កុមារីម្នាក់នៅខេត្តកំពង់ធំដែលឆ្លងជំងឺផ្តាសាយបក្សី បានត្រឡប់ទៅ ផ្ទះវិញ​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់​ទៀត ​នៅស្រុក​បារាយ​ខេត្តកំពង់ធំ បាន​រួចផុត​ពី​ការស្លាប់ ដោយសា​រឆ្លងជំងឺគ្រុនផ្តាសាយ​បក្សី H5N1 ​កាលពី​ចុង​សប្តាហ៍​មុន​។​

កុមារ​កុមារី​នោះ  ត្រូវបាន​ក្រុមគ្រួសារ បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី​៧ ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៤ ​ខែតុលា​ឆ្នាំ​២០១៣​ ដើម្បី​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ព្យាបាល​នៅ​ឃ្លី​និច​ឯកជន​មិន​បាន​ធូរស្រាល​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​(WHO) ចុះ​ថ្ងៃ​ទី​២២ ខែតុលា​ឲ្យដឹងថា កុមារី​ម្នាក់​នោះ រស់នៅ​ក្នុងភូមិ​អូររាំង ឃុំ​ពង្រ ស្រុក​បារាយ ខេត្ត​កំពង់ធំ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧​ខែតុលា ថា​កុមារី​នោះ​មាន​ជំងឺ​ផ្តា​សាយ​​​បក្សី​H5N1​។​

ស្មៀន​ឃុំ​ពង្រ លោក លឹម ហេង ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៧​ខែ​តុលា​នេះ​ថា កុមារី​នោះ បាន​ត្រឡប់មក​ផ្ទះវិញ​ហើយ ដោយ​ពុំ​មាន​អាការៈ​ជំងឺ​ដូច​មុន​ទេ​។​

​ក្រសួង​សុខាភិបាល​ឲ្យដឹង​ដែរថា កា​ឆ្លង​ជំងឺ​របស់​កុមារី​នោះ  អាចមកពី​ប៉ះពាល់​មាន់​ទា​ ឬ​បក្សី​ដែល​ងាប់ ។​

 នេះ​ជា​ករណី​ទី​៤២​នៃ​ជំងឺផ្តាសាយបក្សី ដែល​កើតឡើង​នៅ​កម្ពុជា​។ ៣១​ករណី កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​២៥​ករណី កើត​លើ​នារី​។ ១០​ករណី​ក្នុង​ចំណោម​២១​ករណី​ក្នុង​ឆ្នាំ​២០១៣​នេះ អាចមាន​លទ្ធភាព​រស់​រាន​មានជីវិត​៕

សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles