Tuesday, 24 September 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : មិនមែនមានតែតារាម៉ូដែល ពេជ្រ ថាវរ៉ា ម្នាក់ឯងដែលមានវត្តមានបង្ហាញទេពកោសល្យសិល្បៈនៅលើឆាកពិព័រណ៍ទេសចរណ៍អន្តរជាតិនៅក្រុងហូជីមិញ ប្រទេសវៀតណាមកាលពីថ្ងៃទី១២ខែកញ្ញាកន្លងទៅនោះទេក្រុមបង្ហាញម៉ូដសាន់ម៉ូដែលស្រីប្រុសជាង៣០រូបក៏មានវត្តមាននៅលើឆាកនោះដែរ។ ប៉ុន្តែយ៉ាងណាកញ្ញា ពេជ្រ ថាវរ៉ា អះអាងថា ក្នុងចំណោមអ្នកទាំងអស់នោះនាងសម្តែងម្នាក់ឯងច្រើនកម្មវិធីជាងគេខណៈកម្មវិធីខ្លះនាងមិនធ្លាប់សម្តែងក៏សម្តែងបានជោគជ័យផងដែរ។
ដូចគ្នានោះដែរ ប្រធានក្រុមសាន់ម៉ូដែលលោក ម៉ែន និមលរតន៍ក៏បានបញ្ជាក់ផងដែរថា កញ្ញា ពេជ្រ ថាវរ៉ា សម្តែងបានច្រើនកម្មវិធីជាងគេ ហើយក៏ស័ក្ដិសមទៀតផង។
ស្រីស្រស់រាងខ្ពស់ស្រឡះ ជាប់ខ្នាតជាតារាម៉ូដែល ដែលគេមើលឃើញថាកំពុងតោងបានភាពលេចធ្លោក្នុងអាជីពតារាបង្ហាញម៉ូដកញ្ញា ពេជ្រ ថាវរ៉ា បានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងសំណើចកក្អឹកថា៖ «ភាពជោគជ័យក្នុងជំហានចូលរួមសម្តែងពិព័រណ៍អន្តរជាតិនៅប្រទេសវៀតណាមកន្លងទៅថ្មីៗនេះ វាមិនត្រឹមជោគជ័យតែខ្ញុំម្នាក់ឯងទេ នោះក៏ជាជោគជ័យធំធេងរបស់ក្រុមសាន់ម៉ូដែលដែលជោគជ័យនោះមិននឹកស្មានដល់ឡើយ សម្រាប់ឆ្នាំ២០១៣នេះ»។
កញ្ញា ពេជ្រ ថាវរ៉ា បានថ្លែងថា៖ «ការទៅចូលរួមសម្តែងក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសវៀតណាមឆ្នាំនេះក្រសួងទេសចរណ៍បានជ្រើសរើសយកតែក្រុមតារាម៉ូដែលសាន់ម៉ូដែលមួយក្រុមគត់ទៅសម្តែងជាមួយ៤៤ប្រទេសទៀតខណៈ២ឆ្នាំកន្លងមក ក្រសួងបាននាំក្រុមម៉ូដែលខ្មែរធំៗទាំងបីយកទៅសម្តែងនៅទីនោះ»។
នាងក៏បានបញ្ជាក់ដែរថា៖ «ជាការពិតនោះជាកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិដែលតម្រូវឲ្យប្រទេសដែលទទួលបានការអនុញ្ញាតបង្ហាញទស្សនីយភាពសិល្បៈមានតែ៤ទេ មានម្ចាស់ផ្ទះកម្ពុជា ភូមានិងថៃ ហើយប្រទេសទាំងបួននេះ ត្រូវបង្ហាញពីតំបន់ទេសចរណ៍និងប្រពៃណីវប្បធម៌សិល្បៈ តាមរយៈការសម្តែងshow»។
ទោះជាយ៉ាងណា វាក៏មិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមតារាម៉ូដែលសាន់ម៉ូដែលខណៈក្រសួងទេសចរណ៍ជ្រើសរើសទៅសម្តែងក្នុងពិព័រណ៍ធំតំណាងសិល្បៈវប្បធម៌ប្រពៃណីខ្មែរខណៈឆ្នាំកន្លងមកមានក្រុមតារាម៉ូដែលល្បីៗទាំងបីក្រុមទៅរួមគ្នាសម្តែងនោះកញ្ញា ពេជ្រ ថាវរ៉ា បានឲ្យដឹងថា៖ «សម្រាប់ខ្ញុំមិនត្រឹមតែមានអារម្មណ៍ភ័យនោះទេអ្នកគ្រប់គ្រងនិងសមាជិកក្រុមឯទៀតដែលមានវត្តមានទីនោះម្នាក់ៗក៏មិននឹកស្មានថា បានជោគជ័យដែរ ព្រោះថាឆ្នាំនេះពួកយើងត្រូវសម្តែងច្រើនshow ហើយតម្រូវឲ្យមានក្បាច់រាំបែបបរទេសផងដែរ»។
តារាម៉ូដែលកំពុងតោងភាពលេចធ្លោក្នុងពិភពដើរម៉ូដ ប្រចាំក្រុមកញ្ញា ពេជ្រ ថាវរ៉ា បានបន្តថា៖ «នៅក្នុងពិធីពិព័រណ៍ទេសចរណ៍អន្តរជាតិនោះ ក្រុមម៉ូដែលទៅពីកម្ពុជា ត្រូវដើរនៅថ្ងៃទី១២ខែកញ្ញា ខណៈក្រុមសិល្បៈប្រទេសម្ចាស់ផ្ទះគេដើរមុនមួយថ្ងៃជាថ្ងៃបើកកម្មវិធីពេលនេះខាងតារាម៉ូដែលកម្ពុជាតម្រូវដើរ៤show។ showទី ១, ២, ៣ នោះពួកយើងមិនមានអ្វីដែលភ័យបារម្ភនោះទេ ខណៈពួកយើងធ្លាប់ដើរស៊ាំហើយ។ ប៉ុន្តែដោយshow ទី៤ទេ ដែលថ្មីសន្លាងសម្រាប់ពួកយើងទាំងអស់គ្នា ហើយក៏មិននឹកស្មានថាshow ដែលថ្មីសន្លាងនោះមានការគាំទ្រនៅក្រៅប្រទេសដែលមានមហាជនមកពីជិត៥០ប្រទេសអង្គុយទស្សនាផ្ទាល់នោះដែរ»។
នាងបានបញ្ជាក់ថា៖ «show ទី១ ដើរបង្ហាញម៉ូដសម្លៀកបំពាក់ បុរាណបែបប្រពៃណីខ្មែរshow ទី២និង show ទី៣សម្លៀកបំពាក់បែបសម័យ ដោយឡែកshowទី៤ រាំក្បាច់បែបតុងហ្គោ ដែលពីមុនមកពួកយើងមិនធ្លាប់សូម្បីម្តង»។
ពេជ្រ ថាវរ៉ា បានបញ្ជាក់បន្ថែមថា៖ «ពួកយើងមិនបានហាត់រាំយូរទេមួយសប្តាហ៍ក៏ដល់ថ្ងៃតែម្តងពេលនោះមានអារម្មណ៍ភ័យមែនទែន គ្មាននរណាម្នាក់គិតថាបានជោគជ័យឡើយចំពោះក្បាច់រាំនេះ។ តែទីបំផុតពួកយើងបានសម្រេចប្រកបដោយភាពជោគជ័យទាំងអស់»។
ជាមួយគ្នានោះអ្នកគ្រប់គ្រងក្រុមតារាបង្ហាញម៉ូដ ក្រុមសាន់ម៉ូដែល លោក ម៉ែន និមលរតន៍ក៏បានឲ្យដឹងផងដែរថា៖ «វាក៏ជារឿងមោទនភាពដែរ ដែលឆ្នាំនេះ ខាងក្រសួងទេសចរណ៍ជ្រើសរើសតែក្រុមរបស់លោកមួយទៅចូលរួមសម្តែងក្នុងពិធីពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសវៀតណាមនោះ»។
ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា វាក៏ជាក្តីបារម្ភវិញផងដែរសម្រាប់ក្រុមលោក។
ក្នុងសម្ដីម៉ាត់ៗប្រធានក្រុមតារាបង្ហាញម៉ូដរូបនេះបានថ្លែងថា៖«វាមិនមែនជារឿងងាយស្រួលទេ ពីព្រោះថា នៅឆ្នាំនេះយើងទៅតែ១ក្រុមហើយសម្តែងក៏ច្រើនshow»។
លោកបញ្ជាក់ថា៖«មិននឹកស្មានសោះថាពេលនោះក្រុមពួកខ្ញុំសម្រេចភាពជោគជ័យនោះទេ ក្នុងនោះខ្ញុំមិននិយាយសរសើរតារាណាមួយនៅក្នុងក្រុមទេ តែខ្ញុំមើលឃើញជាក់ស្តែងហើយអ្នកមើលក៏គាត់និយាយដែរថា មានតែកញ្ញា ថាវរ៉ា និងដៃគូនាងទេដែលរាំបានសមជាងគេ»។
លោក ម៉ែន និមលរតន៍ ក៏បានបន្ថែមទៀតថា៖ «ឱកាសសម្តែងក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនោះ ក៏មានតែកញ្ញា ពេជ្រ ថាវរ៉ា ដែរ ដែលនាងសម្តែងម្នាក់ឯងដល់ទៅចំនួន៣ show ឯណោះ ខណៈអ្នកខ្លះសម្តែងបានតែ១ show ក៏មានដែរក្នុងចំណោមតារាម៉ូដែលរបស់លោកដែលទៅចំនួនជាង៣០នាក់នោះ»៕
