ថ្ងៃ អង្គារ 22 តុលា 2013
ដោយ លី ម៉េងហួរ
RFI
ក្នុងសវនាការបិទបញ្ចប់ការសន្និដ្ឋានពិភាក្សាដេញដោលលើសំណុំរឿង០០២ វគ្គទី១ នៅព្រឹកថ្ងៃទី២២តុលានេះ ដល់វេនសហមេធាវីការពារលោក នួន ជា ឡើងធ្វើសេចក្តីសន្និដ្ឋាន។ ផ្តើម ដំបូង សហមេធាវីបរទេសរបស់លោក នួន ជា គឺលោកមេធាវី វីកទ័រ គូប៉េ (Victor Koppe) បានច្រានចោលនូវឯកសារភស្តុតាងនានារបស់សហព្រះរាជអាជ្ញា មកដល់លោក នួនជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានរដ្ឋសភា សម័យខ្មែរក្រហម។

លោក នួន ជា អតីតប្រធានរដ្ឋសភា និងជាបងទី២ សម័យខ្មែរក្រហម នៅក្នុងសាលាក្តីខ្មែរក្រហមនៅថ្ងៃចន្ទ២៧មិថុនា២០១១ (© Reuters/Mark Peters)
ភាគីសហមេធាវីការពារក្តីលោក នួនជា មានពេលពីរថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២២តុលានេះ ដើម្បីធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការពិភាក្សាដេញដោល លើសំណុំរឿង០០២ ដំណាក់កាលទី១ ស្តីពី ការជម្លៀសដោយបង្ខំ និងការសម្លាប់ទាហាន អ្នករដ្ឋការសម័យសាធារណៈរដ្ឋ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
ក្នុងសវនាការ នៅព្រឹកថ្ងៃអង្គារនេះ លោកមេធាវី Victor Koppe សហមេធាវីបរទេស សញ្ជាតិហូឡង់ ការពារក្តីលោក នួនជា បានលើកឡើងថា ឯកសារភស្តុតាង ដែលលើកឡើងដោយសហព្រះរាជអាជ្ញា រួមមាន៖ វិដេអូសម្ភាសន៍រវាងអ្នកកាសែត ថេតសម្បត្តិ និងលោកនួន ជា រួមទាំងសៀវភៅប្រវត្តិសាស្ត្រ និពន្ធដោយអ្នកកាសែត និងអ្នកប្រវត្តិសាស្ត្របរទេស ជាដើមនោះ គ្រាន់តែជាការចុចយកភស្តុតាងដោយចុះៗ របស់សហព្រះរាជអាជ្ញា ដើម្បីដាក់បន្ទុកលើលោក នួនជា ដែលសព្វថ្ងៃ មានអាយុ ៨៧ ឆ្នាំតែប៉ុណ្ណោះ។
តាមមេធាវី អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា លោក នួនជា យល់ស្រប និងឯកភាពក្នុងការជម្លៀសប្រជាជនកម្ពុជាពីភ្នំពេញ នៅពេលខ្មែរក្រហមឡើងកាន់អំណាច ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ និងការសម្លាប់អតីតមេខ្មែរក្រហមដទៃទៀត។ ប៉ុន្តែលោក នួនជា បានបដិសេធ មិនទទួលដឹងឮទេ លើការសម្លាប់មេដឹកនាំខ្ពស់ និងទាហានក្នុងរបបសាធារណៈរដ្ឋខ្មែរ លន់នល់ នៅទួលពោធិ៍ជ្រៃ និងបដិសេធលើតួនាទីរបស់លោក ក្នុងការជម្លៀសប្រជាជន លើកទី២ ក្នុងពេលខ្មែរក្រហម កំពុងកាន់អំណាច អំឡុងឆ្នាំ១៩៧។
ក្នុងពេលសវនាការ នៅព្រឹកនេះ សហមេធាវីបរទេស ការពារលោកនួនជា ក៏បានកត់សម្គាល់ពីអវត្តមានរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា សព្វថ្ងៃ មិនបានចូលរួមជាសាក្សី ដើម្បីផ្តល់សក្ខីកម្ម ក្នុងសវនាការ នាំឲ្យប៉ះពាល់ដល់លោក នួនជា ត្បិតអី តាមមេធាវី លោក ហេង សំរិន ជាសាក្សី ដោះបន្ទុកលោកនួនជា ពាក់ព័ន្ធនឹងការជម្លៀសប្រជាជន និងការសម្លាប់ទាហាន រដ្ឋការរបបលន់នល់ នៅទួលពោធិ៍ជ្រៃ។
កាលពីថ្ងៃចន្ទម្សិលមិញ សហព្រះរាជអាជ្ញា លោកស្រី ជា លាង បានស្នើសុំឲ្យតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត លើលោក នួនជា និងលោក ខៀវសំផន ក្នុងអំពើឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀស និងការសម្លាប់ទាហាន លន់នល់៕