ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
កសិករនៅខេត្តតាកែវ ប្រមូលទិន្នផលស្រូវ (រូបថត ហ៊ីម ខទៀត)
តំណាងប្រមាណជាង ១៨០ នាក់ (៣០% ជាស្ត្រី) មកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលតាមវិស័យ និងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវ នៅថ្ងៃសុក្រនេះ បានជួបជុំគ្នាក្នុងសិក្ខាសាលាថ្នាក់ជាតិរយៈពេលមួយថ្ងៃនៅ សណ្ឋាគារ អ៊ីមភៀរៀល។
សេចក្តីប្រកាសព័តរបស់អង្គការNGO forum ឲ្យដឹងថា ប្រធានបទដែលលើកយកមកពិភាក្សានៅថ្ងៃនេះគឺ “ការអភិរក្សពូជដំណាំស្រូវ និងការប្រើប្រាស់ប្រកប ដោយនិរន្តរភាពក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដើម្បីធានាសន្តិសុខស្បៀងនៅប្រទេសកម្ពុជា”។
សិក្ខាសាលានេះ ត្រូវលើកយកការសិក្សាស្រាវជ្រាវមួយដោយផ្តោតសំខាន់ទៅលើ “ការចូលរួមថែរក្សា អភិរក្ស ពូជដំណាំស្រូវ ផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ“ រៀបចំផ្តួចផ្តើមឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា សហការជាមួយនឹងអង្គការសមាជិកដែលមានទីតាំងនៅតាមបណ្តាខេត្តក្រោមកិច្ចសហការជាមួយអង្គការ ការផ្តួចផ្តើមគំនិតក្នុងតំបន់អាស៊ីអាគ្នេយ៏សម្រាប់ការពង្រឹងអំណាចសហគមន៏ហៅកាត់ថា(SEARICE)។
ការសិក្សាស្រាវនេះត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន៤ដែលជាតំបន់ងាយ រងគ្រោះដោយសារការប្រែប្រួលអាកាសធាតុរួមមាន ខេត្តតាកែវ ព្រៃវែង កំពង់ធំ និងខេត្តបាត់ដំបង។ តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ចំនុចខ្លាំង បញ្ហាប្រឈម និងសំណូមពរនានាទាក់ទងនឹងប្រធានបទខាងលើរួមមានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ធនធានសេនេទិចនៅក្នុងតំបន់ ដោយផ្តោតទៅលើដំណាំស្រូវ ត្រូវបានរកឃើញ នឹងរួមបញ្ចូលទៅក្នុងកិច្ចសិក្សាស្រាវជ្រាវ។
លោក តឹក វណ្ណារ៉ា នាយកប្រតិ្តបត្តិរង នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានមានប្រសាសន៍ថា“ការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកថាជាបញ្ហាយ៉ាងក្តៅគគុក និងដែលកំពុងតែបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសកសិករក្រីក្រនៅតំបន់ជនបទ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឆ្នាំ២០១១ បានបង្ហាញថាផ្ទៃដីដាំដុះស្រូវចំនួន៤០៩,៩៩០ហិកតាត្រូវជន់លិចហើយបណ្តាលអោយខូចខាតអស់ ២២៧,២៦៧ហិកតា និង បង្កអោយប៉ះពាល់ដល់ផលិតកម្មស្រូវ និងសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរផងដែរជាពិសេសសម្រាប់ប្រជាជនក្រីក្រនៅជនបទ៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com