របរ​ចាក់​អំបោះ​ជីវិត​ថ្មី​របស់​អ្នក​ត្រពាំង​អញ្ចាញ

Friday, 08 November 2013
Bennett Murray
ភ្នំពេញ ប៉ុស្តិ៍

131108_22a

គ្រួសារ​របស់​អ្នកស្រី ម៉ុម រីន បង្ហាញ​ពី​ស្នាដៃ​ចាក់​អំបោះ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​របស់​ខ្លួន ពេល​ផ្ដល់សម្ភាសន៍។ រូបថត NICK STREET

ភ្នំពេញៈ ស្ថិត​ក្នុង​វ័យ​៤២​ឆ្នាំ​ អ្នកស្រី​ម៉ុម​ រីន​ រស់នៅ​ក្នុង​តំបន់​ជាយក្រុង​មួយ​គឺ​ភូមិ​ត្រពាំង​អញ្ចាញ ​ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ បាន​អង្គុយ​ចាក់​វត្ថ​អនុស្សាវរីយ៍​ធ្វើ​ពី​អំបោះ​យ៉ាង​ផ្ចិតផ្ចង់។ រូប​សត្វ​ដែល​អ្នកស្រី​បាន​ចាក់​នោះ​មាន​រូបរាង​ជា​សត្វ​កណ្តុរ​ពណ៌​ក្រហម។ ចំពោះ​ការងារ​សិប្បកម្ម​ប្រភេទ​នេះ​គេ​ឃើញ​មាន​ប្រជាជន​ប្រមាណ​៦០​ គ្រួសារ​ឯណោះ​ក្នុង​ភូមិ​ខាង​លើ​បាន​ចាប់​យក​ជំនាញ​នេះ​ធ្វើ​ជា​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​តាំងពី​ឆ្នាំ​២០១២​មក។

បច្ចុប្បន្ន​ អ្នកស្រី ​ម៉ុម ​រីន ​និង​មិត្តភក្តិ​ក្នុង​ភូមិ​ចំនួន​២៤​រូប​ទៀត​ដែល​ទើប​តែ​បាន​រៀន​ចប់​វគ្គ ​បណ្តុះបណ្តាល​ជំនាញ​ចាក់​រូប ​ឬ​វត្ថុ​អនុស្សាវរីយ៍​ពី​អំបោះ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Cambodia Knits ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន បាន​ឲ្យ​ដឹង​ទាំង​សង្ឃឹម​ថា ​របស់​ទាំងនេះ​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ខ្មែរ​បាន​តាមរយៈ​អង្គការ​Cambodia Knits បាន​។ ចំពោះ​តម្លៃ​របស់​វត្ថុ​នោះ​មាន​ចាប់​ពី​មួយ​១៥០០​រៀល​ដល់​៧០០០​រៀល​គឺ​វា​អាស្រ័យ​ទៅ​តាម​ទំហំ​របស់​វា។

អ្នកស្រី​ រីន ​ថា៖ «ខ្ញុំ​ត្រូវ​តែ​ធ្វើឲ្យ​បាន​រហ័ស​បំផុត​ជាមួយ​នឹង​ការងារ​ចាក់​រូប​ សត្វ​ពី​អំបោះ​នេះ។ ប្រសិន​បើ​មិន​បាន​ចាក់​វា​ទេ​ នាង​ខ្ញុំ​មិន​មាន​លុយកាក់​ចាយ​ឡើយ»។

អ្នកស្រី ​ម៉ូនីកា ​ណូវ៉ាហ្ស៊ីក​ ស្ថានិក អង្គការ ​Cambodia Knits ​បាន​និយាយ​ថា ​គាត់​នឹង​បន្ថែម​ការងារ​សិប្បកម្ម​ចាក់​វត្ថុអនុស្សាវរីយ៍​ពី​អំបោះ​នេះ​ដល់​ប្រជាជន​នៅ​សហគមន៍​ភូមិ​ត្រពាំង​អញ្ចាញ​ដែល​អតីត​ជា​អ្នកភូមិ​នៅ​ស្ថានីយរថភ្លើង​នោះ​ឲ្យ​បាន​ច្រើន​ជាង​មុន។ កាលពី​មុន​ អង្គការ​ Cambodia Knits ​បាន​បង្ហាត់​បង្រៀន​ជំនាញ​ចាក់​អំបោះ​នេះ​នៅ​ភូមិ​ទួល​សម្បូរ ​ខណៈ​ពួកគេ​ជា​អ្នក​ភូមិ​រើ​ពី​បុរី​កីឡា​តាំងពី​ឆ្នាំ​២០០៩​មក​នោះ​។

អ្នកស្រី​ស្ថានិក​អង្គការ​បន្ត​ថា​៖ «យើង​បាន​បង្រៀន​ពួក​គាត់​ឲ្យ​ចេះ​ចាក់​អំបោះ​នេះ​យ៉ាង​ស្ទាត់​ជំនាញ​ប្រកប​ដោយ​គុណភាព​ដែល​អាច​លក់​នៅលើ​ទីផ្សារ ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ដើម្បី​បន្ថែម​ប្រាក់​ចំណូល។ វា​ជា​ផលិតផល​ដែល​ស្តាប់​មើល​ទៅ​ដូចជា​មាន​ប្រជាប្រិយភាព​ណាស់»។

ចំពោះ​ការ​បណ្តុះបណ្តាល​វគ្គ​ជំនាញ​ចាក់​អំបោះ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​និង​អង្គការ​អូសេដ​(AusAID)​ខណៈ​អង្គការ ​Cambodia Knits ​ជា​អ្នក​ផ្តល់​ជូន​នូវ​សម្ភារ​អំបោះ។ តាមរយៈ​ជំនាញ​នេះ​ដែរ ក្រុម​សហគមន៍​ភូមិ​ត្រពាំង​អញ្ចាញ​ក៏​ទទួល​បាន​ប្រាក់​ពី​យុទ្ធនាការ ​Kickstarter ​ដើម្បី​បង្កើត​គម្រោង​ផលិត​វត្ថុអនុស្សាវរីយ៍​ពី​អំបោះ​ចាក់​នេះ​ផង​ដែរ។ អ្នកស្រី​ស្ថានិក​អង្គការ​បាន​និយាយ​ថា ​យើង​មាន​ការ​បញ្ជា​ទិញ​មុន​ពី​ក្រុម​អ្នក​លក់​រាយ​នៅ​ប្រទេស​អូស្រ្តាលី​ និង​បណ្តា​ដៃគូ​អន្តរជាតិ​ដទៃ​ទៀត​មាន​ប្រទេស​ កាណាដា ហូឡង់ ជប៉ុន ​និង​អង់គ្លេស។

អង្គការ ​Cambodia Knits ​ពេល​នេះ​កំពុង​តែ​ស្វះស្វែង​រក​កញ្ចប់​ថវិកា​សម្រាប់​បង្កើត​គម្រោង​សហគមន៍​ភូមិ​ត្រពាំង​អញ្ចាញ​ឲ្យ​មមាញឹក​តែ​ម្តង ខណៈ​អង្គការ​ក៏​ធ្លាប់​ព្យាយាម​ជួយ​បង្កើត​នូវ​គម្រោង​នេះ​ដែរ​ពី​មុន​ ដើម្បី​ជួយ​ប្រជាជន​ដោយ​មាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​ និង​អង្គការ​អូសេដ​(AusAID)​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ដូច​ជា​កម្មវិធី​ដាំដុះ​ផ្សិត កម្មវិធី​ណែនាំ​នូវ​បច្ចេកទេស​ចិញ្ចឹម​សត្វ​ និង​ការ​បណ្តុះបណ្តាល​យន្តការី​ជាដើម។

លោក​ អៀង ​វុទ្ធី ​ស្ថាបនិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​សមភាព​ខ្មែរ (NGO Equity Cambodia) ​បាន​និយាយ​ថា ​សេដ្ឋកិច្ច​របស់​ប្រជាជន​ទាំងអស់​នោះ​គឺ​អាស្រ័យ​លើ​សេដ្ឋកិច្ច​ក្រុង​ដែរ។

លោក​ អៀង ​វុទ្ធី​បន្ត​ថា៖ «ទី​នោះ​គ្មាន​ទីផ្សារ ហើយ​គ្មាន​កញ្ចប់​ថវិកា​សម្រាប់​ឲ្យ​ពួកគាត់​ចាក់​សាំង​ទេ ​ព្រោះ​តម្លៃ​សាំង​ថ្លៃ​ណាស់ ដូច្នេះ​ពួកគាត់​នឹង​មិន​ទទួល​បាន​ប្រាក់ ​ចំណេញ​ឡើយ។ ចំណែក​កន្លែង​ចិញ្ចឹម​សត្វ​វិញ​ក៏​ពិបាក​ដែរ​ដោយសារ​គ្មាន​ទំហំ​ដី​គ្រប់គ្រាន់​សម្រាប់​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​សត្វ ​ឬ​បណ្តុះ​ផ្សិត​នោះ​ឡើយ»។

កញ្ញា​ មឿន​ ភា ​ជា​សិស្ស​វ័យ​២២​ឆ្នាំ​ដែល​មាន​ជំនាញ​ចាក់​អំបោះ​នៅ​ភូមិ​ត្រពាំង​អញ្ជាញ​ នោះ​ដែរ​បាន​និយាយ​ថា​ការ​រៀន​ជំនាញ​ចាក់​អំបោះ​នេះ​មាន​លក្ខណៈ​លំបាក​ តែ​ខណៈ​នាង​បាន​រៀន​ចំនួន​ពីរ​ថ្ងៃ​មក​នោះ​ នាង​ថា​ ខ្លួន​នាង​អាច​ចេះ​ចាក់​រូប​សត្វ​ជ្រូក​បាន​ចំនួន​១៥​ខណៈ​ដែល​រូប​មួយ​មាន​ តម្លៃ​ប្រមាណ​២០០០​រៀល។

ក្មេងស្រី​រូប​នេះ​ បាន​បន្ត​ថា៖ «វា​មាន​លក្ខណៈ​ពិបាក​បន្តិច​នា​ពេល​ដំបូង​តែ​ឥឡូវ​ខ្ញុំ​បាន​ រៀន​វា​ចេះ​ហើយ។ យើង​គ្រាន់​តែ​ធ្វើ​តាម​មេរៀន​ដែល​គេ​បង្ហាត់​ទៅ​ចេះ​ហើយ»៕PR



What Next?

Recent Articles