សមត្ថកិច្ច នឹង​តាម​ចាប់ខ្លួន​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី តាម​សំណើ​រដ្ឋាភិបាល​រុស្ស៊ី​​

ដោយ៖​ តាំង វីដា​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

លោក សឺ​ហ្គេ ប៉ូ​លុន​ស្គី​ មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​ (Sergei Polonsky) ​(រូបភាពពី www.forbes.com)

លោក សឺ​ហ្គេ ប៉ូ​លុន​ស្គី​ មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​ (Sergei Polonsky) ​(រូបភាពពី www.forbes.com)

​អគ្គស្នងការ​នគរបាល​ជាតិ​អះអាងថា នឹង​តាម​ចាប់ខ្លួន​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី លោក សឺ​ហ្គេ ប៉ូ​លុន​ស្គី​ (Sergei Polonsky) ដែល​គេច​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​បោះ​បង់​ចោល​​ក្រុមហ៊ុន​អចលនទ្រព្យ កំពុង​ជាប់បំណុល​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ការសម្រេច​តាម​ចាប់ខ្លួន​មហាសេដ្ឋី​រុស្ស៊ី​នេះ គឺ​ធ្វើឡើង​តាម​សំណើ​​របស់​រដ្ឋាភិបាល​រុស្ស៊ី ហើយ​អាជ្ញាធរ​កម្ពុជា បាន​កំពុង​អនុវត្ត​ការងារ​នេះ ដោយ​ទទួលបាន​ព័ត៌មាន​ថា មហាសេដ្ឋី​រូបនោះ កំពុង​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​។ លោក ឲ្យដឹង​ដែរថា សមត្ថកិច្ច​នឹង​ជូនដំណឹង​ជា​សាធារណៈ បន្ទាប់​ពី​ចាប់​មហាសេដ្ឋី​រុស្ស៊ី​រូបនោះ​បាន​។

​លោក ប៉ូ​លុន​ស្គី ត្រូវ​តុលាការ​រុស្ស៊ី​ចោទប្រកាន់ថា បាន​បោះបង់ចោល​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​កំពុង​ជាប់បំណុល​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​បាន​រត់​មក​ជ្រកកោន​លើ​កោះ​ឯកជន​មួយ ក្នុង​ដែនទឹក​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ លោក សឺ​ហ្គេ ប៉ូ​លុន​ស្គី និង​មិត្ត​ភ័ក្ត្រ​ពីរ​នាក់​ទៀត ត្រូវបាន អាជ្ញាធរ កម្ពុជា​ចាប់ខ្លួន​ដោយ​រង​ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ការ​ឃុំឃាំង​មនុស្ស​ខុសច្បាប់​លើ​កម្មករ​ខ្មែរ​៦​នាក់ ដោយ​ប្រើ​កាំបិត និង​បញ្ជា​ឲ្យ​ពួកគេ​លោត​ចេញ​ពី​ទូក ក្នុង​ខេត្ត​ព្រះសីហនុ​។ តែ​ក្រោយមក កម្មករ​ខ្មែរ​ទាំង​៦​នាក់​នោះ បាន​ដក​ពាក្យបណ្តឹង​លើ​ករណី​នេះ បន្ទាប់ពី​បាន​ទទួល​សំណង​រដ្ឋប្បវេណី​ចំនួន​២​ម៉ឺន​ដុល្លារ​។ កម្មករ​ម្នាក់ ទាមទារ​៥​ពាន់​ដុល្លារ តែ​ជនជាតិ​រុស្ស៊ី​រូបនេះ ផ្តល់​ឲ្យតែ​២​ម៉ឺន​ដុល្លារ សម្រាប់​កម្មករ​ទាំង​៦​នាក់៕

សូមសរសេរមកកាន់​ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles