ដោយ៖ ជន ស្រីណុច
ថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2013
http://vodhotnews.com
វេទិកាស្តីពីសុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរ (រូបថត ពេជ្រ សុធារី)
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM នៅថ្ងៃទី២៧ខែតុលានេះ បានបើកវេទិកាផ្លាស់ប្តូរព័ត៌មាន ស្តីពី«សុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរ» នៅរាជធានីភ្នំពេញ ដែលមានមន្ត្រីពាក់ព័ន្ធនិងកម្មករចូលរួម ដើម្បីរិះរកអនុសាសន៍ ជំរុញឲ្យមានលក្ខខណ្ឌការងារប្រសើរក្នុងសង្វាក់ផលិតកម្ម វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
វេទិកាសាធារណៈស្តីពី«សុខភាព សុវត្ថិភាព និងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរ» ធ្វើឡើងពីម៉ោង ៨:០០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់ នៅការិយាល័យមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ CLEC ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វេទិកានោះ មានអ្នកចូលរួមពីសំណាក់ កម្មករ កម្មការនី មន្ត្រីតំណាងមកពីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ តំណាងមកពីសមាគមរោងចក្រកាត់ដេរ សហជីព និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ ប្រមាណ១៥០នាក់។
កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា CCIM បានបើកវេទិកាសាធារណៈដូចគ្នានេះ នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ បានលើកឡើងថា បញ្ហាសុខភាព សុវត្ថិភាព និងសន្តិសុខការងារ នៅតែជួបបញ្ហាប្រឈម ខណៈប្រាក់ឈ្នួលកម្មករនៅមានកម្រិតទាប ដែលមិនអាចផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់។
សរសរមកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com