មន្ត្រីជាន់ខ្ពស់​ UN អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​មូលនិធិ​បន្ថែម​ដល់​សាលាក្តី​ខ្មែរក្រហម​​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

m-eccc-2013-10-30-2013-11-08

​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ (UN) លោក Jan Eliasson កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ផ្តល់​មូលនិធិ​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(ECCC) ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​បន្ត​ការងា​ររ​បស់​ខ្លួន​នៅ​ឆ្នាំ​២០១៤ ក្នុងការ​ស្វែងរក​យុត្តិ​ធម៌​ជូន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ UN ឲ្យដឹងថា សេចក្តីអំពាវនាវ​របស់លោក ​Jan Eliasson ធ្វើ​ទ្បើង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ស្តី​ពី​សា​លា​ក្តី​ខ្មែរក្រហម​ដែល​ទទួល​ការគាំទ្រ​ពី ​UN​។​

​សេចក្តីប្រកាស​ព័ត៌មាន បន្តថា លោក Jan Eliasson ​ក៏​ស្វាគមន៍​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​បាន​បញ្ចេញ​សាច់ប្រាក់​ ១​លាន​៨​សែន​ដុល្លារ​អាមេរិក ដែល​ជា​មូលនិធិ​សង្គ្រោះ​បន្ទាន់​ដល់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​។ ប៉ុន្តែ លោក​បន្តថា មូលនិធិ​បន្ថែម​សម្រាប់​ឆ្នាំ​ក្រោយ​គួរតែ​ត្រូវ​មាន​។​

​កន្លងមក បុគ្គលិក​ភាគី​ជាតិ​នៃ​សាលាក្តី​បាន​ធ្វើ​កូដកម្ម ពីព្រោះ​ការបើក​ប្រាប់​បៀវត្សរ៍​របស់​ពួកគេ​មាន​ភាពយឺតយ៉ាវ ដោយសារ​កង្វះ​ថវិកា​។​

​លោក Jan Eliasson ដែល​ព្រួយបារម្ភ​ផងដែរ​ពី​កង្វះ​មូលនិធិ​ខាង​ភាគី​អន្តរជាតិ​នៃ ​ECCC អំពាវនាវ​ឲ្យ​រដ្ឋ​ជា​សមាជិក​អង្គកា​រ​សហប្រជាជាតិ​ទាំងអស់​បន្ត​ការសន្យា និង​កិច្ចសហការ​របស់ខ្លួន​ជាមួយ​សាលាក្តី​នេះ ​ដែល​កំពុង​ដំណើរការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។​

​សេចក្តីអំពាវនាវ​របស់​មន្ត្រី​ជាន់ខ្ពស់​ UN ​ធ្វើ​ទ្បើង​មួយ​សប្តាហ៍​ក្រោយ​ពី​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បញ្ចប់សេចក្តី​សន្និដ្ឋាន​សួរដេញដោល​លើ​សំណុំរឿង​០០២/០១​។ សាលាក្តី​នេះ​រំពឹង​ចេញ​សាលក្រម​លើ​សំណុំរឿង​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ដែល​មាន​ជនជាប់ចោទ អតីត​ប្រធាន​រដ្ឋសភា លោក នួន ជា​ និង​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន​៕

សូមសរសេរមកកាន់ លោក ​សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com


What Next?

Recent Articles