Wednesday, 09 October 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយពីវិលពីសម្តែងនៅលើទឹកដីអាមេរិកដែលរួមដំណើរជាមួយតារាចម្រៀង សុខ រក្សា ដែលជាដៃគូទើបប៉ះគ្នាលើកដំបូងក៏ទុកចិត្តគ្នាហើយនោះ កុល ដាវី ក៏បានបោះទុនរាប់ម៉ឺនដុល្លារបើកក្រុមតន្រ្តីធំ ដោយឲ្យលោក សុខ រក្សា ជាអ្នកគ្រប់គ្រង។ បើទោះជាវង់តន្រ្តីរបស់ខ្លួននៅមិនទាន់មានទីផ្សារទូលំទូលាយក៏ដោយតារាសម្តែងសម្រស់សិចស៊ីដែលមុននេះល្បីមានស្នេហ៍ប្រុសដោតចង្កោមនាង កុល ដាវី បានជះលុយពាក់កណ្តាលសែនដុល្លារបន្ថែមទៀតបើកហាងផឹកស៊ីធំមួយទៀតនៅកណ្តាលក្រុង នៅម្ដុំទួលទំពូង ជិតហាងផឹកស៊ីរហាត់លាភដែលមានយីហោ Valentine ដែលទើបបើកដំណើរការកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានលោកសុខ រក្សា តារាចម្រៀងនៅផលិតកម្មសាន់ដេ ជាដៃគូភាគហ៊ុន។
ប៉ុន្តែអ្វីដែលទស្សនិកជនទន្ទឹងនោះគឺវត្តមានតារានិយមភាពសិចស៊ីរូបនេះ ក្រោយពីវិវឌ្ឍន៍ឈ្មោះឡើងគ្រងតំណែងជាថៅកែមក នាងបែរជាស្ងប់ស្ងាត់ពីការងារសិល្បៈរហូតមានអ្នកខ្លះយល់ថា ទំនងកុល ដាវី នាងឈប់រវល់នឹងការងារសិល្បៈទៀតហើយ បើឡើងជាថៅកែអង្គុយចាំតែរាប់លុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ហើយហ្នឹងចាំបាច់អីស្វែងរកលុយ ហាលថ្ងៃ ត្រូវខ្យល់ ត្រូវភ្លៀងទៀត។
ឆ្លើយតបការលើកឡើងរបស់មហាជននោះ កុល ដាវី បញ្ជាក់ថា តាំងពីនាងបើកហាងផឹកស៊ីមួយនេះ នាងមិនដែលមានពេលទំនេរនោះឡើយ សូម្បីតែពេលធ្វើខ្លួន ដែលជាទម្លាប់ដើមរបស់នាងក៏ដោយ។ អ៊ីចឹងហើយ ទើបមិនឃើញវត្តមាននាងទទួលការងារសម្ដែងទាល់តែសោះ បូករួមទាំងការងារជាពិធីការិនីនៅក្នុងកម្មវិធីធំៗ ព្រោះតែជក់សូរទុកពេលពង្រឹងមុខជំនួញ។ បើទោះជាសំណើចផ្ទុះឡើងកក្អឹក ដែលសបញ្ជាក់ថានាងពិតជាមានអារម្មណ៍សប្បាយយ៉ាងណាក៏ដោយប៉ុន្តែនាងក៏បានលើកឡើងពីការព្រួយបារម្ភផងដែរ។
តារាដែលល្បីឈ្មោះក្នុងវិថីសិល្បៈព្រោះរឿងអាស្រូវស្នេហ៍ នាងកុល ដាវី បានឲ្យដឹងថា៖«ទោះនៅក្នុងហាងខ្ញុំមានបុគ្គលិក និងមេការមើលខុសត្រូវគ្រប់គ្រាន់ក៏ដោយ ក៏ខ្ញុំមិនអាចប្រហែស ឬលែងដៃចោលហាងបានដែរ»។
នាងបញ្ជាក់ថា៖«ហាងថ្មីរបស់ខ្ញុំរមែងមានតារាៗក្រុមសិល្បករជើងចាស់ជើងថ្មីៗ ចេញចូលញឹកញាប់ ដែលពួកគេចង់ឃើញតែវត្តមានខ្ញុំប្រចាំការ។ ទើបឲ្យខ្ញុំរើខ្លួនទៅណាក៏មិនរួច ហើយមិនអាចទទួលការងារសម្ដែងភាពយន្តបាន»។
តារាសម្តែងសិចស៊ីដែលទើបឡើងយីអ៊ុនឡើងជាថៅកែហាងវ័យតោង៣០ដែលមានកំណើតពីខេត្តបន្ទាយមានជ័យរូបនេះបានបញ្ជាក់មូលហេតុបន្ថែមថា៖«តាំងពីបើកហាងនេះ នាងមិនដែលបានទទួលថតរឿងថ្មីៗណាមួយឡើយ ដោយសារតែខ្សែរឿងតម្រូវឲ្យនាងចុះទៅថតជាច្រើនថ្ងៃនៅតាមខេត្ត ហើយប៉ះពាល់ទាំងស្រុងលើមុខជំនួញប្រចាំថ្ងៃ»។
កុល ដាវីអះអាងយ៉ាងមុតមាំថា៖«សម្រាប់ការសម្ដែងក្នុងស្រុក ខ្ញុំអាចនឹងផ្អាកទទួល ដោយសារតែហត់ច្រើន តែទទួលចំណូលតិច ប៉ុន្តែសម្រាប់ការចេញសម្ដែងក្រៅស្រុក គឺខ្ញុំមិនទាត់ចោលនោះទេ ពោលគឺឲ្យតែមានការទាក់ទង គឺខ្ញុំនឹងពិចារណាចេញទៅភ្លាម បើទោះជាត្រូវចេញទៅក្នុងរយៈពេលទើបនឹងបើកហាងថ្មីៗនេះក៏ដោយ»៕