ថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កំពុងពិចារណារៀងខ្លួន អំពីលទ្ធផលនៃការចរចាថ្នាក់បច្ចេកទេសនៃតំណាងគណបក្សទាំងពីរ នៅវិមានរដ្ឋសភា កាលពីថ្ងៃទី៥ វិច្ឆិកា នោះ។
ដោយ ទីន ហ្សាការីយ៉ា
2013-11-06
RFA

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា ធ្វើសន្និសីទកាសែតក្រោយបញ្ចប់កិច្ចចរចានៅរដ្ឋសភា នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Tin Zakariya
តំណាងគណបក្សទាំងពីរ នឹងជួបគ្នាដើម្បីចរចាបន្តទៀត ដើម្បីទម្លុះភាពទាល់ច្រកនយោបាយ ក្រោយពីការបោះឆ្នោតនីតិកាលទី៥ រហូតមកទល់ពេលនេះ អស់រយៈពេលជាងបីខែមកហើយនោះ។
ការជួបគ្នាចរចាបន្តរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានពន្យារពេលរហូតដល់សប្ដាហ៍ក្រោយ នឹងជួបគ្នាពិភាក្សាបន្តជាថ្មីទៀត ដើម្បីរកដំណោះស្រាយនយោបាយរួម រវាងគណបក្សទាំងពីរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាប្រធានក្រុមដឹកនាំការចរចាតំណាងឲ្យគណបក្សប្រជាជនកម្ពុជា នោះ បានឲ្យដឹងនៅថ្ងៃទី៦ វិច្ឆិកា ថា ការចរចានឹងពន្យារពេលដល់សប្ដាហ៍ក្រោយ ដោយសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាប់រវល់ក្នុងភារកិច្ចរបស់ខ្លួននៅក្នុងស្ថាប័នរដ្ឋាភិបាល។ តែការកំណត់ថ្ងៃណាមួយពិតប្រាកដនោះ លោកបញ្ជាក់ថា គណបក្សទាំងពីរមិនទាន់ជួបគ្នាកំណត់កាលបរិច្ឆេទនៅឡើយ៖ «គណបក្សប្រជាជនកម្ពុជា នៅតែខិតខំខិតខំឲ្យមានការចរចា និងធ្វើជាជំនួយឲ្យមានជំនួបកំពូលនៃគណបក្សទាំងពីរ»។
លោក ព្រំ សុខា បញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យមានការជួបគ្នាចរចាបន្តទៀត ដើម្បីឲ្យរកដំណោះស្រាយនយោបាយសមស្របនៅពេលខាងមុខ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លទ្ធផលនៃការចរចាកាលពីថ្ងៃទី៥ វិច្ឆិកា នោះ ខាងក្រុមបច្ចេកទេសចរចាបានបញ្ជូនទៅថ្នាក់លើរួចហើយ។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សនឹងធ្វើការសម្រេចចិត្តអំពីបញ្ហានេះនៅពេលក្រោយ៖ «តាមធម្មតា ត្រូវតែជួបគ្នា ត្រូវតែដោះស្រាយ ដើម្បីរកដំណោះស្រាយ មិនត្រូវជាប់គាំងយូរអ៊ីចឹងទេ ប៉ុន្តែ លទ្ធផលយ៉ាងណានោះ ចាំមើលបន្តទៀត»។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី៥ វិច្ឆិកា បន្ទាប់ពីការចរចាភ្លាមៗថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានបរាជ័យ ដោយសារភាគីគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនទទួលយកនូវការស្រាវជ្រាវស្វែងរកការពិតភាពមិនប្រក្រតី ដែលកើតមានក្នុងការបោះឆ្នោតនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ស្មារតីទទួលខុសត្រូវលើបញ្ហាជាអាយុជីវិតជាតិ។ ដូច្នេះ ការស្រាវជ្រាវរកការពិតពីការបោះឆ្នោត ជាករណីចាំបាច់ដែលខានពុំបាន មុននឹងមានកិច្ចព្រមព្រៀងរកដំណោះស្រាយនយោបាយណាមួយ ដែលអាចចេញជារូបរាងបាន ដោយស្នើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់នូវភាពចាំបាច់នេះ។
ទោះបីជាមិនទាន់ទទួលលទ្ធផលជាវិជ្ជមានក្ដី ក៏គណបក្សសង្គ្រោះជាតិ ស្នើឲ្យបន្តជួបចរចាគ្នាតទៅទៀត តាមគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហារបស់ជាតិឲ្យបានជោគជ័យ។
គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបចរចារកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ភាពជាប់គាំងនេះចំនួនបីលើកមកហើយ ប៉ុន្តែបញ្ហាសំខាន់ដែលនៅតែមិនទាន់រកចំណុចរួមឃើញនោះ ដោយសារតែគណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យស៊ើបអង្កេតភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបោះឆ្នោត កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣ និងករណីមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគ៖ ថៃនឹងមិនបង្កសង្គ្រាមទេទោះបីតុលាការអន្តរជាតិឲ្យកម្ពុជាឈ្នះក្ដី
- គ.ជ.ប នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនៅឆ្នាំ២០១៤
- គណបក្សធំ២មិនទាន់បង្ហាញលទ្ធផលនៃកិច្ចចរចាជាសាធារណៈ
- ឧបការីរងអាមេរិកបញ្ចប់ទស្សនកិច្ចនៅកម្ពុជា
- ពលរដ្ឋខេត្តកំពង់ចាមប្រតិកម្មចំពោះការចូលចរចារបស់បក្សប្រឆាំង
- បក្សធំទាំងពីរកំណត់សមាសភាពមន្ត្រីចរចាពីភាពជាប់គាំងនយោបាយ
- ពលរដ្ឋនៅកំពង់ស្ពឺព្រមានឈប់គាំទ្របក្សប្រឆាំងបើមិនរកយុត្តិធម៌ជូនម្ចាស់ឆ្នោត
- អាជ្ញាធរភូមិនៅកំពង់ចាមរងការចោទថាតាមដានសកម្មភាពពលរដ្ឋគាំទ្របក្សប្រឆាំង
- សិល្បករម្នាក់ដែលគាំទ្របក្សប្រឆាំងត្រូវស្ថានីយទូរទស្សន៍រើសអើងមិនឲ្យសម្ដែង