ថ្ងៃ ពុធ 06 វិច្ឆិកា 2013
ដោយ លី ម៉េងហួរ
RFI
ក្នុងដំណើរការដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់ គឺនៅព្រឹកថ្ងៃទី៦វិច្ឆិកានេះ អាជ្ញាធរចម្រុះ ដឹកនាំដោយអភិបាលរងរាជធានីភ្នំពេញ បានចុះពិនិត្យ និងវាស់វែង កំណត់ព្រំដី នៅតំបន់បឹងកក់ មុននឹងចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ៣២គ្រួសារ ក្នុងចំណោមពលរដ្ឋ ៧៦គ្រួសារ ដែលមានបញ្ហា នៅបឹងកក់។
អ្នកភូមិបឹងកក់មួយក្រុមត្រេកអរបានទទួលបណ្ណ័កម្មសិទ្ធិដីធ្លី កាលពីពេលកន្លងទៅ។ © ស៊ីវ ចាន់ណា
ក្រុមការងារចម្រុះ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងវាស់វែងព្រំដី របស់ប្រជាពលរដ្ឋ ៣២ គ្រួសារ នៅតំបន់បឹងកក់។ ពលរដ្ឋ ៣២ គ្រួសារនោះ ស្ថិតក្នុងចំណោមពលរដ្ឋ ៧៦ គ្រួសារ ដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី លើទំហំផ្ទៃដី ១២,៤៤ ហិកតា។
ការពិនិត្យ និងស្រង់ស្ថិតិពលរដ្ឋទាំង ៣២ គ្រួសារ ជាដំណើរការដោះស្រាយជម្លោះដីធ្លី នៅបឹងកក់ មុនពេលអាជ្ញាធរប្រជុំ និងបំពេញបែបបទ ចេញប្លង់កម្មសិទ្ធិ ស្របច្បាប់ សម្រាប់ពលរដ្ឋទាំងនោះ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ បន្តថា ក្រៅពីពិនិត្យ និងស្រង់ស្ថិតិ អាជ្ញាធរក៏វាស់វែង រៀបចំកាត់តម្រឹមព្រំដីរបស់ពលរដ្ឋទាំងនោះ ឲ្យមានសណ្តាប់ធ្នាប់ នៅកន្លែងដែលពួកគាត់ កំពុងរស់នៅផងដែរ។
ការចេញប្លង់កម្មសិទ្ធិ ដល់ពលរដ្ឋទាំង ៣២ គ្រួសារ នៅពេលណា មិនទាន់ត្រូវបានលោក ឡុង ឌីម៉ង់ បញ្ជាក់ទេ។ ចំណែកពលរដ្ឋនៅបឹងកក់ ដែលមិនទាន់ទទួលបានការយល់ព្រម ប្រគល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ៤៤ គ្រួសារទៀត ក៏មិនទាន់ត្រូវបានអាជ្ញាធរ កំណត់ថា ជួបប្រជុំ និងដោះស្រាយនៅពេលណាទេ។ គ្រាន់តែលោក ឡុង ឌីម៉ង់ អះអាងថា អាជ្ញាធរ ដោះស្រាយជំហ៊ានទី១ លើពលរដ្ឋ ៣២ គ្រួសារនេះ ជាមុនសិន។
កាលពីថ្ងៃទី២២តុលា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបជាមួយក្រុមអ្នកភូមិបឹងកក់ ចំនួន ៣២ គ្រួសារ ក្នុងចំណោម ៧៦ គ្រួសារ ដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី នៅតំបន់បឹងកក់ ក្នុងទំហំដី ១២,៤៤ ហិកតា។ ក្នុងកិច្ចប្រជុំនោះ អាជ្ញាធរ បានព្រមព្រៀង ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋទាំង ៣២ គ្រួសារ មកពីភូមិ២២ ភូមិ២៤ និងភូមិ៦ ឲ្យបន្តរស់នៅលើដីផ្ទះរបស់ខ្លួន ក្នុងចំណោមពលរដ្ឋជិត ១០០០ គ្រួសារ នៅបឹងកក់ លើដីទំហំ ១២,៤៤ ហិកតា។
ក្រុមអ្នកភូមិបឹងកក់ទាំង ៣២ គ្រួសារ ដែលអាជ្ញាធរព្រមប្រគល់ប្លង់កម្មសិទ្ធិស្របច្បាប់ ពេលនេះ មិនមែនជាក្រុមអ្នកភូមិ ដឹកនាំដោយអ្នកស្រី ទេព វន្នី ទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ក្នុងកិច្ចប្រជុំកន្លងមកថា អាជ្ញាធរសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហាដីធ្លីនៅបឹងកក់ ដោយមិនរើសអើងទេ៕



