ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ ជំរុញចេញច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលទទូចចង់បានច្បាប់នេះជាច្រើនឆ្នាំមកនោះ។
សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានដឹកនាំ និងបើកវេទិកាពិគ្រោះយោបល់ ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំតាក់តែងឲ្យបានសម្រេចនូវសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន។
ក្រុមការងារនៃសិទ្ធិទទួលបានព័ត៌មាន បានជំរុញឲ្យរាជរដ្ឋាភិបាល អនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ព្រោះច្បាប់នេះ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវសិទ្ធិទទួលបានព័ត៌មាន ហើយជាជំហាន ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការងារតម្លាភាព។ អ្នកចូលរួម វេទិកាពិភាក្សាមួយស្តីពីសិទ្ធិទទួលបានព័ត៌មាននៅក្នុងការផ្តល់សម្បទានព្រៃឈើ និងដីនៅខែមីនា ឆ្នាំ២0១២ ដែលត្រូវបានធ្វើការស្ទង់មតិ មាន ៩៨% បានឆ្លើយថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានពិតជាសំខាន់សម្រាប់ការអនុវត្តការងាររបស់ពួកគេ។
ការស្ទង់មតិស្រដៀង គ្នានៅក្នុងសិក្ខាសាលាមួយទាក់ទងនឹងសិទ្ធិលំនៅស្ថាន នៅខែមេសា ឆ្នាំ២០១២ មានចំនួន៩៦% នៃអ្នកចូលរួម បានយល់ថាច្បាប់នេះថាមានសារៈសំខាន់ខ្លាំងណាស់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានផ្តល់នូវការគាំទ្រដ៏រឹងមាំ ចំពោះការផ្តួចផ្តើមសិទ្ធិទទួលបានព័ត៌មាននេះ ៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com