ដោយ៖ ណាត សុភាព និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ក្រុមបច្ចេកទេសកំពុងបំពេញបេសកកម្មវាស់វែងដីជូនពលរដ្ឋនៅតំបន់បឹងកក់ (រូបថតដោយ ណាត សុភាព)
មន្ត្រីសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ ចាប់ផ្តើមដឹកនាំក្រុមការងារបច្ចេកទេស ចុះវាស់វែងដី ធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅបឹងកក់ ចំនួន៣២គ្រួសារ តាមការសន្យារបស់អភិបាលរាជធានី និងស្របតាមអនុក្រឹត្យនាយករដ្ឋមន្ត្រី។
កាលពីឆ្នាំ២០១១ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ដីនៅតំបន់ បឹងកក់ទំហំ១២.៤៤ហិកតា ទុកឲ្យពលរដ្ឋដែលនៅសេសសល់ជិត១ ០០០គ្រួសារ នៅតំបន់នោះ ធ្វើជាកម្មសិទ្ធិវិញ បន្ទាប់ពីអ្នកភូមិចេញតវ៉ា។ តែការផ្តល់ប័ណ្ណកម្មសិទ្ធមិនទាន់បានប្រគល់ឲ្យគ្រប់ចំនួនទេ ទើបអ្នកភូមិចេញតវ៉ាដល់សព្វថ្ងៃ។
អ្នកស្រី ហេង មុំ ជាសកម្មជនដីធ្លីមា្នក់នៅតំបន់បឹងកក់ ដែលទើបផ្តាច់ខ្លួនចេញពីក្រុមអ្នកស្រី ទេព វន្នី ថ្លែងថា មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមបច្ចេកទេស ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរង បានចុះវាស់ដីធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់។ អ្នកស្រី ហេង មុំ ដែលធ្លាប់ឡើងទូរទស្សន៍គាំទ្ររដ្ឋាភិបាលបរិហារក្រុមអ្នកស្រី ទេព វន្នី នោះ បានសរសើរអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ដែលឡើងកាន់ដំណែងថ្មីជំនួសលោក កែប ជុតិមា ដែលដោះស្រាយបញ្ហាដីធ្លីនេះមិនចប់ ៖

ចំណែកអ្នកភូមិ២២ តំបន់បឹងកក់ សាទរចំពោះការចុះវាស់ដីធ្វើប័ណ្ណកម្មសិទ្ធិ ជូនអ្នកបឹងកក់ចំនួន៣២គ្រួសារនេះ។ ប៉ុន្តែពួកគាត់នៅតែព្រួយបារម្ភចំពោះ ការពន្យាពេលម្តងទៀត នៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ ៖
នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ឲ្យដឹងថា ពលរដ្ឋជាង៣០គ្រួសារផ្សេងទៀតនៅតំបន់នោះ មិនទាន់មានឈ្មោះ ទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ។ ហេតុនេះលោកមិនទាន់ជឿជាក់ ចំពោះការចុះវាស់ដីផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅតំបន់បឹងកក់ ចំនួន៣២គ្រួសារ ដើម្បីបញ្ចប់ជម្លោះនៅឡើយទេ ៖
អ្នកនាំពាក្យសាលារាធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់ VOD នៅព្រឹកថ្ងៃពុធ ខែវិច្ឆិកានេះថា ដំណាក់កាលដំបូងក្រុមការងាររបស់សាលារាជធានី ចុះវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋបឹងកក់ ចំនួន៣២គ្រួសារសិន។ ចំណែកអ្នកដែលសេសសល់ និងមិនទាន់មានឈ្មោះជាង៣០គ្រួសារទៀត ក្រុមការងារបច្ចេកទេស និងបន្តវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ឲ្យបានឆាប់ផងដែរ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com