ដោយ៖ ជន ស្រីណុច
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ (គ.ស.ន) នៅថ្ងៃសុក្រនេះ បង្ហាញថា អត្រានៃការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយអាណត្តិទី៥នេះ ធ្លាក់ចុះជាងអាណត្តិមុនៗ ដោយសារគណបក្សនយោបាយមិនបានដាក់បញ្ចូលបេក្ខជនជាស្ត្រីឲ្យបានគ្រប់គ្រាន់។
ការបង្ហាញនេះធ្វើឡើង នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី១របស់ គ.ស.ន នៅរាជធានីភ្នំពេញ ដែលមានក្រុមនិស្សិត និងសង្គមស៊ីវិលចូលរួមប្រមាណជា ១០០នាក់។
ប្រធាន គ.ស.ន លោកស្រី ធីតា ឃឹះ សំដែងការព្រួយបារម្ភការធ្លាក់ចុះនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកស្រីនៅតែបន្តអំពាវនាវឲ្យគណបក្សនយោបាយដាក់សមាសភាពស្ត្រី ទៅក្នុងគោលនយោបាយថ្នាក់ជាតិឲ្យបានច្រើន។
រដ្ឋលេខាក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ជំរុញឲ្យស្ត្រីវ័យក្មេងចូលប្រឡូកក្នុងវិស័យនយោបាយ ដោយត្រៀមខ្លួនឲ្យបានរឹងមាំ និងពូកែ ក្នុងការបំពេញតួនាទីរបស់ខ្លួន។
កាលពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៣នេះ សង្គមស៊ីវិល៩ ធ្វើការពាក់ព័ន្ធនឹងស្ត្រី យុវជន និងប្រជាពលរដ្ឋ ស្នើឲ្យគណបក្សនយោបាយដែលឈ្នះឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដាក់បញ្ចូលសមាសភាពស្ត្រី ទៅក្នុងកិច្ចចរចាកំពូល នៅថ្ងៃខាងមុខ ដើម្បីជំរុញស្ថានភាពនៃកិច្ចចរចានោះ ឈានទៅរកដំណោះស្រាយ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com