កែវ វាសនា ឆក់​បាន​ឱកាស​ចេញ​ទៅ​អូស្ត្រាលី និង​អាមេរិក​ផ្ទួន​ៗ​គ្នា

Wednesday, 09 October 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131009_20a

ភ្នំពេញៈ ភាព​ជូរចត់​អត់​ឃ្លាន និង​ការ​ប្រមាថ​មើលងាយ​គឺជា​មេរៀន និង​បទពិសោធ​ជីវិត​ដែល​ជំរុញ​ឲ្យ​យុវជន ​កែវ វាសនា ខាំ​មាត់​សង្កត់​ចិត្ត​ជម្នះ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ​រហូត​ប្រែ​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​មាន​ឈ្មោះ​បោះសំឡេង​ម្នាក់​នា​ពេល​បច្ចុប្បន្ន​ហើយ​យុវជន​ដែល​ធ្លាប់​តែ​ផ្ញើ​ខ្លួន​ស្នាក់​អាស្រ័យ​ជាមួយ​អ្នក​ដទៃ​មួយ​ថ្ងៃ​ដើម្បី​មួយ​ថ្ងៃ​រូប​នេះ ក៏​ស្វែងរក​បាន​ទ្រនំ​សម្រាប់​ខ្លួន​នៅ​ពេល​នេះ បន្ទាប់ពី​រូប​គេ​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​ចម្រៀង ហើយ​អាច​សន្សំ​ប្រាក់​ទិញ​បាន​ផ្ទះ​មួយ​កន្លែង​នៅក្នុង​បុរីពិភពថ្មី។

ទោះ​យ៉ាង​ណា​ភាព​ល្បាញល្បី​របស់​គេ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហាក់​មិន​ទាន់​ធ្វើឲ្យ កែវ វាសនា ស្កប់​ចិត្ត​នៅ​ឡើយ ខណៈ​រូបគេ​ចេះ​តែ​ឃ្វាង​ឱកាស​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ។ ការ​ព្យាយាម​គង់​បាន​សម្រេច ពិត​ណាស់​នៅ​ឆ្នាំ​២០១៣​នេះ កែវ វាសនា ក៏​ឆក់​បាន​ឱកាស​ផ្ទួន​ៗ​តែ​ម្តង ពោល​គឺ​រូប​គេ​ឆក់​បាន​ឱកាស​ចាកចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ហើយ​ក្រោយ​ត្រឡប់​មក​វិញ រូប​គេ​នឹង​បាន​ឱកាស​ចេញ​ទៅ​សហរដ្ឋអាមេរិក​ជា​បន្ត។

មិត្តភក្តិ​ជិតដិត​របស់ កែវ វាសនា បាន​ឲ្យ​ដឹង​ថា​៖​«​អា​ស្នា វា​ហេង​ដែរ ក្នុង​រដូវ​ភ្លៀង​នេះ​បាន​ទៅ​ច្រៀង​រក​ប្រាក់​នៅ​អូស្ត្រាលី ហើយ​ពេល​មកពី​អូស្ត្រាលី វិញ វា​នឹង​បន្ត​ទៅ​អាមេរិក​ទៀត​»។

គួរ​បញ្ជាក់​ថា កែវ វាសនា បាន​វេច​សម្ពាយ​ចេញ​ពី​ស្រុក​កំណើត​នៅ​ភូមិ​ឡទឹកត្រី ឃុំ​កំពង់ឆ្នាំង ស្រុក​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាលពី​ដើម​ឆ្នាំ​២០០៦ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២ ដើម្បី​ស្វែងរក​ភាព​ល្បាញល្បី​នៅក្នុង​វិថី​តារា ក្រោម​ពាក្យ​រិះគន់ និង​ពេបជ្រាយ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​អ្នក​រស់នៅ​ជុំវិញ​ខ្លួន​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ។

តារាចម្រៀង​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖​«​ខ្ញុំ​បាន​ចេញ​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​នៅ​ដើម​ឆ្នាំ​២០០៦ ពេល​នោះ ខ្ញុំ​បាន​ទទួល​ការ​សើច​ចំអក ពេបជ្រាយ​ជាច្រើន គេ​ថា ទៅ​ខំ​អី​សិល្បៈ​ហ្នឹង ខ្ញុំ​ហ្នឹង​ជា​អ្នក​ចម្រៀង​? គ្មាន​អនាគត​ទេ​»។

ទទួល​រង​ការ​មាក់ងាយ​ពេល​ចេញ​ពី​ស្រុក​កំ​ណើត​មិន​អស់​ចិត្ត​នៅពេល​មក​ដល់​ទីក្រុង​យុវជន​ដែល​ទើប​មាន​វ័យ​២០​ឆ្នាំ​ស្តើង​រូប​នេះ បាន​ទទួល​រង​ការ​មើលងាយ​ទិតៀន​ជា​បន្ត​ទៀត ក្នុង​នាម​ជា​ក្មេង​អាស្រ័យ​ជីវិត​ជ្រក​ក្រោម​ដំបូល​ជាមួយ​គេ។

លោក​បាន​បន្ត​ថា​៖​«​ដើម្បី​សម្រេច​បំណង​ជា​តារាចម្រៀង​នេះ ខ្ញុំ​បាន​ផ្ញើ​ជីវិត​ជាច្រើន​កន្លែង​មិន​តិច​ជាង​៤​កន្លែង​ទេ។ បើ​និយាយ​ទៅ​លំបាក​ហួស​ពេក​ហើយ ជីវិត​រស់នៅ​ជាមួយ​គេ មិត្តភក្តិ យើង​តែង​ខ្លាច​គេ​គ្រប់​ជំហាន។ និយាយ​ពី​ស៊ូ​នោះ អស់​ពី​ស៊ូ​ហើយ បើ​និយាយ​ទៅ​កញ្ជះ​គេ​តែ​ម្តង​»។


ទម្រាំ​មាន​ថ្ងៃ​នេះ វាសនា​បន្ត​ថា​៖​«​ខ្ញុំ​ស៊ីឈ្នួល​លក់​ទឹកអំពៅ​ឲ្យ​គេ គេ​មើលងាយ មើលស្រាល​យើង​ណាស់ គេ​ថា​ឲ្យ​មុខ​ក្រោយ តែ​ពេល​នោះ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ចេះ​តែ​ទ្រាំ​ទៅ​ហើយ​មក​ដល់​ពេល​នេះ ខ្ញុំ​ក៏​អត់​ចង់​និយាយ​អាក្រក់​ពី​អ្នក​ណា​ម្នាក់​ដែរ ព្រោះ​វា​បាន​កន្លង​ហួស​បាត់​ទៅ​ហើយ​»។

ស្រប​ពេល​ដែល​កំពុង​ផ្ញើ​ជីវិត​ជាមួយ​គេ​វាសនា បាន​ឆ្លៀត​ដើរ​ជ្រៀតជ្រក​រក​កន្លែង​ច្រៀង ទីបំផុត​វាសនា ក៏​មាន​ឱកាស​បាន​សាក​សំឡេង​នៅ​ផលិតកម្ម SSB ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​រូបគេ​ក៏​បាន​ដំណឹង​ថា រូបគេ​បាន​ក្លាយ​ជា​អ្នកចម្រៀង​ជើងថ្មី​នៅ​ក្នុង​ផលិតកម្ម​នោះ ហើយ​តាមរយៈ​បទ «​លែង​ហ៊ាន​ប្រាថ្នា​» ក្មេង​លក់​ទឹកអំពៅ​វាសនា ក៏​ត្រូវ​គេ​ស្គាល់​ជា​តារាចម្រៀង​វ័យក្មេង​ម្នាក់។

បន្ទាប់ពី​ផលិតកម្ម​SSB ផ្អាក​ដំណើរការ រូបគេ​ក៏​បន្ត​ចូល​ច្រៀង​នៅ​ផលិតកម្ម M ហើយ​បច្ចុប្បន្ន​តារាចម្រៀង កែវ វាសនា កំពុង​ជ្រកក្រោម​ដំបូល​ដ៏​ត្រជាក់​របស់​ផលិតកម្ម​សាន់ដេ ជា​ទី​ដែល​គេ​សាង​កេរ្តិ៍ឈ្មោះ​ល្បាញល្បី និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​រហូត​មាន​លទ្ធភាព​ទិញ​ផ្ទះ​មួយ​កន្លែង​និង​អាច​ផ្លាស់ប្តូរ​ម៉ាក​រថយន្ត​ទំនើប​ជិះ​យ៉ាង​សង្ហា។

តារាចម្រៀង​តូចល្អិត​រូប​នេះ​បាន​និយាយ​ថា​៖​«​ពេល​នៅ​សាន់ដេ​ហ្នឹង ខ្ញុំ​មាន​បទ​ល្អ​ៗ​ច្រើន ខ្ញុំ​ក៏​ចាប់ផ្តើម​រវល់​ការងារ​ខ្លាំង​ទាំង​ច្រៀង​តាម​ខេត្ត និង​ក្នុង​ក្រុង​តែ​ហត់​ខ្លាំង​ណាស់​»។

ទោះ​បី​ជា​នៅ​ពេល​នេះ រូបគេ​ទទួល​បាន​ផ្លែផ្កា​ច្រើន​ពី​សិល្បៈ​តែ​កែវ វាសនា បាន​ឲ្យ​ដឹង​ថា ភាព​ឃ្លេងឃ្លោង​នៅក្នុង​អាជីព​នេះ​នឹង​ជំរុញ​ឲ្យ​រូបគេ​ចាប់​យក​នូវ​មុខរបរ​ថ្មី​មួយ​ទៀត គឺ​ជំនួញ។ ទោះ​ជា​យ៉ាង​ណា​រូបគេ​សុំ​មិន​បញ្ចេញ​នូវ​អ្វី​ដែល​គេ​ចង់​ធ្វើ​នោះ​ឡើយ។

តារា​រូប​នេះ​និយាយ​ថា​៖​«​សិល្បៈ​យើង​ប្រែប្រួល មិន​សូវ​ស្ថិតស្ថេរ​ទេ ដូច្នេះ​នៅ​ពេល​ខាង​មុខ​ខ្ញុំ​ចង់​រកស៊ី​ច្រើន​ជាង ហើយ​ឥឡូវ​កំពុង​រៀបចំ តែ​សុំ​មិន​ទាន់​និយាយ​សិន​»៕


What Next?

Recent Articles