បក្ស​សង្គ្រោះ​ជាតិ ដាក់​ឱសានវាទ​ចំពោះ​ការ​ចរចា

Thursday, 07 November 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

131107_04a

ស្ត្រី​ម្នាក់​លើក​ដៃ​គាំ​ទ្រ​ក្បួន​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី​ ២៥​ តុ​​លា។ រូបថត ជីវ័ន

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​កំណត់​ឱសានវាទ សម្រាប់​ការ​ចរចា ជាមួយ​នឹង​គណបក្ស​កាន់​អំណាច ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ខាង​នយោបាយ នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ បើ​មិន​ដូច្នោះ​ទេ ខ្លួន​នឹង​ដឹក​នាំ​ការ​ធ្វើ​មហា​បាតុកម្ម​កាន់​តែ​ធំ និង​មាន​រយៈ​ពេល​កាន់​តែ​យូរ ហើយ​និង​ឈប់​រក​ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​ទៀត​ហើយ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​លោក និង​លោក សម រង្ស៊ី បាន​ទទួល​របាយ​ការណ៍ ពី​ក្រុម​ការងារ​របស់​ខ្លួន​ទាក់​ទង​នឹង​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន ហើយ​ឃើញ​ថា មាន​ការ​មិន​ឯកភាព​គ្នា គឺ​ដោយ​សារ​តែ​គណបក្ស​ប្រជាជន នៅ​តែ​មិន​ព្រម​ទទួល​យក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត និង​មិន​យល់​ព្រម ចំពោះ​សំណើ សូម​ឲ្យ​សមាជិក​ទាំង ៩ រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លាលែង​ពី​តំណែង។

លោក កឹម សុខា បាន​បន្ថែម​ថា៖ «យើង​ទុក​ពេល​វេលា​ឲ្យ​គណបក្ស​ប្រជាជន ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​នេះ ប្រសិន​បើ​ការ ចរចា​មិន​ឈាន​ដល់​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ភាព​មិន​ប្រក្រតី ក្នុង​ការ​បោះឆ្នោត​ទេ យើង​នឹង​មាន​ផែនការ​ថ្មី គឺ​យើង​នឹង​ជូន​ដំណឹង​ដល់​សាធារណជន​ថា យើង​ឈប់​បែរ​ទៅ​ធ្វើ​ការ​ចរចា​ទៀត​ហើយ​»។

លោក បាន​គូស​បញ្ជាក់​ទៀត​ថា៖ «យើង​មិន​អាច​ទុក​ឲ្យ​គណបក្ស​ប្រជាជន ពន្យារ​ពេល​ការ​ចរចា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​ប្រជាជន​ត​ទៅ​ទៀត​ទេ។ ខ្ញុំ និង​លោក សម រង្ស៊ី បាន​ពិភាក្សា​ថា យើង​ត្រូវ​តែ​កម្រិត​ពេល​វេលា​ត្រឹម​ចុង​ឆ្នាំ​នេះ​យូរ​បំផុត​»។ លោក បាន​បន្ត​ទៀត​ថា ការ​មិន​ព្រម​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត វា​មាន​ន័យ​ថា គណបក្ស​ប្រជាជន​ខ្លាច​ការ​ពិត។

នៅ​មុន​ការ ចាប់​ផ្តើម​ធ្វើ​ការ​ចរចា កាល​ពី​ថ្ងៃ​អង្គារ ដែល​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​របៀបវារៈ​ចំនួន ៣ ដើម្បី​ធ្វើ​ការ​ចរចា គឺ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ការ​លាលែង ពី​តំណែង​ដោយ​សមាជិក ៩ រូប​នៃ គ.ជ.ប និង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ទៅ​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត។

ទោះ​ជា​យ៉ាង​ណា លោក ព្រុំ សុខា រដ្ឋ​លេខាធិការ​នៃ​ក្រសួង មហាផ្ទៃ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ប្រជាជន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​ចរចា​លើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត និង​សំណើ​សុំ​ឲ្យ​មេ​ដឹក​នាំ គ.ជ.ប លាលែង គឺជា​ចំណុច​ពិបាក សម្រាប់​គណបក្ស​ប្រជាជន​ទទួល​យក​ដោយ​លោក​សង្កត់​ធ្ងន់​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​ដោយ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ពេល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្តឹង។

លោក ព្រុំ សុខា បញ្ជាក់​ថា៖ «ដូច្នេះ ប្រសិន​បើ​លើក​ឡើង​ពេល​នេះ ប្រហែល​វា​ជំរុញ​ដោយ​កត្តា​នយោបាយ​ជា​ជាង​កត្តា​ច្បាប់​។ គ្មាន​អ្នក​ណា​ម្នាក់​អាច​បង្ខំ​ឲ្យ គ.ជ.ប លាលែង​ទេ ព្រោះ​ស្ថាប័ន​នេះ ជា​ស្ថាប័ន​ឯករាជ្យ បង្កើត​ដោយ​ច្បាប់»។

លោក​បាន​បន្ថែម​ថា ដរាប​ណា មេ​ដឹក​នាំ គ.ជ.ប មិន​លាលែង​ដោយ​ខ្លួន​ឯង ឬ​មិន​មាន​ជំងឺ គ្មាន​គណបក្ស​ណា​មួយ​អាច​ស្នើ​សុំ​ឲ្យ​ពួក​គេ​លាលែង​បាន​ទេ។ លោក ព្រុំ សុខា បាន​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​ប្រជាជន​ឯកភាព ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត អនុលោម​តាម​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​ពីរ ដែល​បាន​ជួប​ប្រជុំ​នៅ​ថ្ងៃ ទី១៦ ខែ កញ្ញា។

ទាក់​ទង​នឹង​ការ​គំរាម​របស់ លោក កឹម សុខា ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត ព្រម​ទាំង​ឱសានវាទ​សម្រាប់​ការ​ចរចា លោក ព្រុំ សុខា បាន​ថ្លែង​ថា វា​ជា​សិទិ្ធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ធ្វើ​ក្រោម​ក្រប​ខណ្ឌ​ច្បាប់។ លោក​បាន​បន្ត​ថា អ្វី​ដែល​លោក កឹម សុខា បាន​លើក​ឡើង វា​ជា​លក្ខខណ្ឌ​ចំពោះ​គណបក្ស​ប្រជាជន ប៉ុន្តែ លោក កឹម សុខា បាន​សង្កត់​ធ្ងន់​រួច​ហើយ​ថា អ្វី​ដែល​ខ្លួន​លើក​ឡើង​មិន​មែន​ជា​លក្ខខណ្ឌ​ទេ ប៉ុន្តែ​ជា​របៀបវារៈ​សម្រាប់​ការ​ចរចា។

ចំណែក​ឯ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ទទួល​ស្គាល់​ថា ឱសានវាទ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈ​ពេល​ជាង ១ ខែ​សម្រាប់​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា វា​ជា​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ធ្វើការ​ចរចា ប៉ុន្តែ​លោក​ចង់​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​រក្សា​ភាព​អត់​ធ្មត់​បន្ត​ធ្វើ​ការ​ចរចា បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ក៏​ដោយ៕ TK



What Next?

Recent Articles