ថ្ងៃ ចន្ទ 19 សីហា 2013
RFI
អង្គការសុខភាពពិភពលោកបានថ្លែងបារម្ភ អំពីការផ្ទុះឆ្លងរាលដាលជំងឺផ្តាសាយបក្សី នៅកម្ពុជា ក្នុងពេលខាងមុខ។ ការព្រមានរបស់អង្គការសុខភាពពិភពលោកបានកើតឡើងភា្លម ក្រោយពីមានករណីស្លាប់ នៃកុមារាម្នាក់មកពីខេត្តបាត់ដំបង។ កុមារាអាយុ៩ឆ្នាំ មកពីខេត្តបាត់ដំបងបានស្លាប់ ដោយមេរោគផ្តាសាយបក្សី H5N1 កាលពីយប់ថ្ងៃអាទិត្យ។

ការចិញ្ចឹមទាមួយកន្លែង នៅជាយរាជធានីភ្នំពេញ។ @ Soung Sokpheary
អង្គការសុខភាពពិភពលោក WHO បានថ្លែងជាលើកដំបូងនៅក្នុងឆ្នាំនេះថា មេរោគផ្តាសាយបក្សី H5N1 អាចនឹងឆ្លងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។ អង្គការសុខភាពពិភពលោកបានថ្លែងយ៉ាងនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅចន្ទនេះ ដែលផ្សាយអំពីករណីកុមារាម្នាក់ ស្លាប់ដោយសារមេរោគផ្តាសាយបក្សី។ កុមារាអាយុ៩ឆ្នាំ មកពីខេត្តបាត់ដំបង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សីកាលពីយប់ថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យកុមារមួយ នៅក្នុងខេត្តសៀមរាប។
ករណីកុមារាចុងក្រោយនេះ បានធ្វើអោយតួលេខនៃអ្នកស្លាប់ដោយសារជំងឺផ្តាសាយបក្សីឡើងដល់១០ករណីហើយ ក្នុងចំណោមមនុស្ស១៧នាក់ ដែលបានឆ្លងមេរោគផ្តាសាយបក្សីនៅក្នុងឆ្នាំ២០១៣នេះ។
លោក Sonny Krishnan អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានរៀបរាប់អោយដឹងថា កុមារារងគ្រោះបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីគេចាប់កាន់មាន់ទាដែលឈឺ និងងាប់ចេញពីក្នុងទ្រុងទៅអោយបងស្រីរបស់គេរៀបចំធ្វើម្ហូប។ អ្នកនាំពាក្យដដែលបានបន្តថា អង្គការសុខភាពពិភពលោកមានការព្រួយបារម្ភជាខ្លាំង ខណៈដែលមេរោគ H5N1 នៅតែបន្តរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ហើយហេតុផលនៃការរីករាលដាលនេះ អាចបណ្ដាលមកពី ការដឹកជញ្ជូនបក្សីតាមម៉ូតូដោយគ្មានបច្ចេកទេស និង គ្មានការគ្រប់គ្រងត្រឹមត្រូវ ពីភូមិមួយទៅភូមិមួយទៀត។
គួរបញ្ជាក់អោយដឹងផងដែរថា ជំងឺផ្ដាសាយបក្សីនេះបានសម្លាប់មនុស្ស ៣៧៨នាក់ទូទាំងពិភពលោក ចាប់តាំងពីជំងឺបានផ្ទុះឡើង នៅក្នុងឆ្នាំ២០០៣។ ហើយរលកនៃការផ្ទុះឡើងវិញនៃជំងឺផ្តាសាយបក្សី H5N1 នៅពេលនេះ បានកើតឡើងទន្ទឹមគ្នា នឹងការលេចឡើងនូវមេរោគផ្តាសាយបក្សីទំរង់ថ្មី H7N9 ដែលបានសម្លាប់មនុស្ស៤៥នាក់ហើយ នៅក្នុងប្រទេសចិន។ ក្រុមអ្នកជំនាញកំពុងសម្តែងការព្រួយបារម្ភអំពីការឆ្លងរាលនៃមេរោគទាំងនេះ រវាងមនុស្ស និងមនុស្ស៕



