ជំនួបកំពូល ហ៊ុន សែន-សម រង្ស៊ី ចាប់ផ្តើម​ហើយ​នៅ​ម៉ោង​៩​ព្រឹក​នេះ

ថ្ងៃ សៅរ៍ 14 កញ្ញា 2013
ដោយ ប៉ែន បូណា
RFI

ដូច​ការគ្រោង​ទុក​ នៅ​វេលា​ម៉ោង​ ៩ ព្រឹក​ ថ្ងៃសៅរ៍​ ទី​១៤​កញ្ញា​នេះ​ ជំនួប​កំពូល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ចាប់ផ្តើម​បើក​ធ្វើ​ហើយ​ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ ​នៅ​ក្នុង​ព្រះបរម​រាជវាំង។ ​នេះ​ជាជំនួប​កំពូល​លើក​ដំបូង​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ចាប់តាំង​ពី​ក្រោយ​ការបោះឆ្នោត​ក្នុង​គោលដៅ​រក​ដំណោះស្រាយ​នយោបាយ។

គណៈប្រតិភូ​គណបក្សប្រជាជនកម្ពុជា​ធ្វើដំណើរចូលក្នុងព្រះបរមរាជវាំង (Siv Channa/RFI)

គណៈប្រតិភូ​៣​នាក់​មក​ពី​គណបក្ស​ទាំងពីរ​បាន​មក​ដល់​ព្រះបរមរាជវាំង​នៅ​វេលា​ម៉ោង​ ៨និង​៥០នាទី​។ កិច្ចប្រជុំ​បាន​បើក​ធ្វើនៅ​ម៉ោង​៩​ព្រឹកក្រោម​ព្រះរាជធាធិបតីភាព​របស់​ព្រះមហា​ក្សត្រ ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី។ ​សមាសភាព​របស់​គណបក្សប្រជាជន​កម្ពុជា ​មាន​ ៣ ​រូប​ គឺ​លោក ​ហ៊ុន សែន ​អនុប្រធាន​គណបក្ស ​លោក​ សាយ ឈុំ ​សមាជិក​គណៈអចិន្ត្រៃយ៍​​គណបក្ស ​និង​លោក​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី។

រីឯ​សមាសភាព​របស់​គណបក្ស​សង្គ្រោះជាតិ ​គឺ​លោក​ សម រង្ស៊ី​ លោក​ កឹម សុខា​ ប្រធាន ​និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​លោកស្រី ​ជូឡុង ​សូមូរ៉ា ​ភរិយា​របស់​លោក​សមរង្ស៊ី ​និង​ជា​តំណាងរាស្ត្រ។ ​ នេះ​ជា​ជំនួប​កំពូល​លើក​ដំបូង​ដែល​បើក​ធ្វើ​ឡើង​ក្រោយ​ពី​ការបោះ​ឆ្នោត​សភា​អាណត្តិទី៥ ​កាលពី​ថ្ងៃ​ទី​ ២៨​ កក្កដា។ ​ការបោះឆ្នោត​នេះ​កំពុង​បង្ក​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ​ដោយសារ​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក ​សម រង្ស៊ី ​និង​លោក​ កឹម សុខា ​បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​ដោយ​ចោទ​ថា​ មាន​ការលួច​បន្លំ។

ការកោះ​ប្រជុំ​គណបក្ស​ទាំងពីរ​ពី​សំណាក់​ព្រះមហាក្សត្រ​គឺជា​ការស្វះស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​មុន​ការកោះ​ប្រជុំ​សភា​ដំបូង​ដែល​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី ​២៣​ កញ្ញា​ខាង​មុខ​នេះ។ ​ប៉ុន្តែ​ អ្នកវិភាគ​ និង​អ្នកតាម​ដាន​បញ្ហា​នេះ​បាន​មើល​ឃើញ​ថា ​កិច្ច​ព្រមព្រៀង​ចេញ​ពីវិបត្តិ​ទំនង​ជា​ពិបាក​នឹង​រក​ឃើញ​ណាស់ ​លើកលែង​តែ​ភាគី​ទាំង​ពីរ​ធ្វើ​សម្បទាន​កម្រិត​ខ្ពស់​មួយ​ឲ្យ​គ្នាទៅ​វិញ​ទៅ​មក​ដែល​គេ​ពិបាក​នឹង​នឹកស្មាន។

កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ទាំងពីរ​ក្រោម​ព្រះរាជ​អធិបតី​របស់​ព្រះមហាក្សត្រនេះបាន​បើកធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិដែល​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃអាទិត្យទី ១៥​ កញ្ញា​តទៅ។ ខណៈ​ពេល​កំពុង​ចរចា​នេះ ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​មមាញឹក​ក្នុង​ការរៀបចំ​ត្រៀម​ធ្វើ​មហាបាតុកម្ម​ដដែល៕

 

What Next?

Related Articles