Wednesday, 23 October 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទម្រាំតែមានថ្ងៃនេះ តារាកំប្លែងស្ងួតនាយ ក្រូច ដែលមានប្រភពមកពីភ្នំស្រង់ខេត្តកំពង់ស្ពឺ បានឆ្លងកាត់ជីវិតក្រលំបាកតោកយ៉ាកដាច់បាយក្រហាយទឹកនិងស្ទើរក្ស័យជីវិតមួយលើកជាពីរលើកក៏មាន។
នាយ ក្រូច បានឲ្យដឹងថា នាយមានឈ្មោះពិត សេន សុប៊ុន កើតនៅថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ១៩៧៩ នៅភូមិត្រាចកុះឃុំមហាឫស្សីស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាយក្រូចជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់(ស្រី២ប្រុស១)ដែលមានឪពុកឈ្មោះ ញ៉ែម ប៊ឿន អាយុ៥៥ឆ្នាំជាគ្រូខ្មែរព្យាបាលជំងឺជាច្រើនមុខនិងម្តាយឈ្មោះ ឃឹម យ៉ាន អាយុ៦២ឆ្នាំអតីតតួល្ខោនសព្វថ្ងៃជាស្ត្រីមេផ្ទះ។រីឯប្អូនស្រីពៅរបស់នាយ គឺនាង អ៊ីត ជាតារាកំប្លែងរួមក្រុមសព្វថ្ងៃដែលមានឈ្មោះពិតថា សេន ចិន្តា។
រំឭកដល់អតីតកាលដ៏ជូរចត់នាយ ក្រូច បាននិយាយទាំងអួលដើមកមិននឹកស្មានមានថ្ងៃនេះថា៖«កាលពីនៅអាយុជាង១០ឆ្នាំ គ្រួសារខ្ញុំដុនដាបកំពូលតែម្តង រកអង្ករច្រកឆ្នាំងសឹងតែពុំបានទេ។ បើនិយាយពីផ្ទះវិញ គឺដំបូលប្រក់មេឃ ពេលភ្លៀងម្តងៗ សុំផ្ទះគេជ្រក ហើយអត់ដែលមានភួយដណ្តប់ទេ នៅខែរងាម្តងៗ ពុកខ្ញុំគាត់ធ្វើចង្ក្រានដីឥដ្ឋនៅកណ្តាលដុតភ្លើងឲ្យកូនៗដេកជុំវិញ»។
ដោយសារការលំបាកវេទនានៃជីវភាព នាយ ក្រូច ដែលជាសិស្សពូកែម្នាក់ ក៏បានដាច់ចិត្តបោះបង់សាលាត្រឹមថ្នាក់ទី៨ ហើយក៏បានរត់ចូលសាងផ្នួសបម្រើសាសនាដោយសម្រេចចិត្តថានឹងប្រឹងបួសរៀនជាសង្ឃអស់មួយជីវិត តែនិស្ស័យមិនដល់ សាមណេរក្រូច បួសរៀនបានតែមួយឆ្នាំក៏បានសឹកវិញ ដោយសារតែឈឺរ៉ាំរ៉ៃខ្លាំងពេក។
តារាកំប្លែងរូបនេះបានរៀបរាប់ថា៖«ខ្ញុំបួសរៀនកាន់វិន័យខ្លាំងពេក ខ្ញុំបួសបានតែមួយឆ្នាំ ក៏សឹកវិញ ព្រោះឈឺខ្លាំងពេក ស្មានតែស្លាប់ផង។ ពេលនោះខ្ញុំបានដាច់ចិត្តសុំពុកខ្ញុំថតមួយប៉ុស្តិ៍ សម្រាប់ដាក់នៅមុខមឈូស ព្រោះខ្ញុំគិតថា ខ្ញុំនឹងមិនរស់ទេ តែក្រោយសឹកមកបែរជាអត់អី»។
បញ្ហាជីវភាពបានជំរុញឲ្យអន្ទិត ក្រូច វេចបង្វេចដើរចេញពីស្រុកកំណើតតែម្នាក់ឯងមកស្វែងរកជីវិតថ្មីមួយនៅភ្នំពេញក្រែងលោបានជួបនឹងភាពធូរធារជាងនៅស្រុកកំណើត តែយ៉ាងណានាយក្រូច បានទទួលការងារត្រឹមតែកម្មករសំណង់ និងអ្នកបារលូប៉ុណ្ណោះ ខណៈក្តីប្រាថ្នាចង់ធ្វើកម្មកររោងចក្រត្រូវគេបោកប្រាស់អស់ប្រាក់១៥០ដុល្លារដែលកាន់តែធ្វើឲ្យនាយក្រូចដាច់បាយ ក្រហាយទឹក ស្ទើរតែលែងក្លាយជាមនុស្ស។
នាយនិយាយថា៖«មកភ្នំពេញដំបូង ចង់ធ្វើរោងចក្រ តែគេសុំ១៥០ដុល្លារមុន អត់ប្រាក់ទេ ម្តាយក៏លក់គោឲ្យទម្រាំបាន លុះឲ្យប្រាក់គេសង្ឃឹមបានធ្វើការតែចាំយូរទៅៗ ទើបដឹងថាគេបោក ពេលនោះ ខ្ញុំចាប់ផ្តើមវេទនាមែនទែន ផ្ទះក៏អត់នៅ ទៅស្រុកក៏អត់ហ៊ានទៅព្រោះខ្មាសគេ ខ្ញុំក៏ត្រាច់ចរពេញភ្នំពេញហ្នឹងតែម្តង ចុងក្រោយខ្ញុំទៅដេកនៅសំយាបសាលាឥន្ទ្រទេវី ខ្ញុំសល់តែ២០០០រៀលប៉ុណ្ណោះ ទិញនំបុ័ងហូបសន្សំសំចៃបន្តិចម្តងៗ ផឹកទឹកទុយោអស់រយៈពេល១សប្តាហ៍។ ពេលនោះខ្ញុំមិនមែនជាមនុស្សទេ ដូចខ្មោចអ៊ីចឹង មូសខាំពេក សូម្បីតែធ្វើសំណង់ក៏គេលែងយកដែរ»។
នាយ ក្រូចបន្តថា៖«សំណាងដែរ នៅពេលស្ទើរតែដាច់ពោះទៅហើយ ក៏ជួបនឹងអ្នកស្គាល់គ្នាគេនាំឲ្យចូលធ្វើការរោងចក្រក៏បានប្រាក់ខែខ្លះតែធ្វើមិនបានប៉ុន្មានផងក៏សម្រេចចិត្តឈប់វិញ ព្រោះប្រាក់ខែ៤០ដុល្លារពេលនោះចាយអត់គ្រប់ ហើយម្តាយខ្ញុំគាត់បានឲ្យខ្ញុំត្រឡប់ទៅស្រុកវិញដើម្បីហាត់រៀនកំប្លែង ហើយខ្ញុំនិងអាអ៊ីត ក៏បានទៅហាត់បន្តនៅខេត្តកំពង់ស្ពឺ ពេលនោះរៀនផង រត់ម៉ូតូឌុប រត់រ៉ឺម៉ក និងលក់ធ្យូងផង។ តែឆ្លៀតពេលខ្ញុំតែងឈប់មើលលោកគ្រូកុយ គ្រូសានម៉ៅ ច្រៀងកំប្លែងកាត់សក់នៅតាមរោងការ ខ្ញុំមានកូនសៀវភៅមួយសម្រាប់កត់ត្រាថា អ្នកណាលេងស្ទីលអីៗ ហើយយកមកបំបែកខ្លួនឯង»។
ដោយក្តីព្យាយាមនាយ ក្រូច ក៏មានឱកាសបានបញ្ចេញសមត្ថភាពនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាមួយនាយ តឹង និងនាយ តាក់ស៊ី ហើយក្រោយមកនាយតាក់ស៊ីក៏បានបបួលទៅប្រឡងនៅស៊ីធីអិន តែជំហានដំបូងនាយក្រូចបានបដិសេធ ព្រោះនាយតែងវង្វេងផ្លូវនៅភ្នំពេញ និងខ្លាចការប្រឡងមានការប្រើលុយជាសំណូក។
ទីបំផុតក្រោយប្រឡងនាយ ក្រូច ក៏បានក្លាយជាតារាកំប្លែងប្រចាំទូរទស្សន៍ស៊ីធីអិន ព្រមគ្នាជាមួយនឹងប្អូនស្រីរបស់ខ្លួនគឺនាង អ៊ីត និងក្មួយប្រុស គឺនាយ ចឺមតែម្ដង។
នាយក្រូច និយាយថា៖«ពេលជាប់ស៊ីធីអិនភ្លាមនោះជីវភាពខ្ញុំក៏វេទនាដែរ លក់មាន់លក់ស្រូវទៅមកភ្នំស្រង់រាល់ថ្ងៃ ព្រោះអត់លុយជួលផ្ទះ។ ទើបតែពេលនេះជីវភាពបានប្រសើរឡើង។ ទាំងនេះក៏មកពីការគាំទ្ររបស់ទស្សនិកជនដែរ ហើយខ្ញុំនឹងនៅបម្រើអារម្មណ៍ទស្សនិកជនរហូតប្រសិនបើពួកគេនៅតែបន្តគាំទ្រ»។
ជាមួយគ្នានោះអ្នកនាង សេន ចិន្តា ហៅអ៊ីត ក៏បានរៀបរាប់យ៉ាងរំជួលចិត្តផងដែរថា គ្រួសាររបស់នាងមានជីវភាពវេទនាណាស់កាលពីប៉ុន្មានឆ្នាំមុន ទើបតែពេលនេះបានធូរធារច្រើន និយាយរួមគឺអាចទប់ទល់នឹងជីវភាព។ អ៊ីត និយាយថា៖«គ្រួសារខ្ញុំពីមុនដុនដាបណាស់ អ៊ីចឹងបានជាបងប្អូនខ្ញុំចែកជើងគ្នារកស៊ីរៀងៗខ្លួន។ បងក្រូច ទៅភ្នំពេញរកការងារធ្វើ ឯខ្ញុំនៅស្រុកក៏យ៉ាប់ដែរ ពេលមានបុណ្យទានម្តងៗទៅលក់នំ លក់បុកល្ហុងចេកចៀនអីហ្នឹង ក្រោយមកក៏ដើរច្រៀងភ្លេងការតែពីរនាក់គាត់ ទម្រាំតែបានប៉ុណ្ណឹងវេទនាគ្រប់យ៉ាងហើយ»។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលធ្វើការនៅរោងចក្រ នាយក្រូចបានរៀបការជាមួយនឹងនារីរួមស្រុកឈ្មោះ ប្រាក់ សុវណ្ណតាមការចាត់ចែងរបស់ចាស់ទុំ ដែលពេលនេះនាយមានកូនពីរនាក់(ស្រី១ប្រុស១)។ រីឯនាង អ៊ីត វិញក៏មានគ្រួសាររួចដែរ។ ប្តីនាងជាគ្រូបង្រៀននៅកំពង់ស្ពឺ ដែលពេលនេះនាងមានកូនស្រីម្នាក់វ័យ១០ឆ្នាំហើយ៕

