ក្មេងស្រី អាយុ​៥​ឆ្នាំ មាន​ជំងឺផ្តាសាយបក្សី ជាសះស្បើយ​វិញ​ហើយ​​

ដោយ៖​ លោក ស៊ុន ណារិន​​
ថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2013
http://vodhotnews.com

​ក្មេងស្រី​ម្នាក់​អាយុ​៥​ឆ្នាំ មកពី​ខេត្ត​កណ្តាល ឆ្លង​ជំងឺផ្តាសាយបក្សី និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​/​រូបថត​ពី ហ្វេ​សប៊ុក លោក Beat Richner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​)

​ក្មេងស្រី​ម្នាក់​អាយុ​៥​ឆ្នាំ មកពី​ខេត្ត​កណ្តាល ឆ្លង​ជំងឺផ្តាសាយបក្សី និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​/​រូបថត​ពី ហ្វេ​សប៊ុក លោក Beat Richner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​)

​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក ឲ្យដឹងថា ក្មេងស្រី​ម្នាក់ អាយុ​៥​ឆ្នាំ ដែល​មកពី​ខេត្ត​កណ្តាល បាន​ជាសះស្បើយ​ពី​ជំងឺ​ផ្តាសាយ​បក្សី​(H5N1) បន្ទាប់​ពី​កុមារី​ម្នាក់​នោះ ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជាង​១០​ថ្ងៃ​។​

​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក លោក Sonny Krishnan ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្មេងស្រី មកពី​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ខេត្ត​កណ្តាល​នោះ បាន​ជា​សះស្បើយ​ហើយ រហូតមកដល់​ពេលនេះ​។

​កុមារី​ម្នាក់​នេះ ជា​ករណី​ទី​១៦​នៃ​ជំងឺផ្តាសាយបក្សី ក្នុង​ឆ្នាំ​២០១៣​នេះ​។ កុមារី   ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​១០​ខែ​សីហា ឆ្នាំ​២០១៣​ថា មាន​ជំងឺផ្តាសាយបក្សី​។ កុមារ ចាប់ផ្តើម​ឈឺ កាលពី​ថ្ងៃ​ទី​០១​ខែ​សីហា ដោយ​មាន​គ្រុនក្តៅ ហើយ​បាន​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​។ ដោយសារ​ស្ថានភាព​កុមារី កាន់តែ​ធ្ងន់ធ្ងរ ដោយ​មាន​ក្តៅ ក្អក ឈឺ​បំពង់ក ឈឺ​ពោះ រា​ក និង​ហត់ នៅ​ថ្ងៃ​ទី​០៩​ខែ​សីហា កុមារី​នេះ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​១០ ខែ​សីហា កុមារី​នេះ ត្រូវបាន​ព្យាបាល​ដោយ​ឱសថ​Tamiflu​។​

​កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែ​សីហា កុមារា​ម្នាក់ អាយុ​៩​ឆ្នាំ មកពី​ខេត្ត​បាត់ដំបង បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី​(H5N1) ដែល​នេះ​ជា​ករណី​ទី​១០​នៃ​ការស្លាប់ ក្នុង​ឆ្នាំ​២០១៣​នេះ​។​

​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត​សុខ ទូច សំណូមពរ​ឲ្យ​ឪពុកម្តាយ ឬ​អាណាព្យាបាល ប្រុងប្រយ័ត្ន និង​ការពារ​ឲ្យបាន​ខ្ពស់​ចំពោះ​កូនចៅ​របស់​ខ្លួន ខណៈ​ជំងឺ​ផ្តាសាយ​នេះ មាន​ស​ភាពកាចសាហាវ​៕

សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles