បណ្តាញ​ពហុ​វិស័យ ចាត់​ទុក​សមាជ​នៅថ្ងៃនេះ ថា​ជោគជ័យ បើ​ទោះជា​សមត្ថកិច្ច​រារាំង​​

ដោយ៖​ តាំង វីដា​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

សមាជិកស្នូលនៃ​បណ្តាញពហុវិស័យ (រូបថត តាំង វីដា)

សមាជិកស្នូលនៃ​បណ្តាញពហុវិស័យ (រូបថត តាំង វីដា)


បណ្តាញ​ពហុ​វិស័យ ចាត់ទុក​សមាជ​​ប្រជាជន ដែល​រៀបចំ​ឡើង​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ថា​ជា​ជោគជ័យ​មួយ នាំ​ឲ្យ​ប្រជាពលរដ្ឋ ចាប់ផ្តើម​ហ៊ាន​បញ្ចេញមតិ​របស់​​ខ្លួន​នៅ​ទី​សាធារណៈ បើទោះបីជា​ការប្រមូលផ្តុំ​នោះ រង​ការបង្ក្រាប​ពី​សមត្ថកិច្ច​ក្តី​។​

​ការអះអាង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅផ្ទះ​មេត្តា​​ហៅ​ស៍ ក្រោយពី​បញ្ចប់​សមាជ ដែល​មាន​សមាជិក​ប្រមាណ ៥០០​នាក់ ចូលរួម​នៅ​លើ​ស្ពាន​​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃនេះ​។​

សមាជិក​ស្នូល មក​ពី​បណ្តាញ​នេសាទ​បឹង​ទន្លេសាប លោក ស៊ឹម សុ​បញ្ញា មានប្រសាសន៍ថា បណ្តាញ​ពហុ​វិស័យ មាន​ការខកចិត្ត​ជា​ខ្លាំង បន្ទាប់ពី​អាជ្ញាធរ មិន​ផ្តល់​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​ពួកគេ​ជួបជុំ។ ​ប៉ុន្តែ​បែរជា​​ប្រើ​​សមត្ថកិច្ច​មក​រារាំង នាំ​ឲ្យ​ប៉ះទង្គិច​លើ​អ្នកចូលរួម ដោយ​អហិង្សា ដែល​ឆ្លុះ​បញ្ចាំង​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយក្រោយ។ យ៉ាងណាក៏ដោយ លោក អះអាងថា សមាជ​ប្រជាជន​នេះ គឺជា​ជោគជ័យ​មួយ ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា ដែល​ជួយ​ឲ្យ​ប្រជាពលរដ្ឋ មាន​បង្ហាញ​ឱកាស​ឡើង​បង្ហាញ​ពី​ទុក្ខលំបាក​របស់​ខ្លួន និង​អ្វី​ដែល​ខ្លួន​ចង់បាន​ពី​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ​។​

សមាជ​ប្រជាជន​លើក​ទី​៣​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ស្វែងយល់​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ការទាមទារ​ឲ្យមាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា និង​ជា​ឱកាស​សម្រាប់​ពលរដ្ឋ លើកឡើង​នូវ​កង្វល់​របស់​ខ្លួន ដែល​កំពុង​ជួបប្រទះ និង​រក​ដំណោះស្រាយ​រួម តាម​រយៈ​​ការ​ផ្ញើ​សារ​​របស់​​ខ្លួន​ទៅកាន់​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​៕

សមាជប្រជាជននៃបណ្ដាញពហុវិស័យ(រូបថតដោយ តាំង វីដា)

សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles