អ្នក​ភូមិ​បឹងកក់​ ៣២​គ្រួសារ​ទទួល​បាន​ប្លង់​រឹង​ពី​សាលា​រាជធានី​ភ្នំពេញ​

ថ្ងៃ អង្គារ 22 តុលា 2013
ដោយ សួង សុភារី
RFI

សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ផ្តល់​ប្លង់​រឹង​ឲ្យ​អ្នក​ភូមិ​បឹងកក់​ចំនួន ៣ភូមិ​គឺ​ភូមិ​២២ ភូមិ​២៤ និង​ភូមិ​៦ ដែល​សរុប​មាន ៣២ គ្រួសារ។ តាម​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ការ​ដោះស្រាយ ជំហាន​ទី​២ នឹង​ត្រូវ​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ ដល់​ភូមិ ដែល​នៅ​សេសសល់​ជា​បន្ត​ទៀត។ យ៉ាងណាក៏ដោយ អ្នកភូមិ​ខ្លះទៀត​នៅ​តែ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​ពី​សាលារាជធានី​យ៉ាង​អន្ទះសារ​ដដែល។

កុមារ និងស្ត្រីបឹងកក់ (Siv Channa/RFI)

សេចក្តី​រាយការ​ណ៏របស់​ សួង សុខភារី

(01:24)

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានសម្រេច​ផ្តល់ ប្លង់ដី​ឲ្យ​ពលរដ្ឋ​ចំនួន ៣២ គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ចំនួន៣ នៅ​សហគមន៍​បឹងកក់ រួមមាន ភូមិ២២ ភូមិ២៤ និង​ភូមិ។ នេះ​បើ​យោងតាម​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ។
 
តាម​លោក ឡុង ឌី​ម៉​ង់ សាលា​រាជធានី គ្រោង​នឹង​ដោះស្រាយ​បញ្ហា​នេះ ជូន​អ្នកភូមិ​បឹងកក់ តាំងពី​យូរ​មកហើយ ប៉ុន្តែ ដោយសារតែ​បញ្ហា​ការធ្វើ​បាតុកម្ម និង​គ្រោះទឹកជំនន់ បាន​បង្វែរ​ឲ្យ​សាលា​រាជធានី ត្រូវ​បំបែក​ខ្លួន​គិតគូរ​ពី​រឿង​នោះ​ជាមុនសិន។
 
លោក ឡុង ឌី​ម៉​ង់ បាន​ប្រាប់ថា ចំពោះ​អ្នកភូមិ ៤៤គ្រួសារ​ទៀត ដែល​នៅ​សេសសល់ សាលា​រាជធានី នឹង​កោះហៅ​ពួកគាត់​មក​ដោះស្រាយ ជំហាន​ទី២ នៅក្នុងពេលឆាប់ៗនេះ។ សាលា​រាជធានី ក៏​ចង់​ព​ន្លឿ​ន​ឲ្យ​មានការ​រៀបចំ​សណ្តាប់​ធា្ន​ប់ ក្នុង​ទីក្រុង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ផងដែរ។
 
ប៉ុន្តែ លោក ចាន់ ពុទ្ធិ​សក្តិ តំណាង​អ្នកភូមិ១ ក្នុង​សហគមន៍​បឹងកក់ អះអាងថា លោក​មិន​បានដឹង​ពី​ចំណាត់ការ​នេះ​ទេ ហើយ​លោក​ក៏​មិនបាន​ទទួលដំណឹង​ពី​សាលា​រាជធានី ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​នៅឡើយ​ដែរ។

គួរ​បញ្ជាក់ថា ទំនាស់​ដីធ្លី​នី​បឹងកក់​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ​តែ​អាជ្ញាធរ​នៅតែ​មិនទាន់​អាច​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ ពេលនេះ អ្នកភូមិ​បឹងកក់ ៣២ គ្រួសារ ក្នុងចំណោម ៧៦ គ្រួសារ បាន​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ដើម្បី​បន្ត​រស់​នៅលើ​ទំហំ​ដី ១២,៤៤ ហិកតា ដែល​រដ្ឋាភិបាល​កាត់​ចេញពី​ដី​របស់​ក្រុមហ៊ុន។ ចំណែក​អ្នក​ផ្សេងទៀត​នៅ​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​នៅឡើយ៕



ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles