Monday, 23 September 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃចន្ទនេះថា ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក លោក William E. Todd ក្នុងសម័យប្រជុំសភាដំបូងនេះ មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ។
សហរដ្ឋអាមេរិក សូមស្នើឲ្យមានការត្រួតពិនិត្សឡើងវិញ ដោយតម្លាភាពនូវភាពមិនប្រក្រតីនានា ទាក់ទងនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃទី ២៨ កក្កដា ដែលនឹងជួយដល់កិច្ចប្រឹងប្រែង ក្នុងការវាយតម្លៃ និងដោះស្រាយនូវរាល់កំហុសឆ្គងផ្សេងៗ នៅក្នុងដំណើរការនៃការបោះឆ្នោត ហើយនឹងផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជា នូវទំនុកចិត្តកាន់តែច្រើនថែមទៀត ទៅលើប្រព័ន្ធបោះឆ្នោត។
សេចក្តីព័ត៌មានបញ្ជាក់ថា «សភាជាតិ ដែលមានដំណើរការត្រឹមត្រូវ ទាមទារឲ្យមានការចូលរួមនៃគណបក្សនយោបាយសំខាន់ៗទាំងពីរ»។
នៅក្នុងសម័យប្រជុំរដ្ឋសភាដំបូងនៅថ្ងៃចន្ទនេះក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា មានតែតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះចូលរួម ដោយខាងតំណាងគណបក្សសង្គ្រោះជាតិ បានធ្វើពហិការមិនប្រជុំសភាដំបូងឡើយ ដោយអះអាងថា លុះត្រាតែមានកិច្ចចរចារកដំណោះស្រាយលើភាពមិនប្រក្រតីលើការបោះឆ្នោត ដើម្បីផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោតសិន។
ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានដាក់ញាត្តិ អំពាវនាវដល់ព្រះមហាក្សត្រឲ្យពន្យាពេលបើកសម័យប្រជុំសភា និងព្រះបរមរាជវាំងទុកពេលបន្ថែមសម្រាប់គណបក្ស នយោបាយចរចាគ្នា។
ស្ថានទូតអាមេរិកសូមអំពាវនាវគណបក្សទាំងពីរ អនុវត្តនូវសេចក្តីថ្លែងការណ៍រួមរបស់គេ កាលពីថ្ងៃទី១៦ ខែកញ្ញា ដែលប្រឆាំងនឹងអំពើហឹង្សា គាំទ្រឲ្យមានការពិភាក្សា ស្តីពី កំណែទម្រង់ការបោះឆ្នោត និងយល់ព្រមដោះស្រាយបញ្ហាជាតិនានា តាមរយៈការពិភាក្សាគ្នា និងគួរចាប់យកឱកាសនេះ ដើម្បីលើកកំពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងអនុវត្តនូវកំណែទម្រង់ដ៏មានន័យ ដែលពង្រឹងនីតិរដ្ឋ និងបង្កើនការគោរពសិទ្ធិមនុស្ស។
សហរដ្ឋអាមេរិកសូមស្នើឲ្យថ្នាក់ដឹកនាំគណបក្សធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវលទ្ធផលមួយដែលធ្វើឲ្យ ប្រទេសមានឯកភាពគ្នា និងបំរើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាជាធំ។