កម្ពុជាចាប់ផ្ដើមសាងសង់មន្ទីរពិសោធន៍វិភាគលើផលិតផលកសិកម្មតាមលក្ខណៈស្តង់ដារអន្តរជាតិ ដែលកម្ពុជា ពុំធ្លាប់មានកន្លងមក។ សំណង់នេះមានតម្លៃគិតជាទឹកប្រាក់សរុបប្រមាណ ៦៥លានយន់ ស្មើនឹងប្រមាណជាង ១០លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយពីប្រទេសចិន។
ដោយ សេក បណ្ឌិត
2013-11-07
RFA

ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា លោក ជិន យួន (Jin Yaun) [ឆ្វេង] និងរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន ចូលរួមប្រារព្ធពិធីបើកការដ្ឋានសាងសង់មន្ទីរពិសោធន៍វិភាគលើផលិតផលកសិកម្ម កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Sek Bandith
សំណង់មន្ទីរពិសោធន៍នេះ ត្រូវបានសាងសង់នៅក្នុងបរិវេណសាលាជាតិកសិកម្មព្រែកលៀប ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីតំណាងស្ថានទូតចិននៅកម្ពុជា លោក ជិន យួន (Jin Yaun) និងរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន បានរួមគ្នាប្រារព្ធពិធីបើកការដ្ឋានសាងសង់មន្ទីរពិសោធន៍វិភាគលើផលិតផលកសិកម្ម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា។
លោក អ៊ុក រ៉ាប៊ុន ដែលទើបនឹងឡើងកាន់តំណែងថ្មី មានប្រសាសន៍នៅក្នុងពិធីនោះថា មន្ទីរពិសោធន៍នេះមានសារសំខាន់ណាស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ផលិតផលកសិកម្ម ដែលជាការងារដ៏ចាំបាច់បំផុត ដើម្បីកម្រិតគុណភាពផលិតផល ថាតើផលិតផលនោះមានគុណភាព និងសុវត្ថិភាពកម្រិតណា? អាចធានាឲ្យមានទំនុកចិត្តពីអ្នកតម្រូវការ ឬអ្នកប្រើប្រាស់បានកម្រិតណា?
លោក អ៊ុក រ៉ាប៊ុន៖ «សមិទ្ធផលនេះមានតម្លៃខ្ពស់បំផុតសម្រាប់កម្ពុជា ព្រមទាំងសម្រាប់វិស័យកសិកម្ម មន្ទីរពិសោធន៍មិនត្រឹមតែសម្រាប់សាលាព្រែកលៀបយើងប៉ុណ្ណោះទេ គឺមន្ទីរពិសោធន៍វិភាគគុណភាពផលិតផលកសិកម្មដែលយើងអាចប្រើសម្រាប់វិភាគផលិតផលកសិកម្ម បញ្ជាក់ផលិតផលដើម្បីធ្វើការនាំចេញ ឬដើម្បីប្រើប្រាស់ក្នុងប្រទេស ហើយនិងបង្ហាញនូវគុណភាពជាក់ស្តែងរបស់ផលិតផលកសិកម្មយើងតាមរយៈការពិសោធន៍នេះផង»។
ទាក់ទងបញ្ហានេះដែរ ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម លោក មាស ច័ន្ទពិសិដ្ឋ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាកំពុងមានការខ្វះខាតមន្ទីរពិសោធន៍ដែលមានស្តង់ដារអន្តរជាតិនេះ។
លោកបន្តថា ការសាងសង់មន្ទីរពិសោធន៍ថ្មីនេះ ជាការឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងកាលៈទេសៈកម្ពុជា កំពុងមានគោលនយោបាយពង្រឹងគុណភាពផលិតផលកសិកម្មដើម្បីនាំចេញទៅទីផ្សារពិភពលោក មានដូចជាអង្ករជាដើម៖ «កន្លងមកយើងមានមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកសិកម្មស្ថិតនៅក្រោមក្រសួងកសិកម្មហ្នឹងមានហើយ ប៉ុន្តែលទ្ធភាពសមត្ថភាពនៅមានកម្រិត ហើយនៅថ្ងៃនេះ យើងទទួលបានការគាំទ្របន្ថែមទៀតពីប្រទេសចិនដើម្បីដំណើរការងារ»។
ការសាងសង់មន្ទីរពិសោធន៍វិភាគលើផលិតផលកសិកម្មនេះ ធ្វើឡើងក្នុងឱកាសខួប ៥៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា ចិន និងជាឆ្នាំមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។
ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា លោក ជិន យួន។ លោកមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពិសោធន៍នៅសាលាជាតិកសិកម្មព្រែកលៀប នៅថ្ងៃទី៧ វិច្ឆិកា ថា ការផ្ដល់ជំនួយជាអគារពិសោធន៍នេះ គឺជាផ្នែកមួយនៃការរួមគ្នាក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិន-កម្ពុជា ដើម្បីឲ្យទទួលបានការអភិវឌ្ឍថែមទៀត។
ទន្ទឹមគ្នានេះដែរ លោកមានជំនឿចិត្តថា ប្រទេសទាំងពីរនឹងសម្រេចដល់គោលដៅពាណិជ្ជកម្មទ្វេភាគី ជំរុញឲ្យមានកំណើនដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ ខាងមុខ។
ការចាប់ផ្ដើមដំណើរការសាងសង់មន្ទីរពិសោធន៍ វិភាគលើផលិតផលកសិកម្មនៅពេលនេះ គឺផ្អែកលើលិខិតប្ដូរសារស្ដីពីគម្រោងសាងសង់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១ ដែលចិន យល់ព្រមផ្ដល់ហិរញ្ញប្បទានសរុបចំនួន ៦៥លានយន់ អាចស្មើនឹងជាង ១០លានដុល្លារសម្រាប់ចំណាយសាងសង់អគារពិសោធន៍ថ្មីមួយខ្នង អាគារស្នាក់នៅរបស់អ្នកជំនាញបច្ចេកទេសមួយខ្នង ស្ថិតនៅលើផ្ទៃដីសរុបចំនួន ៥.៣០០ម៉ែត្រក្រឡា ជួសជុលកែលំអអាគារពិសោធន៍ចាស់មួយខ្នង និងផ្ដល់ឧបករណ៍សម្ភារៈសម្រាប់បំពាក់នៅក្នុងមន្ទីរពិសោធន៍នេះ។ អាគារទាំងអស់នោះត្រូវសាងសង់តាមរចនាបថខ្មែរ និងគ្រោងចំណាយពេលប្រមាណជិត ២ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- នយោបាយការទូតរបស់សម្ដេចព្រះ នរោត្ដម សីហនុ
- លោក ហ៊ុន សែន គ្រោងទៅប្រទេសចិននៅដើមខែកញ្ញា
- លោក ហោ ណាំហុង គ្រោងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននៅថ្ងៃ២៨
- ក្រសួងការពារជាតិច្រានចោលព័ត៌មានផ្អាកទទួលជំនួយយោធាពីអាមេរិក
- កម្ពុជាបើកកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧
- កម្ពុជា-អាមេរិកធ្វើសមយុទ្ធទម្លាក់ជំនួយមនុស្សធម៌
- សមយុទ្ធបាញ់គ្រាប់ពិតនៅកំពង់ស្ពឺ
- នាយករដ្ឋមន្ត្រីបើកការដ្ឋានសង់ស្ពាននៅកោះធំ
- កម្ពុជា-បេឡារូសចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូង