សហភាព​អឺរ៉ុប​គាំទ្រ​គម្រោង​ប្រឆាំង​ការ​ជួញ​ដូរ​នុយក្លេអ៊ែរ និង​វិទ្យុ​សកម្ម​

ថ្ងៃ ពុធ 06 វិច្ឆិកា 2013
ដោយ លាង ដឺលុច
RFI

ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ និង​តំណាងរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លើ​គម្រោង​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ការ​ជួញដូរ​ខុស​ច្បាប់​នូវ​សារធាតុ​នុយក្លែអ៊ែរ និង​វិទ្យុ​សកម្ម​។ ជា​គម្រោង​ដែល​ត្រូវ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប តាមរយៈ​ការ​ផ្តល់​នូវ​គ្រឿង​បរិក្ខារ​ស្រាវជ្រាវ​នូវ​សាធាតុ​ទាំង​នេះ ដែល​នឹង​ត្រូវ​គេ​បំពាក់​នៅ​តាម​ច្រក​ចេញ​ចូល​នៅ​កំពង់ផែ​ភ្នំពេញ និង​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប។

ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ និង​តំណាងរដ្ឋាភិបាល​កម្ពុជា​ ​ចុះ​ហត្ថលេខា​រួម​គ្នា នៅ​ព្រឹកថ្ងៃទី៦វិច្ឆិកា២០១៣។​ @RFI


សេចក្តី​រាយការ​ណ៏របស់​ លាង ដឺលុច

(01:55)


សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ការ​ជួញដូរ​ខុស​ច្បាប់​នូវ​សាធាតុ​នុយគ្លេអ៊ែរ និង​វិទ្យុសកម្ម​នៅ​កម្ពុជា។ ការ​ចុះ​ហត្ថលេខា​អនុវត្ត​គម្រោង​ត្រួត​ពិនិត្យ​តាម​ព្រំដែន​ប្រឆាំង​សារធាតុ​គីមី​គ្រោះថ្នាក់​ទាំងនេះ​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក Jean-Francois CAUTAIN និង​លោក​ ឱម យិនទៀង តំណាង​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មាធិការជាតិ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​កម្ពុជា។

 
តាម​រយៈ​គម្រោង​ជំនួយ​នេះ សហភាព​អឺរ៉ុប​នឹង​ផ្តល់​មក​អោយ​កម្ពុជា​នូវ​គ្រឿង​បរិក្ខា​ស្រាវជ្រាវ​វិទ្យុសកម្ម និងប្រព័ន្ធ​ទំនាក់ទំនង​ប្រកាស​អាសន្ន ដែល​នឹង​ត្រូវ​បំពាក់​នៅទីតាំង​ឆ្លងកាត់​ព្រំដែន​សំខាន់ៗដូច​ជា​ កំពង់ផែទន្លេថ្មី​រាជធានី​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប។ គ្រឿង​បរិក្ខា​ទាំង​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ស្រាវជ្រាវ​សម្ភារៈ​នុយគ្លេអ៊ែរ និង​វិទ្យុ​សកម្ម ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​ខុសច្បាប់ និងការ​ប្រើប្រាស់​ដ៏ឧក្រិដ្ឋ​នូវ​សារធាតុ​ទាំងនេះ។
 
ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប លោក Jean-Francois CAUTAIN បាន​មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​អោយ​មាន​ពិភពលោក​មួ​យ​ប្រកប​ដោយ​សុវត្ថិភាព មាន​សន្តិសុខ និង​ស្ថិរភាព។ លោក​បន្ត​ថា នេះ​ក៏ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដេល​ចែង​ថា ការ​រីកសាយភាយ​អាវុធ​នុយគ្លេអ៊ែរ គីមីសាស្ត្រ វិទ្យុសកម្ម និងជីវសាស្ត្រ និង​មធ្យោបាយ​បញ្ចេញ​អាវុធ​ទាំង​នេះ គឺ​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។ តំណាង​សហភាព​អឺរ៉ុប​ក៏​បាន​ថ្លែង​ក្តី​រីករាយដែល​កម្ពុជា​បាន​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ខុសច្បាប់ និង​អំពើ​ឧក្រិដ្ឋ និង​ភេរវកម្ម​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​ផ្សេងទៀត​។
 
គួរ​បញ្ជាក់ផងដែរថា ដើម្បី​អនុវត្ត​គម្រោង​មួយ​នេះ វគ្គបណ្តុះបណ្តាល​ជា​ច្រើន​ក៏​នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​សម្រាប់​មន្ត្រី​ជំនាញ​មួយ​ចំនួននៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ និង​ពិសេស​មន្ត្រី​នៅ​កំពង់ផែ​ទន្លេថ្មី​រាជធានីភ្នំពេញ និង​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប៕

 


What Next?

Recent Articles