ដោយ៖ ញឹម សុខន
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
ថ្នាក់ដឹកនាំកំពូល បក្សកាន់អំណាច និងបក្សប្រឆាំង នាព្រឹកថ្ងៃសៅរ៍នេះ បានជួបគ្នានៅព្រះបរមរាជវាំង តាមការកោះអញ្ជើញ របស់ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនីដើម្បីទំលាយភាពទ័លច្រក ផ្នែកនយោបាយ ក្រោយការបោះឆ្នោត។
អ្នកយកព័ត៌មាន VOD លោក ណាត សុភាព ដែលកំពុងតាមដានព្រឹត្តិការណ៍នេះ នៅមុខព្រះបរមរាជវាំង ឲ្យដឹងថា ភាគីបក្សកាន់អំណាច ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណែកគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី។
មេដឹកនាំគណបក្សទាំងពីរ បានមកដល់ព្រះបរមរាជវាំងហើយ នៅប៉ុន្មាននាទីមុននេះ ដើម្បីពិភាក្សាគ្នា រកគន្លឹះដោះស្រាយ បញ្ហាជាប់គាំងផ្នែកនយោបាយក្រោយការបោះឆ្នោត ។
ក្រោយការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខ្វែងគំនិតគ្នា ពីលទ្ធផលបោះឆ្នោត ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែកញ្ញានេះ។
លទ្ធផលផ្លូវការនោះបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទូលបាន ៦៨អាសនៈ ក្នុងចំណោមអាសនៈសរុប១២៣ក្នុងសភា រីឯគណបក្សសង្គ្រោះជាតិបាន ៥៥អាសនៈ។
លទ្ធផលនេះ បក្សកាន់អំណាចដែលបានអាសនៈច្រើន ប្រកាសស្វាគមន៍ និងបង្ហាញជំហរការពារលទ្ធផលបោះឆ្នោតនេះ។ ចំណែកបក្សប្រឆាំងវិញ ប្រកាសច្រានចោលភ្លាមៗ ដោយចាត់ទុកលទ្ធផលនេះថា មិនយុត្តិធម៌ ធ្វើឡើងក្នុងរូបភាពលួចបន្លំ និងគំរាមធ្វើមហាបាតុកម្ម ប្រឆាំងលទ្ធផលនេះ ជំរុញឲ្យបង្កើតគណកម្មការឯករាជ្យ ស៊ើបអង្គេតភាពមិនប្រក្រតី នៃដំណើការបោះឆ្នោតនេះ។
ករណីនេះធ្វើឲ្យការបង្កើតរាជរដ្ឋាភិបាលថ្មី សម្រាប់អាណត្តិទី៥នេះ ប្រឈមនិងភាពជាប់គាំង។
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី ចូលប្រជុំគ្នា នៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ មុនការចូលប្រជុំសភាដំបូង។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពក្នុងការជួបគ្នាតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបភ្លាមៗ នឹងព្រះរាជសាររបស់ព្រះមហាក្សត្រ ដោយនឹងដឹកនាំមន្ត្រីពីររូប គឺលោក ស ខេង និងលោក សាយ ឈុំ។ ចំណែក លោក សម រង្ស៊ី នឹងដឹកនាំគណៈប្រតិភូគណបក្ស រួមមាន អនុប្រធាន កឹម សុខា និងលោកស្រី ជូឡុង សូមួរ៉ា (ភរិយារបស់លោក សម រង្ស៊ី)៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sakhorn@vodhotnews.com