កីឡា​ល្បុក្កតោ ត្រៀម​ចាំ​លទ្ធផល​នៃការ​សម្រេច​របស់​អង្គការ​បេតិកភណ្ឌ​ UNESCO​

ថ្ងៃ អង្គារ 10 កញ្ញា 2013
RFI

អង្គការ UNESCO បាន​ទទួល​ស្គាល់​យក​សំណុំ​បែប​បទ​របស់​កម្ពុជា​ហើយ​ដើម្បី​សុំ​បញ្ចូល​ប្រភេទ​កីឡា​ល្បុក្កតោ​ជា​បេតិកភណ្ឌ​អរូបី​អន្តរជាតិ​។ អង្គការ​នេះ​នឹង​បញ្ជូន​ គណៈ​​ប្រតិ​ភូ​មក​ពិនិត្យ​ និង​ស្រាវ​ជ្រាវ​បន្ថែម ក្នុង​នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​។

ការ​ប្រកួត​កីឡាល្បុក្កតោ

សេចក្តី​រាយការ​ណ៏របស់​ សួង សុខភារី

(01:32)

សំណុំ​បែប​បទដែល​កម្ពុជា បាន​ផ្ញើរ​ទៅ​កាន់​អង្គការ UNESCO កាល​ពី​ខែ​មេសា​ ឆ្នាំ ២០១៣​នេះ គឺ មាន​លក្ខណៈត្រឹម​ត្រូវ​គ្រប់​យ៉ាង ហើយ UNESCO នឹង​បញ្ជូន​ប្រតិភូ​មក​​ស្រាវ​ជ្រាវ​ពី​ប្រភេទ​កីឡាល្បុក្កតោ​ក្បាច់​គុនខ្មែរ​ដ៏ចំណាស់​នេះ​បន្ត​ទៀត។ នេះ​បើ​តាម​ លោក ហុក ឈាង​គីម អគ្គ​លេខាធិការ​នៃ​សហព័ន្ធ​កីឡាល្បុក្កតោ​កម្ពុដែលបាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃនេះ​។

លោក ហុក ឈាង​គីម បាន​ឲ្យ​ដឹង​ថា ពុំ​មាន​អ្វី​រាំងស្ទះ​ចំពោះ​ដំណើរ​ការ​ស្នើរ​សុំ​ដាក់កីឡាល្បុក្កតោ​ជា​បេតិកភណ្ឌកីឡា​អរូបីអន្ត​រជាតិ​នោះ​ទេ ប៉ុន្តែ​កម្ពុជាត្រូវ​រង​ចាំការ​សម្រេច​​របស់គណៈកម្មា​ការ​បេតិកភណ្ឌ UNESCO នៅ​ក្នុង​ការ​ប្រជុំលើក​ទី ៣៨ នៅ​ឆ្នាំ ២០១៤។

កាល​ពី​​សប្តាហ៍មុន គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ក៏​បាន​ទៅ​ចូលរួម​ប្រជុំ ជាមួយ​សម្ព័ន្ធកីឡា​យុទ្ធសីល្ប៍ពិភព​លោក និង​អង្គការ យូណេស្កូ នៅ​ក្នុង​ប្រទេស​កូរ៉េ​ផងដែរ។

បើ​តាម​ការ​ឲ្យដឹង​ពី​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណកម្មាធិការ​អូឡាំពិកកម្ពុជា គឺ​កីឡាល្បុក្កតោ​ខ្មែរ មាន​សង្ឃឹម​ច្រើន​ ក្នុង​ការ​ចូលជា​បេតិកភណ្ឌ​កីឡា​អរូបី​អន្តរជាតិ។ ក្តីសង្ឃឹម​នេះ កើត​ឡើង​ក៏​ព្រោះ​តែ កម្ពុជា មាន​មូលដ្ឋាន​វប្បធម៌ច្បាស់​លាល់ និង​មាន​គ្រឹះ​ក្បាច់គុនចំណាស់​ជាង​គេ។ មួយ​វិញ​ទៀត កម្ពុជា ក៏​ជា​សមាជិករ​បស់ អង្គការ​យុទ្ធសីល្ប៍​ពិភពលោក ដែល​​ត្រូវ​ចូលរួម​សម្រេច​ក្នុង​ការ​ជ្រើស​តាំង​បេតិកណ្ឌកីឡា​អរូបីអន្តរជាតិ នៅ​ឆ្នាំ ២០១៤​ផងដែរ។

គួរបញ្ជាក់​ថា នៅ​ពេល​បច្ចប្បន្ន ទាំង​គណៈកម្មាការ​ជាតិ​អូឡាំពិកកម្ពុជា និង​សហព័ន្ធកីឡាល្បុក្ក​តោ​ កំពុង​តែ​ព្យា​យាម​ផ្សព្វផ្សាយ​ពីប្រភេទ​កីឡានេះ ឲ្យ​សាយ​ភាយ ពាស​ពេញ​ពិភពលោក។ ស្របពេលជាមួយគ្នានេះដែរ គេ​ក៏​បាន​ព្យាយាម​បណ្តុះ​បណ្តាល​កីឡានេះដល់​យុវជន​កម្ពុជា ឲ្យ​យល់​ដឹង​កាន់​តែ​ច្រើនឡើង​ៗផងដែរ៕

 

What Next?

Recent Articles