Monday, 28 October 2013
យឺន ពន្លក
ភ្នំពេញ ប៉ុស្តិ៍

កំពត: ការរត់ប្រណាំងនៅរមណីយដ្ឋានធម្មជាតិឋានសួគ៌បូកគោ បានបិទបញ្ចប់កាលពីព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៣ ក្រោមបរិយាកាសសប្បាយរីករាយ និងមានការចូលរួមចំនួន ៥៥០ នាក់ ក្នុងនោះមានជនបរទេស៨០នាក់មកពី១១ប្រទេសក្នុងការប្រកួតមួយមិនមែន អាជីពមួយនេះ ប៉ុន្តែ ជាការប្រកួតដើម្បីកីឡានិងទេសចរណ៍។
លោកវ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហៅកាត់ថា NOCC ដែលបានដឹកនាំក្នុងព្រឹត្តិការណ៍នេះមានប្រសាសសន៍ថា៖«គោលបំណងនៃ ការប្រកួតមារ៉ាតុងបូកគោនេះមានគោលដៅសំខាន់ពីរយ៉ាងដោយការដាក់ រមណីយដ្ឋានឋានសួគ៌បូកគោ ជាគោលដៅទេសចរណ៍ឯកនៅតំបន់អាស៊ី ដែលអមទៅដោយព្រឹត្តិការណ៍ កីឡាមានរត់ប្រណាំងម៉ារ៉ាតុង និងប្រណាំងកង់»។
លោកបានបន្តថា៖ «គោលបំណងទី១គឺផ្សព្វផ្សាយ និងផ្សារភ្ជាប់តំបន់ទេសចរណ៍ និងកីឡា ព្រមទាំងទាក់ទាញមហាជនដែលមិនទាន់និយមចូលចិត្តឲ្យងាកមកលេងកីឡា ឬគាំទ្រនូវសកម្មភាពកីឡាឲ្យបានផុលផុស។ ទី២ ផ្តល់អសទិភាពឲ្យកីឡារត់ប្រណាំង និងជិះកង់ជាប្រភេទកីឡាដែលត្រូវកំណត់យកមកលេងក្នុងព្រឹត្តិការណ៍ ប្រចាំឆ្នាំតាំងពីពេលនេះ និងឆ្នាំខាងមុខទៀតពីព្រោះមានតែប្រភេទកីឡាទាំងពីរនេះទេដែល ទាក់ទាញ និងមានកីឡាករ-កីឡាការិនីបានចូលលេងច្រើនគ្នា»។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា៖ «ពីដំបូងគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះមិននឹកស្មានដល់ថា មានការចូលរួមពីមហាជន និងជនជាតិបរទេសបានចំនួនច្រើនដូចនេះទេ ពីព្រោះជាការចាប់ផ្តើមនិងការសាកល្បង ប៉ុន្តែ មកដល់ពេលនេះជាក់ស្តែងយើងទទួលបានការគាំទ្រក៏ដូចជាមានការចូលរួម រហូតដល់ ១៥០ ភាគរយនៃគម្រោង។ ទាំងនេះបង្ហាញពីចំពោះការយល់ដឹងពីសារប្រយោជន៍នៃកីឡាដែលផ្តល់នូវ សុខភាព មិត្តភាព សហប្រតិបត្តិការ ទេសចរណ៍ និងទំនាក់ទំនងទីផ្សារពាណិជ្ជកម្មទៀតផង»។
លោកវ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «អ្នកចូលរួមបានផ្តោតសកម្មភាពកីឡាទៅជាមួយការដើរទេសចរណ៍ពីព្រោះ រមណីយដ្ឋាននេះមានធម្មជាតិ ពិសេសពពកវិល ផ្កាស៊ីមនុស្ស អាងក្លាំ និងទឹកធ្លាក់ ព្រមទាំងទេសសភាពធម្មជាតិដ៏ប្រណីត។
លោកសែម ផល្លា អ្នកគ្រប់គ្រងកម្មវិធីប្រកួតមានប្រសាសន៍ថា៖ «ការទទួលបានភាពជោគជ័យនេះដោយសារមានការយល់ដឹងរបស់ប្រជាពលរដ្ឋ កម្ពុជា ហើយបើទោះបីការចូលរួមតម្រូវឲ្យបង់ប្រាក់ ប៉ុន្តែ គេពេញចិត្តពីព្រោះជាទង្វើឲ្យមនុស្សធម៌ជួយសង្គម ខណៈកូកាកូឡា សូគីមិច ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត និងសុខាអចលនទ្រព្យ ក៏ចូលរួមឧបត្ថម្ភផងដែរ»។
ចំពោះលទ្ធផលនៃការប្រកួត វិញ្ញាសា ២១ គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករហែម ប៊ុនទីង ប្រើពេល១ម៉ោង ២២នាទី និង ៣៤ វិនាទី។ចំណាត់ថ្នាក់លេខ ២ បានទៅលើកាង ធឿន ប្រើពេល១ម៉ោង ២៥នាទី និង ០៥ វិនាទី ខណៈដែលលេខ៣បានទៅជនជាតិបារាំងឈ្មោះDefon Yan។
ផ្នែកនារីចំណាត់ថ្នាក់លេខ១បានទៅលើជនជាតិអង់គ្លេសឈ្មោះ Jill Hamill ប្រើពេល ១ ម៉ោង ៣៧.៥២ នាទីនិងលេខ ២ បានទៅលើលី ណារី ប្រើពេល១ម៉ោង និង ៤៣.០៩ នាទី ខណៈដែលលេខ៣បានទៅ Cer Danis មកពីអង់គ្លេសប្រើពេល ១ ម៉ោង និង៥៧.៣៧នាទី។
សម្រាប់វិញ្ញាសា១០គីឡូម៉ែត្រផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅ ឈុន ប៊ុនថង ប្រើពេល៤៣នាទី និង១៣.៥៦វិនាទី និងលេខ២ បានទៅលើស្មាន់ ម៉ាធ្លី ប្រើពេល៤៣នាទី និង៣.៦១វិនាទី។ ផ្នែកនារីលេខ១ បានទៅ Marya Greenមកពីអាល្លឺម៉ង់ ប្រើពេល៥៣នាទី និង០២.៣៤វិនាទី និងលេខ២ បានទៅ Hiromi Kudo kudo មកពីជប៉ុន ប្រើពេល៥៦នាទី និង០៣វិនាទី៕