ក្រសួង​សុខាភិបាល បើក​យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ ការពារ​កុមារ​ពី​មេរោគ​កញ្ជ្រិល និង​ស្អូច​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​យុទ្ធនាការ​អំពី​ការណែនាំ​ប្រភេទ​វ៉ាក់សាំង​ថ្មី ទៅក្នុង​កាលវិភាគ​ផ្តល់​ថ្នាំ​បង្ការ ដើម្បី​ការពារ​កុមារ​ពី​មេរោគ​ចំនួន​ពីរ​ប្រភេទ គឺ​មេរោគ​កញ្ជ្រិល និង​ស្អូច នៅក្នុងដូស​តែមួយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃទី​២១​ខែតុលា ឲ្យដឹងថា យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ​គឺ​ដើម្បី​បង្ការ​ជូន​កុមារ​ជាង​៤​លាន​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​៩​ខែ ទៅ​១៥​ឆ្នាំ ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៣ តទៅ ហើយ​យុទ្ធនាការ​នេះ នឹង​ពង្រីក​ទៅកាន់​គ្រប់​ភូមិ ឃុំ និង ស្រុក​ទាំងអស់ ដោយ​បែងចែក​ជា​ពីរ​ដំណាក់កាល គឺ​ក្នុង​ខែតុលា វិច្ឆិកា និងខែឆ្នូ​។ ប៉ុស្តិ៍​ផ្តល់​ថ្នាំ​បង្ការ នឹង​ត្រូវ​បាន​រៀបចំ​ឡើង​តាម​សាលារៀន ដោយ​មាន​ការសម្របសម្រួល​ជិតដិត​ជាមួយ​មន្ទីរ និង ក្រសួង​សុខាភិបាល និង ក្រសួង​អប់រំ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា យុទ្ឋនាកា​រ​ដែល​ធ្វើឡើង​ទូទាំ​ប្រទេស​នេះ នឹង​ការពា​សមិទ្ធិផល​របស់ ប្រទេស​កម្ពុជា​ក្នុងការ​លុប​បំបាត់​ជម្ងឺ​កញ្ច្រិ​ល ហើយ​ស្របពេល​ជាមួយគ្នា​នោះ វា​ក៏​នឹង​ការពារ​កុមារ​ពី​ការឆ្លង​ជំងឺស្អូច​នៅពេល​អនាគត ព្រមទាំង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​សញ្ញា​ជំងឺ​ស្អូច​ពី​កំណើត​។​

​ក្រសួង​សុខាភិបាល ឲ្យដឹងថា ការផ្ទុះ​នៃ​ជំងឺ​កញ្ជ្រិល ដែល​កើតឡើង​រៀង​រាល់​ពីរ​-​បី​ឆ្នាំ​ម្តង​ក្នុង​ប្រទេស​កម្ពុជា អាចមាន​ផលប៉ះពាល់​រយៈពេល​វែង សម្រាប់​ទារក ដែល​កើត​មក​មាន​សញ្ញា​ជំងឺ​ស្អូច​ពី​កំណើត (CRC) ដែល​នាំឲ្យ​ទារក​ពិការភ្នែក ថ្លង់ និង មាន​ជម្ងឺ​បេះដូង​។ អង្គការ​សុខភាព​ពិភពលោក (WHO) ធ្វើការ​ប៉ាន់ប្រមាណ​ថា កុមារ​រហូតដល់ ២៦០​នាក់ កើត​មក​មាន​សញ្ញា​ជំងឺ​ស្អូច​ពី​កំណើត រៀងរាល់​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចំនួន​នៃ​ករណី​នេះ​កើនឡើង​រហូត​ដល់ ១,៤០០​នាក់ នៅ​ពេល​ផ្ទុះ​រាលដាល​នៃ​ជំងឺ​នេះ​។​ក្នុង​ឆ្នាំ​២០១១ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ឲ្យដឹងថា ករណី​ជំងឺ​ស្អូច មាន​ចំនួន ១.០៩២​ករណី​។

​ក្រសួង​សុខាភិបាល បន្តថា បើទោះបីជា​ករណី​ជំងឺ​ស្អូច​ភាគច្រើន ត្រូវបាន​រក​ឃើញ​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​មាន​ករណី​ប្រមាណ ៣៦% កើតឡើង​ទៅ​លើ​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង ដែល​អាច​ឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ទំនង​នឹង​ឆ្លង​ជំងឺ​នេះ ហើយ​កូន​របស់​ពួកគេ​នឹង​កើត​មក​មាន​សញ្ញា​ជំងឺ​ស្អូច​ពី​កំណើត​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles