Friday, 08 November 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ក្រចេះ: ក្នុងដំណើរឆ្ពោះទៅកាន់ទីដ៏ទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ គឺអន្លង់ផ្សោត និងរមណីយដ្ឋានព្រែក កាំពី នោះ គេបានឃើញនៅអមសងខាងផ្លូវនៃដងទន្លេមេគង្គលើកំណាត់ផ្លូវជាង ១០ គីឡូម៉ែត្រ ជាមួយនឹងសកម្មភាពលក់ក្រឡានដ៏ទាក់ទាញ និងមានឱជារស។ លុះធ្វើដំណើរចូលដល់ភូមិ សម្បុក ដែលជាភូមិសាស្រ្តនៃជម្រកសត្វផ្សោតរស់នៅនោះ គេនឹងបានឃើញសកម្មភាពដ៏សកម្មរបស់ប្រជាសហគមន៍ ប្រកបរបរចម្លាក់ ដែលនោះជាចំណីអារម្មណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។
មិនថារដូវប្រាំង ឬវស្សាឡើយ គ្មានគ្រួសារនៅម្តុំរមណីយដ្ឋាន អន្លង់ផ្សោត និងព្រែក កាំពី ណាម្នាក់ទំនេរដៃពីការកែច្នៃឈើ មកជាវត្ថុអនុស្សាវរីយ៍ និងរូបសត្វផ្សេងៗ ពិសេសគឺសត្វផ្សោតដ៏កម្រ និងមានសក្តានុពលទាក់ទាញភ្ញៀវនៅតំបន់ភាគឦសាននោះឡើយ។ របរដ៏ មមាញឹករបស់ប្រជាសហគមន៍នៅតំបន់ដ៏ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅភាគឦសានមួយនេះ ទើបតែផុសផុលឡើងនៅជាង ១០ឆ្នាំ មុននេះទេ ខណៈប្រជាសហគមន៍ដ៏មានទឹកដៃទាំងនេះ មុននោះចេះត្រឹមតែប្រកបរបរនេសាទ និងបរបាញ់ ជារបរដែលត្រូវរដ្ឋហាមឃាត់នោះ។
ទោះយ៉ាងណាក៏ដោយ របរថ្មីរបស់ប្រជាសហគមន៍នោះក៏នៅមិនអាចចៀសផុតពីផលប៉ះពាល់ដល់បរិស្ថានទាំងស្រុងនោះដែរ ខណៈវត្ថុធាតុដើមទាំងស្រុង មិនអាចខ្វះបានពីឈើព្រៃ។ លោក ទុយ សុវណ្ណា ប្រធានសហគមន៍ ព្រែក កាំពី បាននិយាយថា៖ «នៅអន្លង់ផ្សោត និងរមណីយដ្ឋានព្រែក កាំពី នេះ នៅរយៈចុងក្រោយជាង ១០ឆ្នាំ នេះ ពីមួយឆ្នាំទៅមួយឆ្នាំ ស្ទើរគ្រប់រដូវកាលមិនមានភាពថយចុះឡើយ ភ្ញៀវមកទស្សនាមិនដែលដាច់ទេ»។
ប្រធានសហគមន៍ក៏បានបង្ហាញពីកត្តាដែលនាំឲ្យតំបន់ទេសចរណ៍ធម្មជាតិមួយនេះទទួលបានភ្ញៀវចូលមកទស្សនាកាន់តែច្រើនផងដែរ ដោយលោកលើកឡើងថា៖ «មានកត្តាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍ នាំគ្នាមកលេងកម្សាន្តនៅអន្លង់ផ្សោត និងរមណីយដ្ឋានព្រែក កាំពី នេះ។ ក្រៅពីការទស្សនាសត្វផ្សោតទឹកសាប សិក្សាពីប្រវត្តិសាស្រ្តនៅតំបន់ជុំវិញនេះ ការទទួលទានអាហារជុំគ្នា ហើយអ្វីដែលទាក់ទាញផងដែរនោះ គឺវត្ថុអនុស្សាវរីយ៍ផ្សេងៗជាស្នាដៃចម្លាក់របស់អ្នកស្រុកដែល កែច្នៃចេញពីឈើធម្មជាតិពិតៗ»។
ដៃចង្អុលបង្ហាញវត្ថុ អនុស្សាវរីយ៍ ដែលជាផលិតផល លេចចេញពីស្នាដៃប៉ិនប្រសប់របស់ប្រជាសហគមន៍ដែលបានដាក់តាំងលក់ នៅមុខអន្លង់ផ្សោតនោះ លោក ប្រធានសហគមន៍ ទុយ សុវណ្ណា ក៏បានបញ្ជាក់ទៀតថា៖ «មិនមែនភ្ញៀវដែលមកទីនេះទាំងអស់ចង់ទស្សនាសត្វផ្សោតនោះទេ មានភ្ញៀវជាច្រើនគាត់មកទីនេះ ទិញតែរបស់របរ ដែលជាវត្ថុអនុស្សាវរីយ៍ ហើយគាត់ទៅវិញក៏មានដែរ ដែលពេលនោះខ្ញុំក៏ធ្លាប់បានសួរភ្ញៀវទាំងនោះដែរថា ម៉េចមកដល់ទីនេះហើយមិនចុះទៅមើលផ្សោត ពួកគេនិយាយថា គេធ្លាប់បានទៅមើលហើយ នៅតែរបស់របរទីនេះ ខ្ញុំមិនបានទិញច្រើន ហើយរបស់នៅទីនេះខ្ញុំត្រូវទិញយកទៅដាក់តាំងនៅផ្ទះដោយខានមិនបាន»។
អះអាងពីមោទនភាពនេះ លោក ទុយ សុវណ្ណា ក៏បានលើកឡើងបន្ថែមថា៖ «កាលពីជាង ១០ឆ្នាំ មុន ប្រជាសហគមន៍នៅតំបន់អន្លង់ផ្សោតនេះ ស្ទើរតែ ១០០ ភាគរយ បានប្រកបរបរនេសាទផលមច្ឆាក្នុងទន្លេ។ ពេលនោះដែរ ភ្ញៀវទេសចរក៏មិនសូវជាចាប់អារម្មណ៍តំបន់នេះប៉ុន្មានដែរ ព្រោះមកទីនេះ ក្រៅពីទស្សនាសត្វផ្សោត ភ្ញៀវមិនអាចទិញរបស់វត្ថុអនុស្សាវរីយ៍កំដរដៃយកទៅតាំងនៅផ្ទះបាន។ ប៉ុន្តែក្រោយពីឆ្នាំ ១៩៩៨ បន្ទាប់ពីសហគមន៍បានណែនាំឲ្យប្រជាជនឲ្យឈប់ធ្វើរបរនេសាទ និងមកធ្វើរបរចម្លាក់នេះ ពេលនេះភ្ញៀវហាក់មានកំណើនច្រើនបន្តិចម្តងៗ រហូតមានការកើនឡើងរហូត»។
ជាមួយការងាកមកចាប់យករបរចម្លាក់ ជារបរស្នូលប្រចាំគ្រួសាររបស់ប្រជាសហគមន៍ នៅតំបន់អន្លង់ផ្សោតនេះ ក៏បានកែប្រែជីវភាពពួកគេពីផ្ទះស្បូវ មកជាផ្ទះក្បឿងមានពីរបីខ្នងក៏មានដែរ។ ទាក់ទិននឹងភាពរីកចម្រើននៃជីវភាពនេះ លោកប្រធានសហគមន៍ បានឲ្យដឹងថា៖ «នៅ ១០ឆ្នាំ ចុងក្រោយ នេះខណៈដែលប្រជាជននៅទីនេះ ងាកមកធ្វើរបរចម្លាក់គ្រប់ប្រភេទ ឃើញថាជីវភាពរបស់ពួកគាត់មានការផ្លាស់ប្តូរលឿន រហូតអ្នកខ្លះមិនត្រឹមតែអាចសង់ដល់ផ្ទះក្បឿងពីរបីខ្នងទេ តែខ្លះមានទាំងឡានផងដែរ»។
ប៉ុន្តែលោកក៏បានបញ្ជាក់ទៀតថា៖ «សម្រាប់របស់របរចម្លាក់ដែលចេញពីស្នាដៃប្រជាសហគមន៍នៅទីនេះ ក៏មិនអាចរំពឹងតែទីផ្សារនៅនឹងកន្លែងនេះតែមួយដែរ។ រាល់ការច្នៃប្រឌិតត្រូវនាំចេញទៅទីផ្សារ ភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗដែរ ដូចជា សៀមរាប តាកែវ កោះកុង ទៅតាមម៉ូយៗរបស់គេដែលធ្លាប់យកទៅលក់»៕
