Friday, 08 November 2013
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បេក្ខជនជាអ្នកសាព័ត៌មាន និងនិស្សិតចំនួនប្រាំរូបបានទទួលជ័យលាភីពីកម្មវិធីប្រកួតសរសេររឿងខ្លីស្តីពីការផ្លាស់ប្តូរដ៏សំខាន់នៃសកម្មភាពពុករលួយដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា ហើយពិធីប្រគល់រង្វាន់ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការអង្គការ ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសុក្រនេះ។
ជ័យលាភីលេខមួយមានកុំព្យូទ័រយួរដៃ Touchscreen មួយគ្រឿងគឺបានទៅលើលោកផាក់ ស៊ាងលី អ្នកសារព័ត៌មានកាសែតភ្នំពេញ ប៉ុស្តិ៍ និងបេក្ខជនបួននាក់ផ្សេងទៀតទទួលបានទូរស័ព្ទដៃម្នាក់មួយគ្រឿងដែលរួមមានលោក បាន សំអាង ជាអ្នកសារព័ត៌មាននៅគេហទំព័រថ្មី ថ្មី និស្សិត សៅ ផលនិស្ស័យ និស្សិតត្រែក សុខខន និងកញ្ញា ភាព សុផានីជានិស្សិតម្នាក់ផងដែរ។
លោក ស៊ុន ឡុង នាយកប្រតិបត្តិការរបស់អង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ក្នុងឱកាសនោះថា ប្រធានបទស្តីពីការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ឬមានសារៈសំខាន់បំផុតនោះគឺជាឧបករណ៍មួយ ដែលត្រូវបានគេប្រើច្រើននៅលើសកលលោក ដើម្បីវាស់វែងនូវគម្រោងរបស់ស្ថាប័នណាមួយក្នុងការបំពេញសកម្មភាពការងារ ដើម្បីឆ្លើយតបទៅនឹងអ្នកទទួលផល។
លោក ស៊ុន ឡុង បានបញ្ជាក់ថា៖«ដើម្បីធ្វើឲ្យគម្រោងយើងមានប្រសិទ្ធិភាព អង្គការតម្លាភាពបានបង្កើតកម្មវិធីប្រកួតប្រជែងរឿងខ្លីស្តីពីការផ្លាស់ប្តូរនៃជីវិត ដោយផ្តោតលើការប្រឆាំងអំពើពុករលួយជាសំខាន់»។ លោកបានបន្ថែមថា កម្មវិធីនេះជួយធ្វើឲ្យអង្គការដឹងថានឹងត្រូវធ្វើការកែលម្អគម្រោងយ៉ាងណាទៀត ដើម្បីជួយទៅដល់សហគមន៏ដែលជាអ្នកទទួលផល។ លើសពីនោះការប្រកួតប្រជែងនេះវាក៏ជាមេរៀនដ៏សំខាន់មួយផងដែរសម្រាប់អង្គការតម្លាភាពកម្ពុជា។
ទាក់ទងទៅនឹងការចូលរួមប្រកួត និងការជ្រើសរើសវិញ លោកស៊ុន ឡុងបានថ្លែងថា បេក្ខជនចូលរួមទាំងអស់មាន ៤៣ នាក់ ដែលពួកគាត់សុទ្ធតែធ្លាប់ចូលរួមសកម្មភាពជាមួយនឹងអង្គការតម្លាភាពកម្ពុជា។ គណៈកម្មការរបស់អង្គការបានសំរិតសម្រាំងដោយសុក្រិតបំផុតតាមដំណាក់កាលនីមួយៗ គឺចាប់ ៤៣ បេក្ខជនទៅ២០ ទៅ ៥នាក់ និងចុងក្រោយសម្រាញ់យកតែម្នាក់ជាជ័យលាភីធំ។
លោក ស៊ុន ឡុង បានថ្លែងដូច្នេះថា៖« ការជ្រើសរើសនេះគឺផ្អែកលើការផ្លាស់ប្តូរទាក់ទិនទៅនឹងការចូលរួមប្រឆាំងអំពើពុករលួយ ដោយផ្លាស់ប្តូរចំពោះខ្លួនគាត់ផ្ទាល់ គ្រួសារ ឬអ្នកនៅជុំវិញ។ ពិសេសគឺគាត់ផ្លាស់ប្តូរយ៉ាងម៉េច នៅមុនពេលនិងក្រោយពេលដែល ចូលរួមសកម្មភាពជាមួយនឹងអង្គការតម្លាភាព»។
ម្ចាស់ជ័យលាភីធំគឺលោក ផាក់ ស៊ាងលី បានប្រាប់ថារឿងខ្លីដែលលោកបានសរសេរនៅក្នុងការប្រកួតនោះគឺបានឆ្លុះបញ្ជាំងពីតថភាពពិតនៃអំពើពុករលួយនៅក្នុងសង្គមកម្ពុជាទាំងមូល។ បន្ទាប់មកលោកបានបរិយាយពីសកម្មភាពរបស់លោកផ្ទាល់ដែលចូលរួមបង្កើតឲ្យមានអំពើពុករលួយ ដូចជាឲ្យលុយទៅអាជ្ញាធរមូលដ្ឋាន ពេលយកលិខិតស្នាមផ្សេងៗទៅស៊ីញ៉េ ឬបោះត្រា និងការឲ្យលុយគ្រូពេលប្រលងជាដើម។
លោកបាននិយាយថា៖«តែបន្ទាប់ពីបានចូលរួមជាមួយនឹងអង្គការតម្លាភាពមក ខ្ញុំឈប់ចូលរួមបង្កើតឲ្យមានអំពើពុករលួយទៀតហើយ។ បើយើងចង់កាត់បន្ថយឬលុបបំបាត់ពុករលួយគឺត្រូវចាប់ផ្តើមពីខ្លួនយើងទៅ»។ លោកបានបន្ថែមថា ក្នុងករណីដែលមានអាជ្ញាធរ ឬសមត្ថកិច្ចណាម្នាក់ទារលុយក្រៅផ្លូវការ គឺពេលនេះលោកអាចរាយការណ៏តាមទូរស័ព្ទទៅអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការតម្លាភាព។
លោកបានថ្លែងដូច្នេះថា៖«ដើម្បីកំចាត់អំពើពុករលួយគឺយើងត្រូវការរបស់ពីរឲ្យដើរស្របគ្នាដូចជាគោពីរអូសរទេះមួយគឺអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងនិងចូលរួមរឿងពុករលួយ និងការអនុវត្តន៏ច្បាប់មិនលំអៀង»។
អង្គការតម្លាភាពគ្រោងនឹងរៀបចំកម្មវិធីប្រកួតប្រជែងសរសេររឿងខ្លីនេះនៅឆ្នាំក្រោយៗទៀត ហើយអ្នកឈ្នះជ័យលាភីនៅពេលក្រោយអាចមានឱកាសធ្វើដំណើរទៅក្រៅប្រទេសទៀតផង។
