ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើកពេលសវនាការជំនុំជម្រះបណ្តឹងទាស់របស់ អ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប (Layimex Holding Grop) ដោយមិនមានពេលកំណត់ ដោយសារមេធាវីដើមបណ្តឹងមានធុរៈការងារ។
អ្នកស្រី ឈិន សុគន្ធារី ដែលកំពុងនិរទេសខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ៤ឆ្នាំកន្លះ កាលពីខែធ្នូ ឆ្នាំ២០១២ ពីបទកាន់កាប់ដីសាធារណៈជាង៣៤ហិកតារបស់រដ្ឋ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមពាក្យបណ្តឹងរបស់ លោក កែប ជុតិមា ដែលពេលនោះជាអភិបាលរាជធានីភ្នំពេញ។ តុលាការក៏បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមរកចាប់ខ្លួន។ អ្នកស្រីបានប្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចនេះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋជាង២០នាក់ មកពីសហគមន៍មានជម្លោះដីធ្លីនៅភ្នំពេញ ដូចជា តំបន់បឹងកក់ បុរីកីទ្បា ថ្មគោល បានប្រមូលផ្តុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ ដើម្បីតាមដានសវនាការនេះ និងចង់ដឹងថា តុលាការសម្រេចក្តីឲ្យអ្នកណាឈ្នះរវាងអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចទាំងពីរ។
កាលពីខែមីនា ឆ្នាំ២០១៣ អ្នកស្រី ឈិន សុគន្ធារី បានប្តឹងបកលើ លោក កែប ជុតិមា និងគូកន ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទ«ក្លែងបន្លំ ការសាងប័ណ្ណដោយបំពាន ដើម្បីកាន់កាប់ និងរឹបអូសដីជាង៣៤ហិកតា» របស់គាត់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកស្រីទារជំងឺចិត្ត ១០០លានដុល្លារអាមេរិក។ ប៉ុន្តែ អយ្យការអមសាលាដំបូង និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានតម្កល់មិនចាត់ការលើពាក្យបណ្តឹងរបស់អ្នកស្រី៕
សូមសរសេរមកកាន់ លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com