កម្មករជាច្រើនពាន់នាក់ នៅតែបន្តធ្វើកូដកម្មរយៈពេលជាងដប់ថ្ងៃមកហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយសមស្របណាមួយសម្រាប់កម្មករឡើយ។ រហូតដល់ថ្ងៃទី២០ សីហា នេះ កម្មកររោងចក្រ អែស.អិល (SL) ប្រមាណជិត ៥ពាន់នាក់ បានសម្រេចចិត្តបិទផ្លូវនៅមុខរោងចក្រតែម្តង។
ដោយ សូត សុខប្រាថ្នា
2013-08-20
RFA

កម្មកររោងចក្រ អែស.អិល (SL) ធ្វើកូដកម្មបិទផ្លូវ៣៧១ នៅមុខរោងចក្រ ទាមទារដំណោះស្រាយលក្ខខណ្ឌការងារ នាភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣។ Photo: RFA
តំណាងកម្មកររោងចក្របានបញ្ជាក់ថា ការសម្រេចបិទផ្លូវក៏ដោយសារតែភាគីរោងចក្រនៅតែមិនមានដំណោះស្រាយសមស្របជូនកម្មករ ហើយប្រសិនបើភាគីរោងចក្រនៅតែមិនមានដំណោះស្រាយទៀតនោះ ពួកគាត់នៅតែបន្តការបិទផ្លូវតទៅទៀត។
កម្មកររោងចក្រ អែស.អិល ប្រមាណជិត ៥ពាន់នាក់ នៅថ្ងៃទី២០ សីហា នេះ នៅតែបន្តធ្វើកូដកម្មនៅមុខរោងចក្របន្តទៀត។ ការធ្វើកូដកម្មពេលនេះ គឺឈានទៅដល់ការបិទផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ដែលស្ថិតនៅមុខរោងចក្រតែម្តង។ មូលហេតុដែលធ្វើកម្មករទាំងអស់សម្រេចចិត្តក្នុងការបិទផ្លូវមិនឱ្យមានការធ្វើចរាចរណ៍នោះ គឺដោយសារតែភាគីខាងរោងចក្រមិនបានដោះស្រាយនូវអ្វីដែលភាគីខាងកម្មករបានស្នើសុំនោះឡើយ។
តំណាងកម្មកររោងចក្រ អែស.អិល អ្នកស្រី ប៉ាវ ផាន់ណា បានឱ្យដឹងថា ក្នុងការតវ៉ាពេលនេះ គឺដើម្បីជាប្រយោជន៍របស់កម្មករទាំងអស់គ្នា។ អ្នកស្រីបន្តថា ក្នុងការធ្វើកូដកម្មនេះ គឺមាន ៩ចំណុច ដែលភាគីខាងកម្មករបានជូនឱ្យភាគីរោងចក្រធ្វើការដោះស្រាយ ប៉ុន្តែនៅក្នុងចំណុចទាំងអស់ គឺមាន ៣ចំណុច ដែលតម្រូវឱ្យភាគីខាងរោងចក្រត្រូវតែដោះស្រាយជាបន្ទាន់ រួមមាន ការស្នើឱ្យរោងចក្រដក លោក មាស សុថា ដែលជាទីប្រឹក្សារោងចក្រចេញ ទីពីរ តម្រូវឱ្យរោងចក្របន្ថែមលុយបាយមួយថ្ងៃ ៣ដុល្លារ ជាថ្នូរនឹងការឱ្យពួកគាត់ហូបបាយនៅក្នុងរោងចក្រ និងចុងក្រោយ គឺឱ្យរោងចក្រដំឡើងប្រាក់ខែគោល ១៥០ដុល្លារ។
អ្នកស្រីបន្តថា រយៈពេលជាង ១០ថ្ងៃមកហើយ នៅតែមិនមានភាគីខាងរោងចក្រ ឬអាជ្ញាធរចេញមុខដោះស្រាយសមស្របជូនកម្មករនោះឡើយ។ អ្នកស្រីបន្ថែមទៀតថា ប្រសិនបើនៅតែមិនមានដំណោះស្រាយទៀត ពួកកម្មករនៅតែបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ។
ដូចគ្នានេះដែរ មន្ត្រីច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ប្រចាំរោងចក្រ អែល.អិល លោក ប៊ុត ប៊ុនឈាន បានបញ្ជាក់ដែរថា គោលបំណងសំខាន់របស់កម្មករពេលនេះ គឺដើម្បីឱ្យរោងចក្រអនុវត្តគោលការណ៍នៃច្បាប់ការងារដូចពីមុន។ លោកបន្ថែមទៀតថា កត្តាដែលជំរុញឱ្យកម្មករធ្វើការតវ៉ារហូតដល់មានការបិទផ្លូវពេលនេះ ដោយសារតែកម្មករព្យាយាមដាក់សំណើជាច្រើនលើកមកហើយ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។
លោកបន្តទៀតថា ដំណោះស្រាយនៅពេលនេះ ខាងភាគីកម្មករទើបតែទទួលដំណឹងនៃការអញ្ជើញរបស់ក្រសួងការងារ ឱ្យទៅធ្វើការចរចានៅថ្ងៃស្អែក។
សកម្មភាពតវ៉ារបស់កម្មករនៅរោងចក្រ អែស.អិល ចាប់ផ្ដើមតាំងពីថ្ងៃទី៨ សីហា រហូតឈានទៅដល់ការបិទផ្លូវទាំងស្រុងនៅថ្ងៃទី២០ សីហា ដែលកើតឡើងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រកាត់ដេរហ្វឺសហ្គាវ័នធ្វើកូដកម្មទាមទារកែលំអលក្ខខណ្ឌការងារ
- កម្មកររោងចក្រអ៊ីអិនតវ៉ាឲ្យរោងចក្រគោរពលក្ខខណ្ឌការងារនិងច្បាប់
- ពលរដ្ឋជាង៤ពាន់នាក់នៅកំពង់ឆ្នាំងទិញពាក្យប្រឡងសមត្ថភាពទៅធ្វើការនៅកូរ៉េ
- កម្មកររោងចក្រមួយចំនួនសុំច្បាប់សម្រាកដោយខ្លាចមានមហាបាតុកម្ម
- កម្មករកាត់ដេរសិប្បកម្មកំចាយមារកូដកម្មទាមទារលក្ខខណ្ឌការងារល្អ
- ម្ដាយពលការិនីម្នាក់ស្វែងរកអន្តរាគមន៍ជួយរកកូនស្រីធ្វើការនៅម៉ាឡេស៊ី
- ក្រសួងព្រមានអ្នកបំផុសបំផុលព័ត៌មានធ្វើឲ្យវឹកវរក្នុងសង្គម
- កម្មករហាងម៉ាស្សានៅសៀមរាបជាង១០០នាក់តវ៉ាប្រឆាំងនឹងថៅកែកូរ៉េ
- កម្មកររោងចក្រផាញហ្គ្រេតទទួលបានប្រាក់បុរេប្រទានពីរដ្ឋាភិបាល