ការ​សិក្សា​ថ្មី៖ ត្រយ៉ង​ចង្កំកស​ មាន​ក្នុង​ព្រៃ​កម្ពុជា ច្រើន​ជាង​គេ​លើ​ពិភព​លោក

Friday, 08 November 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

White-shouldered-Ibis

សត្វត្រយ៉ងចង្កំកស ដែលជាសត្វកម្រ និង​ជិត​ផុត​ពូជ​នៅ​ក្នុង​ពិភព​លោក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្រើន​នៅ​ក្នុង​ព្រៃ​កម្ពុជា។ រូបថត សហការី

ភ្នំពេញៈ ក្រុម​អង្គការ ដែល​ធ្វើ​ការ​លើ​ការងារ​​អភិរក្ស​សត្វ​ព្រៃ​និង​ធនធាន​ធម្មជាតិ បាន​បង្ហាញ​កំណត់​ត្រា​ថ្មី​នៃ​ចំនួន សត្វ​​ត្រយ៉ង​ចង្កំក​ស ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ ក្នុង​ពិភព​លោក ចំនួន ៩៧៣ ក្បាល​មាន​នៅ​ក្នុង​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទិន្នន័យ​ដ៏​ច្រើន​នេះ​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា សត្វ​ប្រភេទ​នេះ មាន​នៅ​លើ​ពិភព​លោក​ច្រើន​ជាង​ការ​ព្យាករណ៍។

យោង​តាម​ទិន្នន័យ​នៃ​ការ​អង្កេត​ប្រចាំ​ខែ​ចំនួន ៤​ដង​នៅ​ពេញ​មួយ​រដូវ​វស្សា នៅ​តាម​ទ្រនំ​សត្វ​ត្រយ៉ង​ចង្កំក​ស​ចំនួន ៥៩ ​ទីតាំង​សំខាន់ៗ​ដែល​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​មាន​ចំនួន ៩៧៣ ក្បាល ច្រើន​ជាង​ឆ្នាំ​ដើម ២០១៣ ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ពី ៨៩៧​-៩៤២ ក្បាល និង​អាច​មាន​ខ្ពស់​ជាង​នេះ ពោល​គឺ​អាច​មាន​លើស​ពី ១០០០​ក្បាល ខណៈ​ដែល​ចំនួន​សរុប​ក្នុង​ពិភព​លោក​មាន​តែ ១១០០-១២០០ ក្បាល​ប៉ុណ្ណោះ។

លទ្ធ​ផល​ទាំង​នេះ បាន​បញ្ជាក់​ថា កម្ពុជា​គឺជា​ប្រទេស​គាំទ្រ​ចំនួន សត្វ​ត្រយ៉ង​ចង្កំក​ស ដ៏​ច្រើន​សម្បើម ដែល​មាន​វត្តមាន សត្វ​ត្រយ៉ង​ចង្កំកស​ដល់​ទៅ ៩៧%។

លោក​បណ្ឌិត Hugh Wright អ្នក​ជំនាញ​លើ​ប្រភេទ​សត្វ​ត្រយ៉ង​ចង្កំក​ស​ មក​ពី​សាកល​វិទ្យា​ល័យ Cambrigde បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ភាគ​ច្រើន​នៃ​បក្សី​ទាំង​នេះ គឺ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បាត់​បង់​ទី​ជម្រក​ដែល​កើត​មាន​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​សកម្មភាព​ការ​ប្រើ​ប្រាស់​ដី។

ថ្មីៗ​នេះ​រាជ​រដ្ឋាភិបាល​អណត្តិ​ថ្មី​បាន​ប្រកាស​ថា នឹង​មិន​មាន​ការ​ផ្តល់​ដី​សម្បទាន​ទៀត​ទេ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​តំបន់​សំខាន់ៗ​សម្រាប់​សត្វ ត្រយ៉ង​ចង្កំកស​ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ផ្តល់​ដល់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រួច​ទៅ​ហើយ។

លោក​ Hugh បាន​បញ្ជាក់​ថា «តំបន់​ស្នើរ​ព្រៃ​ការពារ​ភាគ​ខាង​លិច​សៀម​ប៉ាង​ជា​ទីតាំង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​ជិត​ផុត​ពូជ​នេះ នៅ​លើ​ពិភព​លោក ដោយ​វា​គាំទ្រ​ដល់​ការ​រស់​នៅ​របស់​សត្វ​នេះ យ៉ាង​តិច​ណាស់ ៤៥១ ក្បាល​ស្មើ​រ​នឹង ៤១%​ នៃ​ចំនួន​សរុប ដែល​មាន​ក្នុង​ពិភព​លោក។ ដោយ​ឡែក​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ មាន​ចំនួន ២៩៨​ក្បាល ទោះ​ជា​យ៉ាង​ណា​តំបន់​ទាំង​ពីរ​នេះ គឺ​បាន​រង​ការ​គម្រាម​កំហែង​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​បំផ្លាញ ទីតាំង​ទ្រនំ និង​ទីជម្រក​ចំណី​សំខាន់ៗ​សម្រាប់​សត្វ​នេះ»។

បើ​តាម​ទិន្ន​ន័យ​នៃ​ការ​អង្កេត​នេះ បាន​បង្ហាញ​ថា ទីតាំង​សំខាន់ៗ​ផ្សេង​ទៀត សម្រាប់​បក្សី​ប្រភេទ​នេះ រួម​មាន​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រំទេព នៅ​ក្នុង​ខេត្ត​ព្រះវិហារ ព្រៃ​ការពារ​ខេត្ត​មណ្ឌល​គិរី និង​តំបន់​ព្រៃលិច​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង។

សូមបញ្ជាក់ថា ការ​អង្កេត​ពី​ចំនួន​សត្វ​ត្រយ៉ង​ចង្កំកស​ នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អង្គការ​រួម​មាន អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ (BirdLife International) រដ្ឋបាល​ព្រៃឈើ អគ្គនាយក​ដ្ឋាន​រដ្ឋបាល​អភិរក្ស និង​ការពារ​ធម្មជាតិ អង្គការ​ធនធាន​មនុស្ស​និង​អភិរក្ស​ (PRCF) អង្គការ​សង្គម​អភិរក្ស​សត្វ​ព្រៃ (WCS) មជ្ឈមណ្ឌល​សំ​វាសនា (SVC) និង​អង្គការ​មូល​និធិ​ពិភព​លោក​សម្រាប់​ធម្មជាតិ (WWF)។​



What Next?

Recent Articles