សហគមន៍ជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ ប្រមាណជា ៣០គ្រួសារ បានចោទប្រកាន់ក្រុមហ៊ុន ទេភីអាក្រូ ថាបានរំលោភបំពានលើដីសហគមន៍របស់ពួកគាត់។ ពលរដ្ឋជនជាតិដើមភាគតិចទាំងនោះ បាននាំគ្នាតវ៉ាដើម្បីឲ្យក្រុមហ៊ុនគោរពព្រំប្រទល់ដែលធ្លាប់បានចរចាគ្នានៅពេលដំបូង។
ដោយ ម៉ាត់ ក្រីយ៉ា
2013-08-21
RFA
ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ ដែលរស់នៅតំបន់ជាំធ្លក ស្ថិតនៅភូមិក្បិត ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ សីហា បានធ្វើការចោទប្រកាន់ទៅលើក្រុមហ៊ុន ទេភីអាក្រូ ដែលបានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ក្រោមស្លាកដីសម្បទានសេដ្ឋកិច្ចរយៈពេល ៧០ឆ្នាំ ចំនួន ១ពាន់ហិកតារ កាលពីឆ្នាំ២០១១ ថា បានឈូសឆាយដីរំលោភលើដីសហគមន៍របស់ពួកគាត់។
សហគមន៍ជនជាតិដើមភាគតិចកួយ ដែលមានព្រំប្រទល់ដីជាប់ដីក្រុមហ៊ុន ទេភីអាក្រូ បានអះអាងថា នៅពេលដែលក្រុមហ៊ុនចូលមកឈូសឆាយដីដំបូង ពួកគាត់ធ្លាប់បានធ្វើការចរចាកំណត់ព្រំប្រទល់រវាងដីសហគមន៍ និងដីក្រុមហ៊ុនរួចរាល់ម្តងមកហើយ ប៉ុន្តែពេលថ្មីៗនេះ ក្រុមហ៊ុនបានឈូសឆាយដីចូលរំលោភដីសហគមន៍ចម្ងាយទទឹងជិត ១រយម៉ែត្រ ហើយបណ្តោយប្រមាណជាង ១គីឡូម៉ែត្រ។
បន្ទាប់ពីក្រុមហ៊ុនបានធ្វើការឈូសឆាយរំលោភលើដីប្រជាពលរដ្ឋរួចមក ប្រជាពលរដ្ឋធ្លាប់បានបោះបង្គោលធ្វើជាព្រំនៅទីតាំងដែលប្រជាពលរដ្ឋបានអះអាងថា ជាព្រំប្រទល់រវាងដីក្រុមហ៊ុន និងដីសហគមន៍ ប៉ុន្តែបង្គោលដែលប្រជាពលរដ្ឋបានបោះនោះ ត្រូវបានក្រុមហ៊ុនដកចោល។
នៅថ្ងៃទី១៩ សីហា ប្រជាពលរដ្ឋនៅសហគមន៍ជនជាតិដើមភាគតិចកួយ បានប្រមូលគ្នាដើម្បីយកបង្គោលព្រំថ្មី ដើម្បីយកទៅបោះនៅចំព្រំប្រទល់រវាងដីសហគមន៍ និងដីក្រុមហ៊ុន ហើយប្រជាពលរដ្ឋបានស្នើឲ្យក្រុមហ៊ុន ទេភីអាក្រូ ដោះស្រាយពីបញ្ហារំលោភបំពាននោះ ប៉ុន្តែភាគីក្រុមហ៊ុនមិនបានឆ្លើយតបពីបញ្ហានេះនោះទេ។
តំណាងសហគមន៍ជាំធ្លក លោក គង់ ឈាន បានឲ្យដឹងថា ក្រុមហ៊ុន ទេភីអាក្រូ ធ្លាប់បានធ្វើការចរចាពីព្រំប្រទល់រវាងដីក្រុមហ៊ុន និងដីសហគមន៍ ប៉ុន្តែក្រុមហ៊ុនមួយនេះមិនគោរពសេចក្តីសម្រេចក្នុងការចរចានោះទេ ហើយការឈូសឆាយរំលោភដីសហគមន៍របស់ប្រជាពលរដ្ឋ ធ្វើឡើងដោយគ្មានការអនុញ្ញាតពីភាគីពាក់ព័ន្ធនោះឡើយ៖ «មុនដំបូងហ្នឹង ប្រជាជនយើងអត់ចង់ឲ្យទេ តែវាហៅប្រជាជនយើងទៅកំណត់ព្រំ ទៅត្រួសត្រាយព្រៃ កំណត់ព្រំរវាងក្រុមហ៊ុន និងសហគមន៍យើងហ្នឹង។ ដល់ពេលកំណត់រួចហើយ វាឈូសហួសពីអ្វីដែលយើងបានកំណត់រួចហើយនោះ វាឈូសចូលដីរបស់យើងជាង ១០០ម៉ែត្រទៅទៀត ហើយប្រជាពលរដ្ឋយើងមិនព្រម ហើយយើងបានយកព្រំទៅបោះម្តងទៀត ហើយវាដកចេញម្តងទៀត នៅពេលយើងស្នើឲ្យបង្ហាញ ជី.ភី.អេស (GPS) ដើម្បីយកមកពិនិត្យម្តងទៀត ក៏វាមិនព្រមចាក់ដែរ ដោយវាថារឿងហ្នឹងផុតទៅហើយ។ ប៉ុន្តែ វាឈូសចូលក្នុងដីសហគមន៍យើងជាង ១០០ម៉ែត្រ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ទេភីអាក្រូ លោក សំណាង ដើម្បីសុំការឆ្លើយបំភ្លឺពីបញ្ហានេះបាននោះទេ នៅល្ងាចថ្ងៃទី២០ សីហា។
ចំណែកអនុប្រធានមន្ទីរបរិស្ថានប្រចាំខេត្តកំពង់ធំ លោក ឆៅ ប៊ុនធឿន បានបញ្ជាក់ពីបញ្ហាដែលក្រុមហ៊ុនឈូសចូលលើដីប្រជាពលរដ្ឋសហគមន៍ជាំធ្លក ថា ការឈូសឆាយរបស់ក្រុមហ៊ុនមិនបានរំលោភលើដីប្រជាពលរដ្ឋនោះទេ ហើយក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធ ជី.ភី.អេស ដើម្បីវាស់ព្រំប្រទល់ដីដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័នសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនត្រឹមត្រូវតាមច្បាប់។
លោក ឆៅ ប៊ុនធឿន៖ «ក្រុមជនជាតិ គាត់អត់ជឿលើ ជី.ភី.អេស។ តែឥឡូវយើងកំណត់ព្រំដោយ ជី.ភី.អេស ហើយគាត់កំណត់ដោយដើមឈើ ម៉េចត្រូវទៅពួកគាត់ហ្នឹង។ កាលមុនយើងកំណត់លើដីព្រៃដែលគាត់យកផ្លូវដើម្បីកំណត់ អីចឹងវាអត់ត្រង់អីចឹងទៅណា ហើយក្រុមហ៊ុនកំណត់តាម ជី.ភី.អេស អីចឹងការកំណត់តាម ជី.ភី.អេស វាត្រង់»។
ទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ បានសម្ដែងក្តីព្រួយបារម្ភអំពីការបាត់បង់របរចិញ្ចឹមជីវិតតាមបែបប្រពៃណីអាស្រ័យព្រៃឈើ ដែលពួកគាត់ធ្លាប់បានរកទទួលទានពីមុនមកនោះ ដោយហេតុថា តំបន់ព្រៃឈើធំៗនៅជុំវិញសហគមន៍ជនជាតិដើមភាគតិចនៅតំបន់នេះ ត្រូវបានរដ្ឋាភិបាលផ្តល់សម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍ និងកាប់បំផ្លាញព្រៃឈើគ្មានសល់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលរិះគន់តុលាការខេត្តពោធិ៍សាត់ថាមិនបានផ្ដល់យុត្តិធម៌ដល់សកម្មជនដីធ្លី
- ពលរដ្ឋបារម្ភអំពីផលប៉ះពាល់នៃការអភិវឌ្ឍអាងកំពីងពួយ
- មន្ត្រីនៅពោធិ៍សាត់រងការចោទថាគំរាមពលរដ្ឋមិនឲ្យធ្វើកសិកម្មលើដីធ្លាប់កាន់កាប់
- អ្នកមានបញ្ហាដីធ្លីទាមទារតុលាការដោះស្រាយសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា
- មន្ត្រីសិទ្ធិមនុស្សស្នើឲ្យអាជ្ញាធររកដំណោះស្រាយដល់ពលរដ្ឋដែលត្រូវបណ្ដេញចេញ
- អ្នកភូមិបឹងកក់១ប្រកាសជាថ្មីពីការតាមគំរាមសម្លាប់
- អាជ្ញាធរជូនដំណឹងដល់ពលរដ្ឋនៅកោះកុងឲ្យរុះរើលំនៅឋាន
- មេធាវីជំរុញតុលាការពាណិជ្ជកម្មអង់គ្លេសពន្លឿនសំណុំរឿងពលរដ្ឋខេត្តកោះកុង
- ពលរដ្ឋ៦៤គ្រួសារនៅព្រះវិហារស្នើដោះស្រាយជម្លោះដីធ្លីមុនបោះឆ្នោត