សាកសពអ្នកភូមិពីរនាក់ នៅភូមិក្រពើសែសិប ខេត្តបាត់ដំបង ដែលស្លាប់ដោយសារខ្យល់ព្យុះកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា នោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។ ចំណែកឯអ្នករបួស ៩នាក់ ក្នុងនោះមានម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ដោយ សួន សុផលមុន្នី
2013-11-08
RFA
មន្ត្រីមូលដ្ឋាន ឲ្យដឹងថា មេឃភ្លៀង និងខ្យល់ព្យុះកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងអ្នកភូមិ ៩នាក់ផ្សេងទៀតរងរបួស។ ចំណែកលំនៅឋានអ្នកភូមិចំនួន ៥ខ្នង ស្ថិតនៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ត្រូវខ្យល់បក់បណ្ដាលឲ្យដួលរលំ។
មេឃុំបឹងប្រាំ លោក ឈា នី ថ្លែងនៅថ្ងៃទី៨ ខែវិច្ឆិកា ថា អ្នកភូមិពីរនាក់បានស្លាប់នៅនឹងកន្លែង ដោយសារបាក់ផ្ទះសង្កត់លើនោះ មានឈ្មោះ ឈូត គឹមលន់ ភេទស្រី អាយុ ២៨ឆ្នាំ ជាមន្ត្រីជំរឿនអត្តសញ្ញាណគ្រួសារជនក្រីក្រ រស់នៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ អ៊ិន ហ៊ីម ភេទស្រី អាយុ ៤២ឆ្នាំ ជាមន្ត្រីជំរឿនអត្តសញ្ញាណគ្រួសារជនក្រីក្រ និងជាគ្រូបង្រៀនជាប់កិច្ចសន្យា។ ក្រៅពីនេះ នៅមានអ្នកភូមិរងរបួសចំនួន ៩នាក់ផ្សេងទៀត៖ «របួសទាំងអស់ ៩នាក់ របួសធ្ងន់ម្នាក់ ខ្ញុំបានទទួលព័ត៌មានពីមន្ទីរពេទ្យខេត្តថតមើលថា ក្បាលអត់ប៉ះពាល់ទេ ប៉ុន្តែបែកឆ្អឹងប្រអប់កជើងខាងឆ្វេង។ អ្នករបួសធ្ងន់ទៅព្យាបាលនៅពេទ្យខេត្តម្នាក់ ចំណែកអ្នករបួសស្រាលថ្ងៃនេះឲ្យមកមណ្ឌលសុខភាព»។
គ្រោះថ្នាក់នេះ ក្រៅពីបណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ក៏បានបំផ្លាញលំនៅឋានអ្នកភូមិអស់ចំនួន ៥ខ្នង ក្នុងនោះខូចខាតទាំងស្រុងពីរខ្នង និងលំនៅឋានបីខ្នងទៀត ខ្យល់បក់របើកដំបូល៖ «ប៉ុន្តែនៅចំណុចបឹងពីរទៀតមិនថាយ៉ាងម៉េចដែរ មានដើមឈើសង្កត់ផ្ទះខ្លះ ប៉ុន្តែខ្ញុំមិនទាន់បានតួលេខហ្នឹងមក។ អាកាសធាតុយើងមើលទៅទឹកកំពុងឡើងដែរ មេឃកំពុងភ្លៀងដែរ ខ្ញុំព្រួយបារម្ភស្រូវគាត់កំពុងដួល ហើយកំពុងចាប់ផ្ដើមច្រូតអ៊ីចឹងទៅ ស្រូវវាបានលិចមួយចំនួនដែរ មិនទាន់ដឹងថាយ៉ាងម៉េចទេ ព្រោះទឹកវាអត់ទាន់ស្រក»។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង មានប្រសាសន៍ថា នៅតាមបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបង ទទួលរងមេឃភ្លៀងដែរ ប៉ុន្តែរហូតមកដល់ថ្ងៃទី៨ ខែវិច្ឆិកា នេះ មិនមានរបាយការណ៍គ្រោះថ្នាក់ដួលរលំលំនៅឋាននោះទេ លើកលែងតែគ្រោះថ្នាក់នៅស្រុកបវេល។ នៅស្រុកបវេល ខេត្តបាត់ដំបង ស្នងការនគរបាលខេត្តបានបញ្ជូនក្រុមការងារចុះទៅជួយអ្នកភូមិតាំងពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា៖ «ភ្លៀងល្ងាចមិញ ៥ម៉ោងនៅកំរៀង អ៊ីចឹងវាអត់មានអីទេ គ្រាន់តែមានទឹកលិចតិចៗប៉ះពាល់ផ្ទះតិចតួចទេ តែបន្តិចទៅវាហូរទៅអស់ហើយ»។
លោកបន្តថា អ្នកភូមិដែលរងរបួសដោយសារលំនៅឋានបាក់សង្កត់នៅភូមិក្រពើ ត្រូវបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពបឹងប្រាំ និងម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកសាកសពស្ត្រីពីរនាក់ ម្នាក់ត្រូវបានសាច់ញាតិបញ្ជូនយកទៅធ្វើបុណ្យសពនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងសាកសពស្ត្រីម្នាក់ទៀត ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យសពនៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មនុស្ស២នាក់ស្លាប់និង៩នាក់របួសដោយសារខ្យល់ព្យុះនៅបាត់ដំបង
- សពអាកាសយានិកខ្មែរត្រូវបានបញ្ជូនមកដល់កម្ពុជា
- សម្ភាសលោក ញឹម វណ្ណដា អំពីស្ថានភាពទឹកជំនន់
- ពលរដ្ឋរងគ្រោះដោយទឹកជំនន់បារម្ភអំពីបញ្ហាប្រែប្រួលអាកាសធាតុ
- ទឹកហូរចេញពីអាងកំពីងពួយជន់លិចកំណាត់ផ្លូវជាតិលេខ៥
- ពលរដ្ឋជាង២៥០គ្រួសារនៅតំបន់អាងកំពីងពួយត្រូវជម្លៀសចេញពីលំនៅ
- ស្ថានភាពទឹកជំនន់នៅតាមខេត្តមួយចំនួន
- វត្តជិត១០០ក្នុងខេត្ត៣ត្រូវទឹកជន់លិច
- សាលារៀនប្រមាណ៣៣៦កន្លែងត្រូវបិទទ្វារដោយសារទឹកជន់លិច