ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អ្នកទេសចរមកកាន់តំបន់អាស៊ីភាគអាគ្នេយ៍ អំពាវនាវឲ្យប្រទេសចំនួន៤នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម បង្កើនសកម្មភាពក្នុងការការពារកុមារ ពីការកេងប្រវ័ញ្ចក្នុងវិស័យទេសចរណ៍។
សេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យវេស្ទើនស៊ីដនី និងអង្គការទស្សនៈពិភពលោក ចុះផ្សាយនៅថ្ងៃពុធទី០៦ខែវិច្ឆិកា ត្រូវនឹងថ្ងៃប្រារព្ធទិវាទេសចរណ៏ពិភពលោក ប្រកបដោយការទទួលខុសត្រូវ បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ មានភ្ញៀវទេសចរជាង៣៦លាននាក់ ធ្វើដំណើរមកកាន់ ប្រទេសទាំង៤នេះ ហើយភាគច្រើននៃភ្ញៀវទាំងនោះ បានឃើញកុមារស្ថិតក្នុងភាពងាយរងគ្រោះ។
សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា ក្នុងរបាយការណ៍អង្កេត តាមរយៈកិច្ចសម្ភាសន៍អ្នកទេសចរ ២៧០នាក់ មកពី៣៩ប្រទេសខុសៗគ្នា។ ក្នុងនោះ ៩៥% នៃភ្ញៀវទេសចរដែលទទួលការស្ទង់មតិ បានលើកឡើងថា ពួកគាត់មានអារម្មណ៍សោកសៅ ព្រួយបារម្ភ និងខកចិត្ត នៅពេលបានជួបស្ថានភាពងាយរងគ្រោះទៅលើកុមារ ។
របាយការណ៍ក៏បានបង្ហាញផងដែរថា ភាគច្រើននៃភ្ញៀវទេសចរ ឲ្យដឹងថា ពួកគេចង់ជួយកុមារដែលប្រឈមនឹងបញ្ហាទាំងនោះ ប៉ុន្តែពួកគេថាភាគច្រើនពុំទាន់ ដឹងច្បាស់ពីសកម្មភាពដែលពួកគេគួរធ្វើ ហើយពួកគេចង់បានព័ត៌មានបន្ថែមស្តីអំពីសកម្មភាព ដើម្បីទប់ស្កាត់កុមារពីការរំលោភ បំពានឬកេងប្រវ័ញ្ចផ្សេងៗ។
រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយដល់គម្រោងកុមារផ្នែកបង្ការ ចំនួន ៧,៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ ក្នុងអនុតំបន់ទន្លេមេគង្គ។
សម្រាប់នៅកម្ពុជាគម្រោងកុមារផ្នែកបង្ការនេះ គ្រោងនឹងអនុវត្តរយៈពេលបីឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០១១ រហូតដល់ ខែកញ្ញា ឆ្នាំ២០១៤។ គម្រោងនេះត្រូវបានអនុវត្តតាមរយៈសកម្មភាព ដូចជា សហការជាមួយអង្គការក្រៅរដ្ឋាភិបាល ផ្តល់វគ្គបណ្តុះបណ្តាលទៅដល់កុមារ ៥១៥នាក់ នៅខេត្តចំនួនបួនរួមមាន ខេត្តមណ្ឌលគីរី សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ អំពីរបៀបការពារខ្លួនពីការរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទ។ ក្រៅពីនោះមានជាការសំដែងរឿង បណ្តុះបណ្តាលឪពុកម្តាយ ផ្តល់ការបណ្តុះបណ្តាល ស្តីពីរបៀបការពារសុវត្ថិភាពកុមារពីការរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទ ទៅដល់តំណាងងសហគមន៏ចំនួន២១៤ជាដើម៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com