Thursday, 07 November 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ថ្នាក់ដឹកនាំការផលិតខ្សែរឿង «ព្រាយក្បាល ៨» អះអាងថា មានការសម្រិតសម្រាំងយ៉ាងហ្មត់ចត់បំផុត ដើម្បីលើកតម្លៃវិស័យសិល្បៈភាពយន្តខ្មែរ និងមុខមាត់តួឯក នាង សុខ ពិសី និងលោក ខេមរៈ សិរីមន្ត។ ទន្ទឹមនឹងនោះតួឯកស្រីស្ថិតក្នុងកែវភ្នែករបស់ផលិតកម្មនេះ នាង សុខ ពិសី ក៏បានបរិយាយពីការលំបាកនានាក្នុងការសម្តែងក្នុងរឿងនេះ ដែលមានចរិតផ្ទុយពីចរិតធម្មជាតិ។ ប៉ុន្តែ នាងអះអាងថា នាងទទួលបានជោគជ័យក្នុងរឿងទាំងមូល។
បរិយាយពីភាពលំបាកក្នុងការសម្តែងខ្សែភាពយន្ត ទី២ ដែលផលិតកម្ម សាន់ដេ លើកឲ្យនាងទទួលបានតំណែងជាតួឯកស្រីក្នុងរឿង (ព្រាយក្បាល ៨) កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា៖ «នេះជារឿង ទី១ ហើយ ដែលខ្ញុំយល់ពីការសម្ដែងរបស់ខ្ញុំហាក់មានភាពពិបាកឆ្ងាយពីការសម្តែងរឿង ព្រាយដែកគោល។ ហេតុផលដែលខ្ញុំយល់ឃើញបែបនេះ គឺដោយសារក្នុងខ្សែរឿង ព្រាយក្បាល ៨ អ្នកដឹកនាំបានតម្រូវឲ្យខ្ញុំសម្ដែងជាតួនារីស្រុកស្រែដែលមានចរិតផ្ទុយស្រឡះទាំងស្រុងពីចរិតផ្ទាល់ខាងក្រៅរបស់ខ្ញុំ»។
ពោលពីការលំបាកនោះតារាចម្រៀងដែលមានសំឡេងបែបមាយា នាង សុខ ពិសី បានលើកហេតុផលថា៖ «ក្នុងរឿងមុន [ព្រាយដែលគោល] ការសម្ដែងរបស់ខ្ញុំ គឺមើលទៅពិបាកដែរ ប៉ុន្តែអាចថា ស្រួលច្រើន ព្រោះចរិតតួអង្គក្នុងរឿង និងចរិតខាងក្រៅរបស់ខ្ញុំ គឺតែមួយ ប៉ុន្តែសម្រាប់រឿង ព្រាយក្បាល ៨ នេះ គឺខុសគ្នាតែម្ដង ទើបធ្វើឲ្យឈុតខ្លះ ខ្ញុំត្រូវសម្ដែងច្រើនលើក ទម្រាំតែអ្នកដឹកនាំថាយកបាន»។ បន្ថែមពីលើការសម្ដែង មិនដូចចរិតពិតនោះផងដែរ ពិសី ក៏បានលើកឡើងទៀតថា៖ «ក្នុងសាច់រឿងទាំងមូល តម្រូវឲ្យខ្ញុំសម្ដែងក្នុងឈុតគ្រោះថ្នាក់ ដែលមានខ្មោចលង និងត្រូវសម្ដែងក្នុងពេលយប់ជ្រៅ ដែលពេលខ្លះធ្វើឲ្យខ្ញុំចង់យំ ទម្រាំចប់ឈុតនីមួយៗនោះក៏មានដែរ»។
ក្នុងសម្ដីដែលរៀបរាប់ការលំបាកដដែលនោះ សុខ ពិសី ក៏បានបញ្ជាក់ទៀតថា៖ «ក្នុងថ្ងៃខ្លះ ត្រូវអត់ងងុយរហូតទល់ភ្លឺឯណោះ ព្រមជាមួយនឹងភាពភ័យខ្លាច ជាមួយឈុតដែលមានគ្រោះថ្នាក់ និងឈុតកណ្ដាលយប់ គ្រាន់តែរឿងអាកាសធាតុត្រជាក់ ក៏ជារឿងពិបាកទ្រាំដែរ។ ធៀបនឹងខ្សែរឿង ព្រាយដែកគោល មិនសូវមានឈុតពេលយប់ដូចក្នុងរឿងនេះទេ»។
យ៉ាងណា ក្នុងរឿង ព្រាយក្បាល ៨ នេះ អ្វីដែលនាងយល់ថា ពិបាកជាងរឿងមុនៗដែលធ្លាប់សម្តែងនោះក៏មិនមែនជាឈុតគ្រោះថ្នាក់ តម្រូវឲ្យថតក្នុងពេលយប់ ឬក្នុងព្រៃជ្រៅនោះដែរ។ នាងបញ្ជាក់ថា៖ «កាលសម្តែងក្នុងរឿង ព្រាយក្បាល ៨ គឺបញ្ហាចរិត ក្នុងការសម្ដែង ព្រោះថាចរិតក្នុងរឿងនោះ វាមិនមែនជាចរិតពិត»។
ភាពយន្តខ្នាតធំ រឿង ព្រាយក្បាល ៨ បានក្លាយជារឿង ទី១ សម្រាប់តារាចម្រៀងនាង សុខ ពិសី ដែលនាងមានឋានៈជាតួឯកក្នុងរឿងនេះអះអាងថា មានឈុតពិបាកស្ទើរពេញមួយរឿងតែម្ដង។ នេះបើប្រៀបធៀបជាមួយនឹងភាពយន្តដែលនាងធ្លាប់សម្តែងកាលពីចំនួន ២ រឿងកន្លងមក។
ប៉ុន្តែតារាចម្រៀងក្នុងកែវភ្នែកផលិតកម្មមួយនេះ ក៏ថ្លែងអំណរគុណផងដែរ ចំពោះការលើកទឹកចិត្ត របស់ផលិតករ និងអ្នកដឹកនាំរឿង ដែលបានជំរុញឲ្យនាងទទួលបានជោគជ័យ និងទទួលបានបទពិសោធថ្មី ក្នុងការសម្ដែងរឿងនេះ។ នាងអះអាងថា៖ «ដ្បិតថាកាលសម្តែងក្នុងរឿង ទី៣ នេះ វាមានការលំបាកសម្រាប់ខ្ញុំ ខណៈចរិតវាផ្ទុយពីចរិតធម្មជាតិក៏ដោយ ប៉ុន្តែនេះវាជាបទពិសោធថ្មីមួយបន្ថែមទៀតសម្រាប់អាជីពសិល្បៈរបស់ ខ្ញុំ ហើយខ្ញុំក៏នឹងរីករាយសម្រាប់ការផលិតរឿងបន្តបន្ទាប់ បើទោះជាការសម្តែងនោះត្រូវពិបាកជាងនេះយ៉ាងណា ក៏ខ្ញុំនឹងព្យាយាម មិនឲ្យខាងផលិតកម្មខកចិត្តដោយសារខ្ញុំទេ»។
សុខ ពិសី បានបង្ហាញការរំពឹងថា៖ «សម្រាប់រឿង ព្រាយក្បាល ៨ ខ្ញុំគិតថា នឹងជោគជ័យក្នុងពេលដាក់បញ្ចាំង មិនចាញ់ខ្សែរឿងដែលខ្ញុំសម្តែងមុនៗនោះដែរ ព្រោះថារឿងថ្មីនេះការផលិតក៏មានការសម្រិតសម្រាំងជាងរឿងមុនៗផងដែរ»។
ខ្សែរឿង «ព្រាយក្បាល ៨» គឺជារឿង ទី៤ របស់ផលិតកម្ម សាន់ដេ បន្ទាប់ពីខ្សែរឿង «អង្គុលីមារ» រឿង «ព្រាយដែកគោល» រឿង «វិញ្ញាណបិសាចជញ្ជក់ឈាម»។
ភាពយន្ត «ព្រាយក្បាល ៨» នេះនឹងត្រូវដាក់បញ្ចាំងនៅថ្ងៃ ទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ចុងសប្ដាហ៍នេះនៅរោងភាពយន្តមហោស្រព ចេនឡា ហើយនៅថ្ងៃ ទី៩ ខែ វិច្ឆិកា នឹងបញ្ចាំងនៅរោងភាពយន្ត លុច្ស។ ទាំងផលិតកម្ម និងតារាសម្តែងសង្ឃឹមថា រឿងនេះនឹងជោគជ័យ៕