ដោយ៖ ជន ស្រីណុច
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អគ្គិភ័យនៅសង្កាត់ចាក់អង្រែ (រូបថតពី Facebook)
អគ្គិភ័យបានឆេះ ក្លឹបកំសាន្តមួយកន្លែង មានយីហោ " ឃី " តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ធ្វើឲ្យស្លាប់មនុស្សបីនាក់ និងបានឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតនៅខាងជើងគុកទួលស្លែង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន នៅថ្ងៃតែមួយ។
នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោកនេត វន្ថា ប្រាប់ VOD នៅរសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកានេះថា នៅម៉ោងប្រមាណជាង១០ព្រឹក អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្តយីហោ «ឃី»បានធ្វើអោយមនុស្សប្រុស២នាក់ និងស្ត្រីម្នាក់ជាភិរិយាម្ចាស់ក្លឹបស្លាប់ភ្លាមៗ។ លោកបន្តថាករណីនេះកើតឡើងដោយសារការមិនប្រុងប្រយ័ត្នរបស់ជាងផ្សារដែកនៅបន្ទប់ក្លឹបនេះ ធ្វើឲ្យធ្លាក់ផ្កាភ្លើងមកលើសាឡុងនាំឲ្យឆេះរាលដាលភ្លាមៗ។
លោក នេត វន្ថា បានឲ្យដឹងទៀតថា នៅម៉ោង១២: ១០នាទីថ្ងៃដដែលនេះ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ស្ថិតនៅខាងជើងគុក ទួលស្លែង តាមបណ្ដោយផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ មូលហេតុមកពីកន្លែងបោកគក់ប្រើប្រាស់ចរន្តអគ្គីសនីមិនប្រុងប្រយ័ត្ន ធ្វើឆ្លងចរន្ត។ លោកអំពាវនាវឲ្យសាធារណជន មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងបញ្ហានេះកើតឡើង ហើយប្រសិនបើមានការឆេះសូម សហការជួយគ្នាពន្លត់។
មន្ត្រីជំនាញឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ នៅរាជធានីភ្នំពេញ មានអគ្គីភ័យកើតឡើង៩៣ ករណី ស្លាប់៦នាក់ របួសធ្ងន់១១នាក់ គិតជាទឹកប្រាក់រាប់លានដុល្លារ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com