បទ​យកការណ៍​៖​ លក្ខខណ្ឌ​ការងារ​មិន​ល្អ ​និង​ប្រាក់​ឈ្នួល​ទាប​ជា​មូលហេតុ​ដែល​កម្មករ​ផ្ទុះ​ការតវ៉ា​​

ដោយ៖​ ​ញឹម​ សុខន និង អ៊ឹង ប៊ុនថន​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

សមត្ថកិច្ចការពារនៅមុខផ្ទះនាយករដ្ឋមន្ត្រី ខណៈកម្មកររោងចក្រ​ SL តវ៉ា (រូបថត Heather)

​ស្ទើរតែ​រាល់ថ្ងៃ​ដែល​កម្មករ​-​កម្ម​ការ​នី បម្រើ​ការ​​ក្នុង​វិស័យ​​ឧស្សាហ​កម្ម​​កាត់​ដេរ បាន​ធ្វើ​កូដកម្ម ហើយ​ឈាន​ទៅដល់​បាតុកម្ម ដើម្បី​ទាមទារ​អត្ថ​ប្រយោជន៍​​ផ្សេងៗ និង​​លក្ខ​ខណ្ឌ​​ការ​ងារ​។​

តើ​ស្ថានភាព​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ សព្វថ្ងៃ​បាន​ជួប​បញ្ហា​អ្វីខ្លះ បានជា​ពួកគេ ឈាន​ដល់​ធ្វើ​កូដកម្ម ឬ​បាតុកម្ម ?

នៅក្នុង ​​វេទិកា ស្តីពី “​សុខភាព សុវត្ថិភាព និង​​សន្តិសុខ​​របស់​កម្មករ​រោងចក្រ​កាត់ដេរ​" នៅ​ភូមិ​ថ្មសំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ​រ៉ូ​សាលុ​ច​ហ្សំ​បួ​រ កម្មករ​​ដែល​​បាន​ចូលរួម​លើក​ឡើង​ថា ប្រាក់​ឈ្នួល​សព្វ​ថ្ងៃ មិនអាច​ផ្គត់ផ្គង់​រាល់​ការចំណាយ​ផ្សេងៗ​បានទេ​។ ដើម្បី​ចាយ​គ្រប់​ត្រឹម​ប្រាក់​ឈ្នួល​៨០​ដុល្លារ​នោះ ពួក​គេ​អាច​ទិញ​បាន​តែ​ចំណីអាហារ​ថោកៗ គ្មាន​គុណភាព យក​ទៅ​បរិភោគ ប្រឈម​​នឹង​បញ្ហា​សុខភាព ហើយ​ការធ្វើ​ដំណើរ ត្រូវ​ជិះ​ប្រជ្រៀត​គ្នា ប្រឈម​​នឹង​គ្រោះ​ថា្នក់ និង​បង្ខំចិត្ត​ធ្វើការ​ថែម​ម៉ោង​ច្រើន​ជាដើម ៖ "ក្នុងមួយថ្ងៃគឺគាត់ធ្វើការបានតែ ១ម៉ឺន២ពាន់​រៀលទេ ចឹងសាំងក៏វាឡើង១លីត្រពី៥ពាន់ ទៅ៦ពាន់អីដែរ ។ ចឹងគាត់ជិះម៉ូតូមកក៏ត្រូវចំណាយពេលយកលុយហ្នឹងមកចាក់សាំង អញ្ចឹងក្នុងមួយថ្ងៃចំណាយ​ទាំងហូប​ចុកផង និង​ថ្លៃ​សាំងផង ចឹងក្នុងមួយថ្ងៃគាត់សល់តែ ២ពាន់រៀល ទៅ៣ពាន់រៀលសម្រាប់តែសល់ហ្នឹងទេ។ សព្វថ្ងៃលុយបាយដែលគាត់ទទួល​បានគឺ២ពាន់រៀល ពេលដែលគាត់​ថែម​ម៉ោង៦ អញ្ចឹងបើសិនជាមានលុយបាយបន្ថែមលើនឹងអាច២ពាន់រៀលបន្ថែមលើនឹងទៀត បានន័យថា ៤ពាន់រៀលក្នុងមួយថ្ងៃនៅពេលម៉ោង៦ហ្នឹង អញ្ចឹងគាត់អាចងាក​មក​ហូប​អា​ហារ ដែលមានតម្លៃ១ពាន់រៀល ដើម្បីទ្រទ្រុងសុខភាពរបស់គាត់" ។

វេទិកាស្តី​ពី សុខ​ភាព សុវត្ថិភាព និង​សន្តិសុខ​របស់​កម្មករ​រោង​ចក្រ​កាត់ដេរ នៅខេត្ត​កំពង់​ស្ពឺ (រូបថត ពេជ្រ សុធារី)

នៅ​កម្ពុជា​សព្វថ្ងៃ ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​មាន​ត្រឹម​​៨០​ដុល្លារ​ក្នុង​មួយខែ។ ​ចំណែក​ប្រាក់​​ឈ្នួល​គោល​របស់​កម្មករ​នៅ​បណ្តា​ប្រទេស​ជា​សមាជិក អាស៊ាន ដូចជា​នៅ​ប្រទេស​ថៃ ប្រាក់​ឈ្នួល​កម្មករ ២៦៣​​ដុល្លារ ប្រទេស​ហ្វីលីពីន ២១២​ដុល្លារ ប្រទេស​ឥណ្ឌូនេស៊ី ១៨២​ដុល្លារ និង​ប្រទេស​វៀតណាម ១៧២​ដុល្លារ ជាដើម​។​

នៅ​ចំពោះ​កម្មករ​​រាប់រយ​ នាក់​ក្នុង​វេទិកា នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ជា​បណ្តុំ​​រោងចក្រ​ច្រើន​ដែរ​នោះ  ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះ​អាង​​បន្ថែម​ថា កម្មករ​បាន​​ជួប​ប្រទេះ និង​បញ្ហា​សុខភាព នៅពេល​បំពេញ​​ការងារ ដូចជា​បរិយាកាស​នៅក្នុង​រោងចក្រ គ្មាន​ខ្យល់អាកាស​គ្រប់គ្រាន់  ផលិត​ផល​​ក្នុង​សង្វាក់​ផលិតកម្ម​​សំអាត​​សារ​ជាតិគីមី មិន​បាន​ស្អាត និង​ការរំលោភ​សិទ្ធិ​ការងារ​ជា​ដើម​។​

​លោក អាត់ ធន់ បញ្ជាក់ថា កត្តា​ទាំង​នោះ ហើយ​ដែល​ជំរុញ​ឲ្យមាន​កូដកម្ម និង​បាតុកម្ម ទាមទារ​លក្ខខណ្ឌ​​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ៖ "បើយើងគិតថា ម្ហូបអាហារហូបចុកសមរម្យ សម្រាប់ពេលបច្ចុប្បន្ន​ គឺយ៉ាងហោចណាស់ មួយពេល១ដុល្លារដែរ ឲ្យសមរម្យ​ឲ្យគ្រប់កាឡារីណាស់ បើមួយខែយើងអស់៩០ដុល្លារដែរ​ ចុះជួលផ្ទះប៉ុន្មាន ចុះថ្លៃធ្វើដំណើរប៉ុន្មាន បើថាសាំងមួយថ្ងៃមួយលីត្រ ក៏៣០លីត្រដែរ ចឹងយើងមើល​ប្រាក់បច្ចុប្បន្ន​នេះ វាអត់គ្រប់ទេ បើអត់គ្រប់គាត់ធ្វើម៉េច គាត់ហូបតិច គាត់ហូបតិច​ ការងារគេឲ្យធ្វើ៨ម៉ោងថែម២ម៉ោងទៀត ជួនកាលថ្ងៃបុណ្យធ្វើទៀត ថ្ងៃអាទិត្យធ្វើទៀត​ ។ គាត់ចង់ទេ បានសួរគាត់ គាត់ថា អត់ចង់ទេ ប៉ុន្ដែវាអត់មានជម្រើស" ។

​ក្រៅ​ពី​បញ្ហា​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​ទាប ការយក​កងកម្លាំងប្រដាប់អាវុធ​ឬ​អ្នកមានអំណាច​ទៅ​កាង​ឲ្យ​ក្រុមហ៊ុន ហើយ​គៀបសង្កត់​កម្មករ​នោះ ក៏​បញ្ហា​ដែល​នាំ​ឲ្យ​ផ្ទុះ​បាតុកម្ម​ដែរ​។​

​កម្មករ​រោងចក្រ​SL​ជិត​២០០០​នាក់ ដែល​បាតុកម្ម​ជិត​៣​ខែ​មក​នោះ ក្រៅ​តែ​ពី​បាន​បិទផ្លូវ​ច្រើន​ដង​​មកហើយ ​ពួកគេ​បាន​ដង្ហែ​​ក្បួន​មករក​អន្តរាគមន៍​ដល់​ផ្ទះ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ។ ប៉ុន្តែ​​ការ​ក​អន្តរាគមន៍​នៅពេលនោះ​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ ប្រដាប់​ដោយ​ខែល​ និង​ដំបង​ រារាំង​ឈានដល់​ហិង្សា​ ៖ "​ច្បាប់​គេ​ឲ្យ​ប្រាក់​ថ្លៃ​បាយ ធ្វើការ​ថែម​ម៉ោង ២០០០​រៀល​ថែម​ពី​លើ អញ្ចឹង​គាត់​ស្នើ​សុំ គាត់​អាច​សុំ​ ៣០០០ ឬក៏ ​៤០០០ អីអញ្ចឹង​ទៅ អាហ្នឹង​ពាក់​ព័ន្ធ​នឹង​អត្ថ​ប្រយោជន័ ឧទាហរណ៍​មួយ​ទៀត ច្បាប់​តម្រូវ​ឲ្យ​​​ផ្តល់​ថ្លៃ​ស្នាក់​នៅ ឬ​ក៏​​​ថ្លៃ​ធ្វើ​ដំណើរហ្នឹង ៧​ដុល្លារ​ក្នុង​មួយ​ខែ អញ្ចឹង​គាត់​ស្នើ​សុំ​ ១០​ដុល្លារ​ក្នុង​មួយ​ខែរ គាត់​សុំបន្ថែម​ ​​៣​ដុល្លារ បន្ថែម​អី​អញ្ចឹង​ទៅ"។

កម្មកររោងចក្រ​ SL តវ៉ានៅមុខ​ផ្ទះនាយក​រដ្ឋ​មន្ត្រី (រូបថត ញឹម សុខន)

​តាម​របាយការណ៍ របស់​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​​កាត់ដេរ​កម្ពុជា​​C-CAWDU ឆ្នាំ​២០១២​ បង្ហាញថា ឆ្នាំ​២០១០ វិវាទ​រួមមាន​១៣២​ករណី វិវាទ​​បុគ្គល​មាន​៣២​ករណី​។ នៅ​ឆ្នាំ​២០១១​វិវាទ​រួមមាន​១៨៤ វិវាទ​បុគ្គល​៣៧ និង​២០១២​មាន​១៩០​ករណី​។ វិវាទ​កើនឡើង នាំឲ្យ​ចំនួន​កូដកម្ម​ឬ​បាតុ​កម្ម របស់​កម្មករ មិន​​ថយ​ចុះ​​ទេ​។​

អនុប្រធាន ​ការិយាល័យ​ច្បាប់​នៃ​ក្រសួង​ការងារ លោក ហួន សឿ ឲ្យដឹង​ដែរថា កូដកម្ម​-​បាតុកម្ម​របស់​កម្មក​រ​នៅ​ឆ្នាំ​២០១៣​នេះ​ក៏​មិន​ថយចុះ​ទេ។ លោក​​ថា ភាគច្រើន​កើតចេញពី​ការទាមទារ​បន្ថែម​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តែ​មិន​មាន​បញ្ហា​ផ្នែក​ប្រាក់​ឈ្នួល​គោល​ទេ ៖ "វ៉ៃខ្ញុំម៉្លេះលោកអើយ ខ្ញុំ​ធ្វើអី​លោក​ឯង…មក​ហ្នឹង​ចង់ឲ្យ​សម្តេច​ជួយ​ដោះស្រាយ ព្រោះនៅ​ទីនោះ​គេ​មិន​ដោះស្រាយ​ឲ្យ​ទេ​ ថៅកែហ្នឹង​​​វា​មាន​ឯក​ឧត្តម​នៅ​ហ្នឹង​ វា​ធ្វើ​បាប​កម្ម​ករ រោង​ចក្រ​វា​ដាក់​ប៉ូ​លិស ដាក់​ប៉េអឹមអី វា​ជិះជាន់ពួក​យើង​តាម​ចិត្ត​"។

​​របាយការណ៍​របស់​ស​ហ​ជីព C-CAWDU បង្ហាញថា ការ​ផ្តល់​អត្ថប្រយោជន៍​បន្ថែម ក្រៅ​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​មាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​​យ៉ាង​តឹង​រឹង ដូច​ជា​បញ្ហា្ផ​ផ្តល់​ប្រាក់រង្វាន់​​ការងារ​១០​ដុល្លារ​ក្នុង​១​ខែ​បាន​ ភ្ជាប់​នូវ​លក្ខ​ខណ្ឌ​​ថា ធ្វើការ​មិន​អវត្តមាន​នោះ គឺជា​បានបង្ហាញ​ពី​ចេតនា​រឹតបន្តឹង និង​បង្ខំ​ដល់​​​កម្មករ​និង​និយោជិត​ឲ្យធ្វើ​ការដោយ​គ្មាន​ថ្ងៃ​ឈប់សម្រាក ។​

អ្នកស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី យល់ថា ករណី​នេះ​រាជរដ្ឋាភិបាល គួរ​បង្កើត​យន្តការ​​ជាក់លាក់ ដំឡើង​​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ និយោជិត ដើម្បី​​បញ្ជៀ​ស​​បាតុកម្ម និង​ទប់ស្កាត់​ការខាតបង់​ថវិកាជាតិ ដោយសារ​ផ្ទុះ​វិវាទ​ការងារ​នេះ ។​

​​លោក អាត់ ធន់ ឲ្យដឹងថា បញ្ហា​សុខភាព សុវត្ថិភាព និង​​សន្តិសុខ នៅតែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ​សម្រាប់​កម្មករ ដែល​ករណី​នេះ លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល គួរ​តែ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​កម្មករ​-​កម្មការិនី ឲ្យបាន​សមរម្យ ទៅ​តាម​​អតិផរណា​ទំនិញ​​លើ​ទីផ្សារ និង​ធ្វើ​យ៉ាងណា​ពួកគាត់​មាន​ជីវភាព​រស់​នៅ​សមរម្យ​។

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អិត សំហេង ធ្លាប់បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ការ​ដំឡើង​​ប្រាក់​ឈ្នួល​​គោល និង​​ប្រាក់​អត្ថ​ប្រយោជន៍ អាច​​នឹង​​សម្រេច​​ឲ្យ​បាន​​មុន​​បំណាច់ ឆ្នាំ​​២០១៣​​នេះ​៕

សរសេរមកកាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles