គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ទំនិញ

Friday, 08 November 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

silk

សិប្បកម្មសូត្រខ្មែរ ដែលជាផលិតផលរបស់ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ​ សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ទំនិញ ដែល​ជា​ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​ចំនួន ១៤ ដែល​កម្ពុជា​ត្រូវ​រៀប​ចំ​ដើម្បី​ឲ្យ​ស្រប​តាម​ក្រប​ខណ្ឌ​ច្បាប់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​អង្គប្រជុំ​គណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ ដែលមាន ១៧ ជំពូក និង​៤១​មាត្រា​ មាន​គោល​បំណង​ការពារ​កម្មសិទ្ធិបញ្ញារ​បស់​ផលិតករ ប្រតិបត្តិ​ករ និង​ការពារ​អ្នក​ប្រើប្រាស់​ផលិតផល​ដែល​ពាក់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ ទំនិញ ព្រមទាំង​រក្សា​អត្តសញ្ញាណ​ជាតិ និង​ពង្រឹង​ចំណេះដឹង ចំណេះ​ធ្វើ​តាម​បែប​ប្រពៃណី និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។​

សេចក្តីព្រាងច្បាប់​នេះ​ក្រោយពី​ការអនុម័ត​យល់​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ មាន​វិសាលភាព​អនុវត្ត​លើ​ការ​ចុះបញ្ជី និង​កិច្ច​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា ចំពោះ​ទំនិញ​កសិផល ទំនិញ​ក​សិ​ចំណីអាហារ ទំនិញ​សិប្បកម្ម ឬ​ទំនិញ​ផ្សេងៗ​ទៀត​ដែល​ផលិត​ក្នុង​តំបន់​ភូមិសាស្ត្រ​ឬ​កែច្នៃ​ស្រប​តាម​បទ ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​។​

អង្គ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ក៏​បាន សម្រេច​លើ​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ ៣ឆ្នាំរំកិល (ឆ្នាំ ២០១៤-២០១៦) ក្នុងគោលបំណងបង្ហាញពី គម្រោង​វិនិយោគ​សាធារណៈ​ជា​អាទិភាព​ខ្ពស់​របស់​ក្រសួង ស្ថាប័ន​ដូច​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​គោលនយោបាយ​ដែល​មានចែង​ក្នុង​ផែនការ​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​) បច្ចុប្បន្ន​កម្ម ២០០៩ ២០១៣​។

កម្មវិធី​វិនិយោគ​សាធារណៈ (​កវស​) បី​ឆ្នាំ​រំកិល ២០១៤-២០១៦ មាន​តម្លៃ​សរុប​ប្រចាំ​ប្រមាណ ១៦៣៨ លាន​ដុល្លារ​អាមេរិក ត្រូវបាន​រៀបចំឡើង ដោយ​ក្រសួង​ផែនការ និង ដោយ​មាន​ការចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ផ្អែក​លើ​តម្រូវការ​ចំណាយ​សរុប​សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​ជាតិ (​ផ​យ​អ​ជ​) អាណត្តិ​ថ្មី ២០១៤ ២០១៨ ដើម្បី​ឲ្យបាន​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការប្រែប្រួល​ថ្លៃទំនិញ និង​អតិផរណា ហើយ​ក៏​ផ្អែក​លើ​បរិមាណ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ដែល​ដៃគូ​អភិវឌ្ឍ បាន​សន្យា​នៅ​ក្នុង​វេទិការ​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​កម្ពុជា (​វ​សអក​) កន្លងទៅ​ផង​ដែរ​។

ក្នុង​ចំនួន​គម្រោង​សរុប​៤៤៣ នៃ កវស បី​ឆ្នាំ​រំកិល ២០១៤ ២០១៦ នេះ មាន ១៨០ គម្រោង​កំពុង​ដំណើរការ ដែល​ត្រូវការ​ទុន​ចំនួន ២.៩៨៧ លាន​ដុល្លារ​អាមេរិក និង​២៦៣​គម្រោង ជា​គម្រោង​សម្រាប់​អនុវត្ត ផ​យ​អ​ជ ត្រូវការ​ទុន​ចំនួន ១.៩២៧ លាន​ដុល្លារ​អាមេរិក​។



What Next?

Recent Articles