប់ថា៖«ខ្ញុំមិនធានាថាបុរសនោះអាចជាស្វាមីខ្ញុំឬក៏អត់នោះទេឯរឿងប្រាប់អត្តសញ្ញាណបុរសរូបនោះក៏ខ្ញុំមិនអាចប្រាប់បានដែរដរាបណាពួកយើងមិនទាន់ចូលក្រាបសំពះផ្ទឹមជាមួយគ្នាទេនោះ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថាពួកយើងកំពុងមានទំនាក់ទំនងល្អជាមួយគ្នាឯរឿងរៀបការពេលណាពេលហ្នឹងទៅបើជាគូវាមិនបែកដូចមុនទេ»។
ក្នុងព័ត៌មាននោះ ក៏បានបញ្ជាក់ដែរថា៖«នៅពេលត្រូវសួរថាតើបុរសនោះនៅលីវឬធ្លាប់មានគ្រួសារហើយ? តើពិសីស្គាល់បុរសនោះយូរប៉ុនណាដែរ? តារាសម្តែងសម្រស់មិនចាញ់ក្រមុំរូបនេះប្រាប់ដោយផ្ទុះសំណើចថាគាត់នៅលីវទេ(សើច)ឯរឿងផ្សេងទៀតខ្ញុំសុំមិននិយាយឡើយ»។ នាងបញ្ជាក់ប្រាប់សារព័ត៌មាននោះថា៖«ខ្ញុំស្គាល់គ្នាជាង១ឆ្នាំមកហើយគ្រាន់តែគ្មានពេលជួបគ្នាប៉ុណ្ណោះហើយក៏មិនដឹងថាពួកយើងអាចបន្តទៅរកជីវិតអាពាហ៍ពិពាហ៍បានឬអត់ទេដូចខ្ញុំប្រាប់បងពីខាងដើមអ៊ីចឹងថាពួកយើងនៅសម្លឹងមើលគ្នានៅឡើយគឺមិនទាន់ប្រាកដ១០០ភាគរយនោះទេ»។
ប៉ុន្តែនៅពេល ភ្នំពេញ ប៉ុស្តិ៍ ចោទសួរអំពីរឿងនេះ បែរជាអ្នកមេម៉ាយចាយសម្រស់អតីតម្ចាស់ពានអាណាចក្រតារាផ្នែកញញឹមស្រស់ឆ្នាំ២០១២ នាងកែវ ពេជ្រពិសី បានបដិសេធយ៉ាងដាច់អហង្ការ។ តារារូបនេះបានឆ្លើយយ៉ាងខ្លាំងៗថា នាងមិនដែលទៅបាននិយាយប្រាប់ព័ត៌មានណា និងមិនដែលទទួលស្គាល់ថានាងមានស្នេហាជាមួយអ្នកណា មន្រ្តីយោធាណាឡើយ ហើយក៏មិនដែលមានទំនាក់ទំនងជាមួយមន្រ្តីមានប្រាក់មានអំណាចណាដែរ ។ មួយថ្ងៃៗនាងគិតតែពីរឿងការងារហត់បែកញើសគឃៀរ ញាំបាយឲ្យពេញមាត់មិនមានផងតើមានពេលណាទៅដើរមានស្នេហានោះ?
នាងបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖«ខ្ញុំមិនដែលគិតរឿងស្នេហាទេបង ដូចដែលបងដឹងស្រាប់ហើយរឿងស្នេហានោះធ្វើឲ្យខ្ញុំឈឺចាប់ប៉ុន្មានខ្ញុំខ្មាស់គេប៉ុនណា? ខ្ញុំមិនដែលចង់គិតរឿងនេះទៀតទេ បើគិតក៏ច្រើនឆ្នាំដែរទើបគិតម្តងទៀត»៕
