Tuesday, 20 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅមុខមហាជន និងអ្នកសិល្បៈប្រុសស្រីចាស់ក្មេងយ៉ាងច្រើនកុះករនោះនាឱកាសឡើងទទួល «ពានអាណាចក្រតារាឆ្នាំ២០១៣» តារាចម្រៀងស្រីលើកពានសំឡេងពីរោះប្រចាំឆ្នាំ មាស សុខសោភា ក្រៅពីសម្តែងអារម្មណ៍រំភើបរីករាយជាមួយដង្ហើមផុតៗស្ទើរនិយាយមិនចេញនោះ នាងក៏សារភាពផងដែរថា ជ័យជម្នះនេះក៏ជាចំណែករបស់ម្ចាស់ស្នេហ៍នាង ព្រោះគាត់បានផ្តល់កម្លាំងចិត្តរហូត។
នៅក្នុងរាត្រីដ៏មហស្ចារ្យនៃកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នៅសាលមហោស្រពកោះពេជ្រកាលពីរាត្រីថ្ងៃទី១៥ខែសីហា គេឃើញថា សិល្បករប្រុសស្រីហាក់មានអារម្មណ៍សប្បាយរីករាយមិនថាតែតារាដែលទទួលបានពាននោះទេ សូម្បីតារាមិនទទួលបានពាននោះ ពួកគេក៏សម្តែងនូវអារម្មណ៍សប្បាយណាស់ដែរ។ អ្វីដែលកាន់តែរំភើបគឺនៅពេលដែលគ្រប់ម្ចាស់ជ័យលាភីពានអាណាចក្រតារា២០១៣បញ្ចេញនូវពាក្យពេចន៍ដ៏មានន័យដែលកន្លងមកមហាជនគាំទ្រមិនធ្លាប់បានឮ និងមិននឹកស្មានដល់ដែលអ្នកខ្លះក៏បានបន្លឺនូវពាក្យពេចន៍ថ្លែងអំណរគុណចំពោះអ្នកមានគុណនិងអ្នកខ្លះអរគុណដល់មិត្តភក្តិនិងមេកើយជាដើម។
រីឯកំពូលតារាចម្រៀងសំឡេងស្រទន់បត់បែនបានគ្រប់ទម្រង់សិល្បៈមាស សុខសោភា ក៏បានបង្កការចាប់អារម្មណ៍និងភ្ញាក់ផ្អើលមិនធម្មតាដែរខណៈដែលទទួលពានជ័យលាភី តារាចម្រៀងស្រីសំឡេងពីរោះប្រចាំឆ្នាំរូបនេះ ក្រៅពីថ្លែងអំណរគុណចំពោះអ្នកម្តាយបងប្រុស និងអ្នកគាំទ្រនោះ នាងក៏ពន្លយពាក្យអរគុណដល់ម្ចាស់ស្នេហ៍នាង ដែលខ្លួននាងតែងព្យាយាមបិទបាំងជាច្រើនឆ្នាំនោះ។
នាងបានព្រលយពាក្យថាជោគជ័យលើកនេះក៏មានចំណែកម្ចាស់ស្នេហ៍របស់នាងដែរ ព្រោះគាត់បានផ្ដល់កម្លាំងចិត្តរហូតមក។
យ៉ាងណាភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការពន្យល់បន្ថែមពីចំណងស្នេហ៍រាប់ឆ្នាំរបស់នាងបានទេ ខណៈលេខទូរស័ព្ទនាងម្តងទាក់ទងចូលមិនមានអ្នកទទួលហើយក្រោយមកក៏ទាក់ទងលែងបាន។ ប៉ុន្តែនៅក្នុងរាត្រីនៃឱកាសទទួលពានពីកម្មវិធី «អាណាចក្រតារា» មាស សុខសោភាបានបង្ហើបប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយដោយពាក្យសម្តីបែបចុងមាត់ចុងកថា៖ «ការពិតនេះជារឿងផ្ទាល់ខ្លួន ប៉ុណ្ណោះ។ ខ្ញុំចង់បង្ហាញពីភក្ដីភាព និងការស្រឡាញ់ជ្រាលជ្រៅចំពោះបុរសម្នាក់ ខ្ញុំចង់ឲ្យគេដឹងថា ខ្ញុំមានម្ចាស់រួចហើយ មិនមែននៅតែឯងនោះទេ»។ ទោះយ៉ាងណា នាង មាស សុខសោភា ព្យាយាមមិននិយាយលម្អិតឬប្រាប់ពីឈ្មោះម្ចាស់ស្នេហ៍របស់នាងនោះទេក្នុងហេតុផលថា៖«ជារឿងផ្ទាល់ខ្លួនរវាងនាង និងគាត់ត្រូវលាក់ទុកសិន»។
ប៉ុន្តែនាងបញ្ជាក់ដែរថា គាត់ជាអាណិកជនខ្មែរដែលបានស្គាល់គ្នាអំឡុងឆ្នាំ២០០៧ ខណៈនាងចេញទៅសម្ដែងទីនោះ។ ប៉ុន្តែបច្ចុប្បន្ននេះ គាត់រស់នៅស្រុកខ្មែរទេតើ! គួរបញ្ជាក់ដែរថានេះជាលើកទី១ហើយ ដែលមាស សុខសោភា ហ៊ានទទួលស្គាល់ចំណងស្នេហាជាមួយបុរសជាអ្នករកស៊ីធម្មតាជាសាធារណៈ ដោយបើកចំហបែបនេះ។
ការលេចឮពីចំណងស្នេហ៍រវាងតារាចម្រៀងនាង មាស សុខសោភា និងអ្នកជំនួញអាណិកជននោះមានអាយុកាលជាច្រើនឆ្នាំមកហើយដោយមានឪពុកម្ដាយទាំងសងខាងដឹងឮទៀតផង និងថែមទាំងល្បីថាគូស្នេហ៍ឆ្លងទ្វីបមួយនេះបានទាំងរៀបការជាមួយគ្នារួចរាល់ហើយដែរ។ តែកន្លងមកនាងបដិសេធមិនមានពិធីនោះឡើយ៕