ព្រៃឈើនៅតំបន់ការពារសំឡូត ឬហៅថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត កំពុងរងការកាប់ទន្ទ្រានយកដីបង្កបង្កើនផលអស់ជិត ១០០ហិកតារ។ អ្នកដែលបានចូលទៅកាប់ព្រៃរានយកដីនោះ ភាគច្រើន គឺជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមទាំងអ្នកទៅពីក្រៅភូមិផង ហើយក្រុមអាជ្ញាធរមូលដ្ឋានត្រូវគេចោទថា ពុំបានចាត់វិធានការទប់ស្កាត់ទេ ហើយថែមទាំងការពារអ្នកប្រព្រឹត្តិបទល្មើសថែមទៀត។
ដោយ សួន សុផលមុន្នី
2013-10-22
RFA
ក្រុមមន្ត្រីអភិរក្សព្រៃឈើ សម្ដែងការព្រួយបារម្ភចំពោះការកាប់បំផ្លាញព្រៃឈើយកដីមកធ្វើជាកម្មសិទ្ធិឯកជន នៅតំបន់អភិរក្ស ដែលមានព្រះរាជក្រឹត្យការពារនៅត្រង់ចំណុចព្រំប្រទល់ ក្នុងភូមិសាស្ត្រឃុំសំឡូត ខេត្តបាត់ដំបង និងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។
សកម្មភាពកាប់ទន្ទ្រានដីព្រៃនេះ កើតមានឡើងតាំងពីមុនរដូវបោះឆ្នោត រហូតមកទល់ពេលបច្ចុប្បន្ន ក៏នៅតែបន្ត។ ប្រភពក្រុមមន្ត្រីអភិរក្សព្រៃឈើ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងកាលពីថ្ងៃទី២១ ខែតុលា ថា ដីព្រៃទំហំជិត ១០០ហិកតារ ត្រូវបានគេកាប់ព្រៃទន្ទ្រានយកដី។ អ្នកដែលចូលទៅកាប់ដីព្រៃនៅតំបន់នោះ គឺជាអ្នកភូមិ ហើយខ្លះរស់នៅក្នុងខេត្តប៉ៃលិន និងអ្នកខ្លះរស់នៅខេត្តបាត់ដំបង ហើយពួកគេមានក្រុមអាជ្ញាធរមូលដ្ឋានជាអ្នកការពារនៅពីក្រោយខ្នង៖ «ដីនោះជាតំបន់ការពារក្នុងព្រះរាជក្រឹត្យ ១៩៩៣ ដាក់តំបន់ហ្នឹងជាតំបន់ការពារសំឡូត ឬហៅថាតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ ដីក្នុងតំបន់ការពារ វាជាប់ពីរខេត្ត គឺខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ យើងរាយការណ៍ទៅគាត់ទៅ ដូចជាអត់មានប្រសិទ្ធភាព យើងរាយការណ៍ទៅខាងអាជ្ញាធរខេត្តមន្ទីរបរិស្ថាន ប៉ុន្តែអត់មានវិធានការអីទៅលើប្រជាពលរដ្ឋរបស់គាត់ កុំឲ្យចូលទៅកាប់ព្រៃហ្នឹងទៀត នៅតែចូលមកច្រើនឡើងៗកាប់អស់»។
កាលពីថ្ងៃទី២០ ខែតុលា ក្រុមមន្ត្រីអភិរក្សចាប់អ្នកភូមិពីរនាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តប៉ៃលិន។ អ្នកភូមិទាំងពីរនាក់នោះ ត្រូវបានគេជួលឲ្យទៅកាប់ព្រៃទន្ទ្រានយកដី ស្ថិតក្នុងតំបន់ការពារក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ប្រភពបន្តថា បុគ្គលិករបស់អង្គការ អិម.ជេ.ភី (MJP) បានចុះធ្វើសកម្មភាពការពារធនធានព្រៃឈើនៅតំបន់នោះ តាំងពីឆ្នាំ២០០៣ រហូតមកដល់សព្វថ្ងៃ ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន។ បច្ចុប្បន្ន បុគ្គលិករបស់អង្គការជាច្រើននាក់ កំពុងធ្វើសកម្មភាពការពារព្រៃឈើនៅតំបន់នោះ ប៉ុន្តែការអភិរក្ស និងការការពារព្រៃឈើ ពុំអាចទប់ស្កាត់បានទាំងស្រុងនោះទេ ដោយសារតែអាជ្ញាធរមូលដ្ឋានពុំបានផ្ដល់កិច្ចសហការ៖ «មន្ត្រីធ្វើការនៅហ្នឹងមានការសោកស្ដាយនូវអ្វីដែលគាត់ខំប្រឹងធ្វើការនៅហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំ យើងមកដល់ពេលនេះ នៅតែមានការបាត់បង់បន្ថែមច្រើនឡើងៗ មានការព្រួយបារម្ភទៅថ្ងៃអនាគត ព្រៃទាំងអស់ហ្នឹងកាន់តែបាត់បង់ច្រើនទៅៗ ជាសំណូមពរដល់មន្ត្រីបរិស្ថាន ក៏ដូចជាអាជ្ញាធរនៅក្នុងដែនដីហ្នឹង អោយជួយទប់ស្កាត់ អប់រំប្រជាពលរដ្ឋដែលមាននៅក្នុងភូមិតំបន់ ហើយក៏នៅជាប់តំបន់ការពារ ជួយទប់ស្កាត់តំបន់ការពាររបស់គាត់ កុំឲ្យចូលទៅក្នុងតំបន់ការពារ ដើម្បីកាប់ព្រៃហ្នឹង»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបញ្ជាក់ពីមន្ត្រីនៃមន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ដែលមានជាប់ពាក់ព័ន្ធនៅតំបន់នោះបានទេ។
ទាក់ទិនបញ្ហានេះ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍បញ្ជាក់យ៉ាងខ្លីថា លោកនឹងពិនិត្យមើលករណីនេះ។
មន្ត្រីអភិរក្សតំបន់ការពារសំឡូត ឬហៅថាតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បញ្ជាក់ថា ផ្ទៃដីព្រៃដែលរដ្ឋាភិបាលចេញព្រះរាជក្រឹត្យការពារ កាលពីឆ្នាំ១៩៩៣ នោះ មានទំហំ ៦ម៉ឺនហិកតារ។ បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រង និងថែទាំរបស់ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយអង្គការដៃគូ អិម.ជេ.ភី ដែលអង្គការនេះជាអ្នកផ្ដល់ជំនួយថវិកា និងបច្ចេកទេសក្នុងការអភិរក្សធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចរកឃើញឈើជាង១ពាន់ដុំនៅក្បែរព្រំដែនខេត្តរតនគិរី
- ពលរដ្ឋនៅខេត្តស្ទឹងត្រែងអំពាវនាវឲ្យបង្ក្រាបបទល្មើសកាប់ឈើប្រណីត
- សហគមន៍ព្រៃឡង់រំលឹកអំពីលោក ឈុត វុទ្ធី តាមរយៈបទចំរៀង
- សហគមន៍នៅរតនគិរីអំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់ការកាប់រានព្រៃយកដីលក់
- គ្រួសារជនសង្ស័យទាំង៥នាក់នៅកំពង់ធំអះអាងថាមិនបានកាប់ឈើខុសច្បាប់
- ពលរដ្ឋនៅព្រំដែនកម្ពុជាថៃអះអាងថាឈ្មួញបន្តដឹកឈើទៅថៃ
- ពលរដ្ឋនៅមណ្ឌលគិរីអំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់សកម្មភាពកាប់ឈើ
- សកម្មភាពកាប់ឈើខុសច្បាប់កើនឡើងនៅខេត្តពោធិ៍សាត់
- សង្គមស៊ីវិលស្នើឲ្យក្រសួងបរិស្ថានចុះពិនិត្យសកម្មភាពកាប់ឈើនៅកំពង់ស្ពឺ