ដោយ៖ តាំង វីដា និងស៊ុន ណារិន
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សហជីព ដែលធ្វើការលើវិស័យកាត់ដេរនៅកម្ពុជា គាំទ្រចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ ចំពោះការចាប់ផ្តើមបង្ហាញជាសាធារណៈនូវព័ត៌មានរោងចក្រមួយៗ ដែលប្រមូលបាននៅក្នុងរបាយការណ៍ត្រួតពិនិត្យ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការពលកម្មអន្តរជាតិ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ឲ្យដឹងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងបញ្ចេញព័ត៌មានពីរបាយការណ៍ត្រួតពិនិត្យរបស់ខ្លួន អំពីការគោរពច្បាប់ស្ដីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្ដរជាតិ របស់រោងចក្រកាត់ដេរ។ BFC នឹងបង្ហាញព័ត៌មានលម្អិតពីកូដកម្មនិងសហជីព ដោយកត់សម្គាល់ពីការអនុវត្តច្បាប់របស់សហជីព ជាមួយតម្រូវការស្របច្បាប់ក្នុងការធ្វើកូដកម្មជាលើកដំបូង និងការចេញផ្សាយរបាយការណ៍ជាសាធារណៈប្រចាំត្រីមាស។
សេចក្តីប្រកាសព័ត៌មាន បន្តថា ក្រោមគម្រោងនេះ រោងចក្រទាំងអស់ដែលត្រូវបានពិនិត្យ ២ដង ឫលើសពី២ដង នឹងត្រូវបានបង្ហាញលើវ៉ិបសាយសាធារណៈមួយ ពីការគោរពរបស់រោងចក្រនីមួយៗ លើបញ្ហាចំបងៗ ចំនួន២១ រួមមានសុវតិ្ថភាពអគ្គិភ័យ សេរីភាពសមាគម ពលកម្មកុមារ និងការបើកប្រាក់ឈ្នួលទៀងទាត់ និងប្រាក់បន្ថែមម៉ោងត្រឹមត្រូវឫអត់។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ លោក អាត់ ធន់ សាទរចំពោះការចាប់ផ្តើមនេះ ដោយចាត់ទុកថា គម្រោងនេះ អាចជួយឲ្យនិយោជក កែលម្អលក្ខខណ្ឌការងារ ដោយភាពទន់ភ្លន់ ហើយជួយលើកទឹកចិត្តដល់រោងចក្រ គ្រឹះស្ថាន ដែលបានអនុវត្តច្បាប់ ត្រឹមត្រូវ បន្តការងារដោយយកចិត្តទុកដាក់ ៖ "កម្មវិធីនេះ គឺជាការលើកទឹកចិត្ដចំពោះអ្នកខិតខំប្រឹងធ្វើល្អ ដើម្បីឲ្យមានការគាំទ្រកាន់តែច្រើនពីសង្គម និងអ្នកបញ្ជាទិញ ហើយក្រុមហ៊ុន សហគ្រាស គ្រឹស្ថាន ដែលធ្វើអាក្រក់ ត្រូវបានកែប្រែមកឲ្យល្អទេ ហើយទីបំផុតទៅខ្ញុំជឿថា លក្ខខណ្ឌការងារហ្នឹង ដូចថា សិទ្ធិរបស់កម្មករនិយោជិក ត្រូវបានកើនឡើងហើយនិងមានសន្ដិភាពនៅក្នុងវិស័យឧស្សាហកម្មផងបាទ" ។
ប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជា លោក ជា មុនី យល់ថា នេះជាចំណុចវិជ្ជមានមួយ ប៉ុន្តែលោកខកចិត្ត ចំពោះគម្រោងដែលចេញផ្សាយរបាយការណ៍នេះ មិនមានការចូលរួមពីតំណាងសហជីពពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមលើរបាយការណ៍ ៖ "ជាការពិតអត់មានសមាសភាពអ្នកពាក់ព័ន្ធហ្នឹងចូលរួមធ្វើការកែលម្អទៅហ្នឹងរបាយការណ៍ហ្នឹងទេ ព្រោះរបាយការណ៍ហ្នឹងគាត់ធ្វើតែម្នាក់គាត់អញ្ចឹង ហើយ ដូច្នេះគាត់ធ្វើម្នាក់គាត់ គាត់គិតម្នាក់គាត់ហ្នឹង គាត់ចង់ឲ្យរោងចក្រណាល្អៗ រោងចក្រណាអាក្រក់ៗ គាត់ធ្វើតែម្នាក់គាត់ កាលណារបាយការណ៍ចេញតែម្នាក់អញ្ចឹងវាអត់មានតម្លាភាពទេ" ។
សេចក្តីប្រកាសព័ត៌មានរបស់ BFC ឲ្យដឹងដែរថា H&M ក្រុមហ៊ុនធំៗមួយក្នុងចំណោមក្រុមហ៊ុនធំៗដទៃទៀត ដែលបញ្ជាទិញពីប្រទេសកម្ពុជា ក៏បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះកម្មវិធីនេះផងដែរ។
អនុរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារនៃគម្រោង BFC លោក សាត សមុទ្រ ឲ្យដឹងថា ជំហររបស់រាជរដ្ឋាភិបាល គឺមិនការពារបុគ្គលណា ដែលមិនគោរពច្បាប់នោះទេ តែការចុះផ្សាយឈ្មោះរោងចក្រដែលបានប្រព្រឹត្តខុសនោះ គឺហាក់ដូចជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់រោងចក្រ។ លោកបញ្ជាក់ថា ការបង្ហាញឈ្មោះរោងចក្របែបនេះ នាំឲ្យបាត់បង់អាជីវកម្មពីអ្នកបញ្ជាទិញ ហើយកម្មករអាចបាត់បង់ការងារ ជារួមគឺ មិនមានផលចំណេញដល់ភាគីពាក់ព័ន្ធនោះទេ។
មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា រដ្ឋាភិបាល មានសិទ្ធិពេញលេញ ក្នុងការដាក់បន្ទុក ក៏ដូចជាដាក់ពិន័យដល់រោងចក្រ ដែលបានប្រព្រឹត្តខុស ឲ្យទទួលខុសត្រូវ និងកែប្រែ តែបញ្ហាចោទ គឺពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកចាត់ទុកថា ការស្នើពន្យារពេលនេះ គ្រាន់ជាលេសមួយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com