រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ម្ចាស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​បំណុល​​

ដោយ៖​ តាំង វីដា និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃ​សុក្រ​នេះ អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​ដល់​កូន​បំណុល​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ នៅ​ឆ្នាំ​២០១៣​នេះ​។​

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើទោះបីជា​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ បាន​ទទួល​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជា​បន្ត​បន្ទាប់ក្តី តែ​ប្រជាពលរដ្ឋ​មួយចំនួនទៀត គឺ​រង​ការខូចខាត​ទាំងស្រុង​តែ​ម្តង ដែល​ទាមទារ​ការយកចិត្តទុកដាក់ និង​ជួយ​ទំនុក​បម្រុង​​ស្ទើរ​មួយ​ឆ្នាំ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​លទ្ធផល បង្កបង្កើន​ផល​នៅ​ឆ្នាំក្រោយ​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​​ដល់​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ យោគយល់​ដល់​កូន​បំណុល ដោយ​មិន​បង្ខំ​ពួក​គាត់​លក់ ឬ​រឹបអូស​ផ្ទះសម្បែង ដីធ្លី ដែល​ជា​ទ្រព្យ​បញ្ចាំ​ធានា​​ឥណទាន​ ពិនិត្យ​លទ្ធភាព​ពន្យា​​ពេល​សង​ឥណទាន​ដោយ​មិន​ផាក​ពិន័យ ឬ​យក​ការប្រាក់​ទាប និង​ពិចារណា​ផ្ដល់​ឥណទាន​បន្ថែម ជាមួយ​ការប្រាក់​ទាប ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ​៖ “​បើ​ចង់​ឲ្យ​គាត់​មាន​​លទ្ធភាព សង​យើង​មកវិញ វិធី​មួយ​ក្នុងចំណោម​វិធី​ដែល​ជួយ​ដោះស្រាយ​ឲ្យ​គាត់ គឺ​ពិនិត្យ​លទ្ធភាព​ទៅតាម​លក្ខណៈ​គ្រួសារ នី​មួយៗ​ដែល​ផ្ដល់​ឥ​ទាន​បន្ថែម​ឲ្យ​ពួក ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​យក​ឥ​ទាន​នោះ ឥ​ទាន​ដែល​ផ្ដល់​ថ្មី ហើយ​មាន​អត្រា​ការប្រាក់​ទាប​ដើម្បី​ឲ្យ​គាត់​អាច​យក​ទៅ​ស្ដា​នៅ​អាជីវកម្ម​របស់​ពួក​គាត់​ឡើង​វិញ ” ។​

​លោក​បញ្ជាក់ថា ការអំពាវនាវ​ធ្វើឡើង​ចំពោះ​ប្រជាពលរដ្ឋ​​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ប្រកប​របរ​សុច្ចរិត​តែប៉ុណ្ណោះ ជៀសវាង​ចំពោះ​អ្នក​ដែល​ខ្ចី​ប្រាក់ ទៅ​ចាញ់ល្បែង ហើយ​ក្លែងខ្លួន​ជា​ជនរងគ្រោះ​។​

​វិធានការ​របស់​រដ្ឋាភិបាល​នេះ ​ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដូចគ្នា​ដែរ​។​

​បេក្ខភាព​ជាប់ឆ្នោត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខ​ហួរ ចាត់ទុកថា ​នេះ​ជា​ជំហរ​ដូចគ្នា ក្នុង​ការជួយ​ប្រជាពលរដ្ឋ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​​កម្ពុជា​។ តែ​លោក​ស្រី​ថា ដើម្បី​ដោះស្រាយ​​គ្រោះទឹកជំនន់​នៅ​ឆ្នាំ​ខាង​មុខៗ​ទៀត គឺ​រដ្ឋាភិបាល គប្បី​មាន​ឆន្ទៈ​​បំបាត់​ ឫសគល់​នៃ​បញ្ហា​ដែល​កើតចេញ​ពី​ការកាប់បំផ្លាញ​​ព្រៃឈើ​ខុសច្បាប់ និង​អំពើពុករលួយ​នៃ​ការ​មិន​បង្ហាញ​តម្លាភាព ថវិកាជាតិ សម្រាប់​ជួយ​ដល់​​ជនរងគ្រោះ​​ប្រចាំឆ្នាំ​ ​៖ “​គណបក្ស​សង្គ្រោះ​ជាតិ​ដឹង​ច្បាស់​​ណាស់​ថា ថវិកា​ជាតិ​មាន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​​រងគ្រោះ ដោយសារ​ទឹកជំនន់ ឫ​ការរាំងស្ងួត ពីព្រោះ​ថវិកាជាតិ​នេះ ជា​​ថវិកា​ដែល​ត្រូវតែ​ទុក​សម្រាប់​បញ្ហា​របស់​​ជាតិ ដូច្នេះហើយ​បានជា​យើង​និយាយ​អំពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ ពេលណា​ពុករលួយ​ហើយ គឺ​ថវិកាជាតិ​បាត់​ហើយ”។​

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ គណបក្ស​​សង្គ្រោះ​​ជាតិ ក៏​បាន​អំពាវនាវ​ដល់​​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា សុំ​ផ្អាក​ការ​ទារបំណុល​​ពី​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់ និង​បញ្ចុះតម្លៃ​ការ​ប្រាក់​​១%​ក្នុង​១​ឆ្នាំ និង​បញ្ឈប់​ការ​រឹបអូស​ទ្រព្យសម្បត្តិ ពី​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ នៅ​​ឆ្នាំ​​២០១៣​​នេះ​។​

​អ្នកវិភាគ​សេដ្ឋកិច្ច លោក ចាន់ សុផល យល់ថា ការ​អំពាវនាវ​​ទាំង​នេះ គឺជា​រឿង​ល្អ​មួយ ដែល​អាច​រួម​ចំណែក​ជួយ​ដល់​ជនរងគ្រោះ រួចផុត​ពី​ការ​ចាប់​បង្ខំ​​សង​បំណុល​។ លោក​ថា ការធ្វើ​បែប​នេះ គឺ​អាច​ធ្វើឲ្យ​ម្ចាស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា រង​នូវ​ហានិភ័យ​ច្រើន ឬ​តិចតួច អាស្រ័យ​លើ​កម្រិត និង​ទំហំ​នៃ​សេវាកម្ម​របស់​គ្រឹះស្ថាន​នីមួយៗ​ ៖ “​ការប្រកបមុខរបរ​របស់​ពួកគេ ជួប​បញ្ហា​ខ្លាំង​របៀប​ណា​យើង​ពិបាក​និយាយ អាស្រ័យ​ទៅ​លើ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នីមួយ បើសិន​ជា​​មាន​ភាគរយ​ខ្ពស់​ដែល​ប្រាក់កម្ចី​​នោះ​​ត្រូវ​​បាន​​ខូច​ខាត ដោយសារ​ទឹកជំនន់ គឺ​អាច​ប៉ះពាល់​ធ្ងន់​ជាង ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​របៀប​នោះ​”។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឲ្យដឹងថា យ៉ាងតិច​មនុស្ស​១៦៨​នាក់​​ស្លាប់​​ដោយសារ​ទឹកជំនន់ ខណៈ​ប្រជាជន​ជិត​២​លាន​នាក់ (១.៨៨០.០០០​នាក់​)​ រង​ផលប៉ះពាល់ លិច​ផ្ទៃដី​កសិកម្ម​ចំនួន ៣​សែន​៥​ម៉ឺន​ហិកតា ខូច​ស្រូវ​អស់​១​សែន​ហិកតា និង​ធ្វើ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ គិត​ជា​ទឹក​ប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​៕ 

សូមសរសរមកកាន់ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles