ដោយ៖ ណាត សុភាព និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
លោក សក់ សេដ្ឋា ថ្លែងក្នុងសិក្ខាសាលា (រូបភាព ណាត សុភាព)
ក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ ស្នើឲ្យដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ ផ្តល់អនុសាសន៍បន្ថែម និងតម្រូវការនានា ដើម្បីគាំទ្រដល់ការពន្យារពេលផែនការអភិវឌ្ឍប្រជាធិបេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យមានប្រសិទ្ធិភាព រយៈបីឆ្នាំ ចាប់ពីឆ្នាំ២០១៤នេះ ។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីឯកសារពន្យារពេលផែនការអនុវត្តបីឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គជអប លោក ង៉ាន់ ចំរើន មានប្រសាសន៍ថា ឆ្នាំ២០១១ (ផអ៣) ការចាប់ផ្តើមអនុវត្តមានរយៈពេលយឺតយ៉ាវ៦ខែ ដោយសារថយចុះធនធានគាំទ្រ តិចជាងធនធានប៉ាន់ស្មាន។ ដូច្នេះ ក្រុមការងារត្រូវពន្យារពេល១ឆ្នាំបន្ថែម ដើម្បីសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក ដែលនៅសេសសល់ ៖ “គោលបំណងនៃការរៀបចំ ព្រោះយើងមានប្រាថ្នាក្នុងគោលបំណងបន្តសមាជិកបក្ស នូវលទ្ធផលដែលសេសសល់ ដែលបានចែង ដែលបានកំណត់ នៅក្នុងលក្ខខណ្ឌចំនុចកំពូលសំខាន់ៗ របស់ ផអ៣ របស់យើង ព្រោះយើងគិតថា ទោះបីយ៉ាងណាក៏ដោយផែនការ ផអ៣ ដំណាក់កាលទី៣ យ៉ាងតិចក៏ទាមទារថេរវេលា យ៉ាងតិចក៏ពីរបីខែចំពោះគ្រោងការ”។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គជអប លោក សក់ សេដ្ឋា មានប្រសាសន៍ថា បញ្ហាប្រឈមនៅមានភាពយឺតយ៉ាវនិងចម្លោះប្រហោង ក្នុងការរៀបចំគោលនយោបាយនៅថ្នាក់ក្រោមជាតិនៅឡើយ។ លោកថា ដើម្បីឲ្យដំណើរការរលូនក្រសួងសម្រេចជ្រើសរើសទីប្រឹក្សាឯករាជ្យ ពិគ្រោះយោបល់ ដោយធ្វើកិច្ចសន្យាខ្លី ជាមួយនឹងអ្នកជំនាញនោះ ដើម្បីឲ្យសម្រេចបានតាមគោលដៅ ៖ “លេខាធិការដា្ឋន គជអប បានរៀបចំ និងសម្របសម្រួល កិច្ចដំណើរការរៀបចំឯកសារ សម្រាបពន្យាពេលនៃ ផអ៣ នេះ តាមរយៈការផ្តល់កិច្ចសន្យារយៈពេលខ្លីដោយទីប្រឹក្សាមួយរូប ដើម្បីជួយធ្វើការសិក្សា ផ្តល់យោបល់ជាឯករាជ្យ និងការរៀបចំឲ្យមានកិច្ចប្រជុំ និងសិក្ខាសាលាពិគ្រោះយោបល់ ជាបន្តបន្ទាប់ជាមួយក្រសួង ស្ថាប័នដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនានា”។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យដឹងថា គោលដៅសំខាន់នៃ ផែនការអនុវត្តបីឆ្នាំ (ផអ៣) រៀបចំបង្កើតឲ្យបាននូវមូលដ្ឋានគ្រឹះនានា នៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩)។ ផែនការទាំងនោះ រួមមាន ការអភិវឌ្ឍស្ថាប័នប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធហិរញ្ញវត្ថុនៃរដ្ឋបាលថ្នាក់ក្រោមជាតិ យន្តការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយន្តការគាំទ្រ និងត្រួតពិនិត្យដល់ការបំពេញមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ដើម្បីឲ្យផែនការយុទ្ធសាស្ត្រការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានប្រសិទ្ធិភាពបាន លុះត្រាតែរដ្ឋាភិបាលធ្វើវិមជ្ឈការអំណាចទៅឲ្យថ្នាក់ក្រោមជាតិ ឲ្យមន្ត្រីទាំងនោះមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្ត និងមានការចូលរួមពីប្រជាពលរដ្ឋ ៖ “ទាក់ទងនឹងការផ្ទេរសេចក្តីសម្រេចចិត្តថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ពុំទាន់ហ៊ានផ្ទេរសេចក្តីសម្រេចចិត្ត ពេញលេញទៅដល់ថា្នក់ឃុំ-សង្កាត់នោះទេ ដោយសារតែរឿងនយោបាយ ដោយសារតែរឿងផលប្រយោជន៍បុគ្គល ដោយសារតែការស្រលាញ់អំណាច យើងត្រូវផ្ទេរមួយទៀត ប្រមូលពន្ធដា ល្មមដែលអាចសមត្ថភាពឃុំប្រមូលបាន ហើយនិងការគ្រប់គ្រងធនធានធម្មជាតិជាដើម -ល- ឧទាហរណ៍ថា ដីធ្លី ព្រៃ ដែលនៅឃុំរបស់គាត់នេះ គាត់មានសិទ្ធិគ្រប់គ្រងពេញលេញ”។
ឯកសារនៃការពន្យារពេលផែនការអនុវត្តបីឆ្នាំ បង្ហាញថា ការផ្ទេរហិរញ្ញប្បទានអន្តររដ្ឋបាល សម្រាប់ថ្នាក់ក្រោមជាតិឆ្នាំ២០១៣ នៅតាមមូលនិធិឃុំសង្កាត់ចំណាយ៦ខែ ប្រមាណជាង៩លានដុល្លារ។ មូលនិធិក្រុង ស្រុក ចំណាយ៦ខែ ប្រមាណ៥លានដុល្លារ និង ថវិកាអភិវឌ្ឍន៍រាជធានី ខេត្ត ចំណាយ៦ខែ ប្រមាណជា៥៣លានដុល្លារ។ សម្រាប់ផែនការអភិវឌ្ឍប្រជាធិបេយ្យនៅថ្នាក់ក្រោមជាតិនេះ នៅឆ្នាំ២០១៤ តាមថវិកាប៉ាន់ស្មាន ការចំណាយ ប្រមាណ១១,៤៦លានដុល្លារ)៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com