គ្រូបង្រៀន​​មកពី​​​ខេត្ត​​-​រាជធានី​១៩ បង្ហាញ​ពី​ទុក្ខលំបាក​របស់​ពួកគេ​ប្រាប់​ក្រសួង​អប់រំ​​

ដោយ៖​ ណាត សុភាព និង អ៊ឹង ប៊ុន​ថន​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ​(រូបថតដោយ ណាត សុភាព)

ក្រុម​គ្រូបង្រៀន មក​ពី​​បណ្តា​​ខេត្ត​-​​រាជធានី​​ចំនួន​​១៩ នៅ​ថ្ងៃ​សុក្រ​​នេះ បង្ហាញ​ពី​ទុក្ខលំបាក​របស់​គ្រូបង្រៀន ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ ​​ដែល​ទើប​ឡើង​កាន់​តំណែង​​ថ្មី ដើម្បី​​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​

​​បញ្ហា​ទាំងនោះ ​ត្រូវបាន​លើកឡើង​ក្នុង​សិក្ខាសាលា​៣​ថ្ងៃ ស្តីពី​​គោល​នយោបាយ​​អប់រំ​​របស់​​អង្គការ​អប់រំ​អន្តរជាតិ (EI) នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ។​

ក្រុម​គ្រូបង្រៀន​មួយចំនួន មកពី​​បណ្តា​​ខេត្ត​-​រាជធានី ចំនួន​១៩ អះអាងថា ក្រសួង​អប់រំ មាន​ចំណុច​ខ្វះ​ខាត និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ធ្វើឲ្យ​ពួក​គាត់​​ជួប​​ការ​លំបា​ក​ ដូចជា ពី​ប្រាក់បៀវត្ស​តិច ការប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​នៅ​ថ្នាក់ក្រោម ការ​ប្រកាន់​បក្សពួក ដែល​បញ្ហា​ទាំងនេះ​ជា​មូលហេតុ​ធ្វើឲ្យ​​វិស័យ​អប់រំ​ធ្លាក់ចុះ​ ​៖

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា បន្ទាប់​​ពី​បញ្ចប់​សិក្ខាសាលា​ចំនួន​៣​ថ្ងៃនេះ តំណាង​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​ធ្វើលិខិត​មួយ ដោយ​ភ្ជាប់​នឹង​បញ្ហា​ទុក្ខ​កង្វល់​របស់​គ្រូ​បង្រៀន ដែល​បាន​លើកឡើង​នោះ ដើម្បី​សុំ​ជួប​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថ្មី លោក ហង់ ជួន​​ណារ៉ុន ជួយ​​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធិភាព​៖

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា លោក ហង់ ជួន​ណារ៉ុន បាន​នៅឡើយ​ទេ​។​

របាយការណ៍​មួយចំនួន ឲ្យដឹងថា គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា សរុប​មាន​ចំនួន​ជាង​ដប់​ម៉ឺន​បួន​ពាន់​(១៤៥០០០)​នាក់​។ បើ​តាម​តារាង​ប្រាក់ខែ​គ្រូ​បង្រៀន ដែល​ក្រសួង​អប់រំ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ បង្ហាញថា ប្រាក់ខែ​គ្រូបង្រៀន គឺ​ចាប់ពី ៣១​ម៉ឺន​រៀល សម្រាប់​គ្រូ​មត្តេយ្យ​សិក្សា និង​បឋមសិក្សា រហូតដល់​ជិត ១​លាន ២​សែន​រៀល សម្រាប់​គ្រូ​មហាវិទ្យាល័យ​។ ប្រាក់បៀវត្ស​ទាំងនេះ​គឺ​ទើប​នឹង​បាន​ដំឡើង​នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​៕

សរសេរមកកាន់​លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com


What Next?

Recent Articles